អានតួអត្ថបទ
​មូលនិធិរូបិយវត្ថុ​អន្តរជាតិ

​មូលនិធិរូបិយវត្ថុ​អន្តរជាតិFMI​ ប្រមាណ​ថាកំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅឆ្នាំ២០១១​នឹងមាន​អត្រា​ខ្ពស់ជាង​ការគ្រោងទុក​

នៅ​ថ្ងៃអង្គារ​ទី២៥​មករា​នេះ​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI បាន​ប្រកាស​ឲ្យ​ដឹង​ថា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅឆ្នាំ២០១១​អាច​មាន​អត្រា ​កើន​ឡើង​ខ្ពស់​ជាង​ការ​គ្រោងទុក។​ ទាំងនេះ​ក៏​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​នៅ​ឆ្នាំ២០១១​អាច​មាន​ អត្រា​កើនឡើង​ខ្លាំង។ 

ទីស្នាក់ការ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ.​
ទីស្នាក់ការ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ.​ © AFP/Tim Sloan
ផ្សាយពាណិជ្ជកម្ម

02:10

សេចក្តីរាយការណ៍របស់​ សៀក សារិន

បើ​យោងតាម​ការ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ​ទី២៥​មករា​នេះ​ ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ស្ដីពី​”​ ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​ពិភពលោក”​ បាន​ឲ្យ​ដឹងថា​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅឆ្នាំ២០១១​អាច​មាន​អត្រា​កើន​ឡើង​ដល់​ទៅ​៤,៤%​ទល់នឹង​៤,២%​ដែល​បាន​ប្រមាណ​ទុក​កាលពី​ខែតុលា​កន្លងទៅ។

 
អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ២០១១​ស្ទុះ​ឡើង​ខ្លាំង​ក៏​ដោយសារ​តែ​កំណើន​នៃ​សេដ្ឋកិច្ច​អាមេរិកាំង​នៅ​ឆ្នាំ២០១១​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​ពិភពលោក​អាច​មាន​អត្រា​កើនឡើង​ដល់​៣%​ទល់នឹង​២,៣%​ដែល​បាន​គ្រោងទុក​ពី​ពេលមុន។​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ថ្លែង​ពន្យល់ថា​ ​ ទាំងនេះ​ក៏​ដោយសារ​តែ​មាន​សេចក្តី​សម្រេច​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដែលបាន​យល់ព្រម​បន្ត​នយោបាយ​កាត់​បន្ថយ​ពន្ធដារ​ដែល​បាន​សម្រេច​នៅ​ឆ្នាំ២០០១​និង​នៅ​ឆ្នាំ២០០៣​ដែល​បាន​ហុច​ចេញ​ជា​ផ្លែផ្កា​ដ៏​វិជ្ជមាន​ពោលគឺ​ជួយ​ដំឡើង​បាន​០,៥%​ដល់​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​នៅ​ឆ្នាំ២០១១។

សម្រាប់​តំបន់​អឺរ៉ូ​វិញ​ ​ ការ​ប្រមាណ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ពុំ​មាន​ការ​ប្តូរ​ប្រែ​អ្វីឡើយ​ គឺ​កំណើន​សេដ្ឋកិច្ច​អាច​មាន​១,៥%។​ ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ប្រទេស​បារាំង​ដែល​កំណើន​សេដ្ឋកិច្ច​អាច​ឋិតនៅ​ប្រមាណ​១,៦%​ទល់នឹង​២,២%​សម្រាប់​ប្រទេស​អាល្លឺម៉ង់។​ បើ​យោងតាម​ការវិភាគ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ​ វិបត្តិ​ប្រាក់​បំណុល​ដ៏​សែន​ធ្ងន់ធ្ងរ​នៃ​តំបន់​អឺរ៉ូ​គឺ​ពិត​ជា​ឧបស័គ្គ​មួយ​ដ៏​ធំ​មក​ខាឃាំង​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​គូស​បញ្ជាក់​ទៀតថា​ ​ សន្ទុះ​ខ្លាំង​បង្គួរ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​នៅ​តែ​បន្ត​ឲ្យ​កើតមាន​”​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ពីរ​ខុសគ្នា”​ ។

គួរកត់​សម្គាល់ថា​ ​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ការរីក​ចម្រើន​ខ្លាំង​ដូចជា​ប្រទេសចិន​អាចមាន​កំណើន​សេដ្ឋកិច្ច​ដល់ទៅ​៩,៦%​នៅ​ឆ្នាំ២០១១​ទល់នឹង​៨,៤%​សម្រាប់​ប្រទេស​ឥណ្ឌា។

ហើយ​ដើម្បី​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មាន​ស្ថិរភាព​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ស្នើ​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ