តួកគី ចាប់ជនជាតិអាល្លឺម៉ង់៥នាក់ សង្ស័យថាជា«បណ្តាញក្រុមភេរវជន»
ពីថ្ងៃសៅរ៍ ទី៥តុលា សារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលតួកគី បានផ្សាយថា នគរបាលតួកគីបានចាប់ឃាត់ខ្លួនជនជាតិអាល្លឺម៉ង់ចំនួន៥នាក់។ ដោយគ្មានបានពន្យល់ហេតុផលអ្វីច្រើននោះទេ តែប៉ូលីសតួកគីសង្ស័យជនបរទេសទាំង៥នាក់នោះ គឺទំនងជាមានជាប់ពាក់ព័ន្ធនឹងគណបក្សពលករគួកឌីស្ថាន ដែលរដ្ឋាភិបាលគួកគី ចាប់ទុកដូចជាក្រុមភេរវជន ដូច្នោះដែរ។
ចុះផ្សាយនៅថ្ងៃ៖
ការចាប់ខ្លួននេះ ធ្វើឡើងនៅក្នុងដំណើរការឆែកឆេរដឹកនាំដោយអយ្យការទីក្រុងអង់ការ៉ា។បើតាមទីភ្នាក់ងារព័ត៌មានដែលគាំទ្ររដ្ឋអំណាច គឺនគរបាលតួកគី ពិតជាបានចាប់ឃុំខ្លួនជនជាតិអាល្លឺម៉ង់ទាំង៥នាក់នោះ ដាក់ក្នុងពន្ធនាគារពិតមែន នៅក្នុងសប្តាហ៍នេះ។ អាជ្ញាធរតួកគី មានក្តីសង្ស័យទៅលើពួកគេ និងបានចោទប្រកាន់ថាពួកគេទាំង៥នាក់នោះ បានឃោសនាផ្សព្វផ្សាយ បម្រើផលប្រយោជន៍ឱ្យអង្គការក្រៅច្បាប់។ អង្គការក្រៅច្បាប់នេះ គឺគេមិនបញ្ចេញឈ្មោះនោះទេ តែគ្រប់គ្នាបានដឹងហើយថា រដ្ឋអំណាចតួកគីចង់សំដៅដល់ គណបក្សពលករគួកឌីស្ថាន (PKK) ដែលក្រុមនេះ នាពេលកន្លងមក ត្រូវអាជ្ញាធរចាត់ទុក ថា ជាពួកឧទ្ទាមក្រៅច្បាប់ ឬក៏ហៅជាពួកភេរវជន តែម្តង។
គួររម្លឹកជូនថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី កាលពីខែមីនាកន្លងទៅ បានព្រមានជាស្រេចហើយថា នឹងចាប់ដាក់គុក ចំពោះជនណាក៏ដោយ សញ្ជាតិអ្វីក៏ដោយ ឱ្យតែហ៊ានទាក់ទងជាមួយក្រុមបក្សពលករគួកឌីស្ថាន និងចូលដៃជើងជាមួយក្រុមអង្គការក្រៅច្បាប់ ដែលរដ្ឋអំណាចហាមឃាត់ គឺនឹងត្រូវចាប់ឃាត់ខ្លួន បញ្ជូនដាក់ក្នុងពន្ធនាគារទាំងអស់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បញ្ជាក់ទៀតថា សមត្ថកិច្ចតួកគីនឹងរឹតបន្តឹងនិងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រឆាំងនឹងបណ្តាញភេរវជន ដែលមកពីអឺរ៉ុប និងប្រទេសផ្សេងៗទៀត ពិសេសមកពីអាល្លឺម៉ង់តែម្តង។
ក្រោយពេលដឹងដំណឹងភ្លាមៗពីការចាប់ពលរដ្ឋរបស់ខ្លួន, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានចាត់ចែងបញ្ជូនជំនួយការផ្នែកទូត ទៅកាន់ស្ថានកុងស៊ុលអាល្លឺងម៉ងប្រចាំក្រុងអង់ការ៉ា ដើម្បីជួយយកអាសារជនជាតិអាល្លឺម៉ង់ ដែលកំពុងជាប់ឃុំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ