អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

អាមេរិក​លប​ស្តាប់​ទូរស័ព្ទ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល

ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ បាន​លប​ស្តាប់​ខ្សែ​ទូរស័ព្ទ​របស់​លោក​ បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត ​Wall Street Journal ​ដែល​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៩​ ធ្នូ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាមេរិក​ មិន​បាន​បដិសេធ​ព័ត៌មាន​នេះ​ទេ ​ ដោយ​អះអាង​ថា ​វា​មាន​ហេតុផល​ជាច្រើន ​នៅ​ពីក្រោយ​ការ​លប​ស្តាប់​នេះ​ ​បើ​ទោះ​ណា​ជា​កន្លង​មក​លោក​ បារ៉ាក់ អូបាម៉ា ​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​ ការ​លប​ស្តាប់ ​ខ្សែ​ទូរស័ព្ទ​របស់​មេដឹកនាំ​ប្រទេស​ជា​មិត្ត​ក៏​ដោយ។

រវាងលោក  Benyamin Netanyahou និងលោក Barack Obama ដូច​ជាមិនសូវ​មាននិស័យ​នឹង​គ្នា​សោះ
រវាងលោក Benyamin Netanyahou និងលោក Barack Obama ដូច​ជាមិនសូវ​មាននិស័យ​នឹង​គ្នា​សោះ REUTERS/Kevin Lamarque/Files
ផ្សាយពាណិជ្ជកម្ម

ឆ្លើយនឹង​សំណួរ​សុំ​ការ​បំភ្លឺ​របស់​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​អ្នក​នាំ​ពាក្យ​សេតវិមាន ​បាន​បញ្ជាក់​ថា ​ការ​ចុះផ្សាយ​របស់​កាសែតWall Street Journal​ គឺ​វា​ជា​រឿង​ពិត​ គឺ​ថា​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ ពិត​ជា​បាន ​និង​កំពុង​បន្ត​លប​ស្តាប់​​ខ្សែ​ទូរស័ព្ទ​របស់​លោក​ណេតាន់យ៉ាហ៊ូ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ប្រកដ​មែន។ អ្នកនាំ​ពាក្យ​ដដែល​បញ្ជាក់​ថា ​ការ​លប​ស្តាប់​តាម​ខ្សែ​ទូរស័ព្ទ​នេះ ​គឺ​សហរដ្ឋ​អាមេរិក ​អាច​ធ្វើ​ទៅ​លើ​ជន​បរទេស​បាន ​ ដោយ​សំអាង​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ពិសេស ​ហើយ​ដែល​វា​ជាប់​ទាក់​ទង​នឹង​សន្តិសុខ​ជាតិ។ ក្នុង​ករណី​ដែល ​រដ្ឋាភិបាល​យល់​ថា​វា​ចាំបាច់​ សកម្មភាព​ស៊ើបការណ៍​នេះ ​ត្រូវ​ធ្វើ​ទៅ​លើ​ មិន​​ថា​ថ្នាក់​ដឹក​នាំ​ទេ ​សូម្បី​ប្រជាជន​សាមញ្ញ​ក៏​ធ្វើ​ដែរ។

 
យើង​នៅចាំ​ រឿង​អាស្រូវ​ដែល​បាន​ធ្លាយ​ចេញ​ កាល​ពី​២​ឆ្នាំ​មុន​ ស្តីពី​សកម្មភាព​ស៊ើបការណ៍​សំងាត់​ ដ៏​ទូលំ​ទូលាយ​របស់​ក្រុម​ស៊ើបការណ៍​អាមេរិក​ ដែល​បាន​ធ្វើ​ទៅ​លើ​មេដឹកនាំ​តាម​បណ្តា​ប្រទេស​នានា ​មិន​ថា​ប្រទេស​ជា​សត្រូវ ​រឺ​ជា​​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ។ រាប់​ទាំង​លោកស្រី​អង់ហ្គេឡា មែគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​លោក​ហ្រ្វង់ស័រ​ ហូឡង់  ​ប្រធានាធិបតី​បារាំង ​និង​លោក​នាយករដ្ឋមន្រី្ត​ជប៉ុន​ជាដើម។

ក្រោយ​រឿង​អាស្រូវ​នេះ ​លោក​អូបាម៉ា ​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​ ការ​លប​ស៊ើបការណ៍​សំងាត់​គ្នា​ឯង​បែប​នេះ។ កាត់​បន្ថយ ​តែ​មិនមែន​មាន​ន័យ​ថា​ឈប់​ធ្វើ​ទាំង​ស្រុង​នោះ​ទេ។ ​ជា​ការ​ពិត ​លោក​អូបាម៉ា ​មិន​បាន​បញ្ជា ​ឲ្យ​កាត់​ផ្តាច់ ​រឺ​បញ្ឈប់​ការ​លប​ស្តាប់​ទេ ​ តែ​លោក​បាន​បញ្ជា​ថា ​ការ​លប​ស្តាប់​មេដឹកនាំ​អន្តរជាតិ​ធំៗ​ គឺ​មិន​ត្រូវ​ធ្វើ​វា​ជា​លក្ខណៈ​ស្វ័យប្រវត្តិ​ទៀត​ទេ។ ប៉ុន្តែ​សម្រាប់​មេ​ដឹក​នាំ​មួយ​ចំនួន ​ដូច​ជា​ក្នុង​ករណី ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​និង​លោក​ប្រធានាធិបតី​តួកគី ​គឺវា​មាន​ហេតុផល​សន្តិសុខ ​ដែល​អាមេរិក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ ដូច្នេះ ​ការ​ស៊ើប​ការណ៍​ត្រូវតែ​បន្ត​ធ្វើ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត ​Wall Street Journal

រដ្ឋាភិបាល​អាមេរិក​ បាន​សារភាព​ថា ​ប្រព័ន្ធ​លប​ស្តាប់​ដែល​បាន​ភ្ជាប់​ឡើង ​ដើម្បី​ស៊ើបការណ៍​ នៅ​តាម​បរទេស ​គឺជា​ប្រព័ន្ធ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ​ហើយ​មាន​ការ​លំបាក​ណាស់ ​ទម្រាំ​អាច​ដាក់​ឲ្យ​វា​ដំណើរការ​បាន។ ដូច្នេះ​បើបិទ​ផ្តាច់​វា​ទាំង​ស្រុង ​គេ​មិន​ងាយ​បើក​វា​វិញ ​ដោយ​ស្រួលៗ​នោះ​ទេ។

ចំណែក​ខាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ ជុំវិញ​បញ្ហា​នេះ។ យ៉ាង​ណាក៏​ដោយ ​គេ​មិន​ជឿថា​ អ៊ីស្រាអែល​មិន​ដឹង​ថា ​អាមេរិក​លប​ស្តាប់​ទូរស័ព្ទ​របស់​នាយករដ្ឋមន្ត្រី​ខ្លួន​នោះ​ទេ។ ​កាសែត​ Wall Street Journal ​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ផងដែរ​ថា ​ភ្នាក់ងារ​ស៊ើប​ការណ៍​សំងាត់​អ៊ីស្រាអែល ​បាន​បង្កើត​ប្រព័ន្ធ​លប​ស្តាប់​ការ​ចរចា​ស្វែងរក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ។ អ៊ីស្រាអែល​បាន​បដិសេធ​ការ​ចុះផ្សាយ​នេះ ​ថា​ជា​រឿង​មិនពិត។ យ៉ាងណា​ក៏​ដោយ ​បើ​យើង​ក្រលេកមើល​ទៅ​លើ ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ​របស់​វិស័យ​ការពារ​ជាតិ​អ៊ីស្រាអែល​ គេ​ពិបាក​នឹង​ជឿ​ណាស់ ​ថា​អ៊ីស្រាអែល ​មិន​លប​ស្តាប់​ការណ៍​សំងាត់​ របស់​អាមេរិក​ ​រឺក៏​របស់​បរទេស​ផ្សេង ​វិញនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ