អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

លោក​បារ៉ាក់​អូបាម៉ា ​រិះគន់​លោក​នេតាន់យ៉ាហ៊ូ​ដោយ​ចំហ

ការ​បោះឆ្នោត​សភា​នៅ​អ៊ីស្រាអែល​ ទើប​តែ​បាន​បញ្ចប់​ទៅ ​ដោយ​ជ័យជំនះ​ ត្រូវ​បាន​ទៅ​លើ ​គណបក្ស​របស់​លោក​ នេតាន់យ៉ាហ៊ូ ​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន​ របស់​អ៊ីស្រាអែល។ នេះ​ជា​ជ័យជំនះ​ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ​ដែល​សហរដ្ឋ​អាមេរិក​ បាន​សំដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សម្តី​រិះគន់​មាន​កាន់​តែ​ខ្លាំង ​ទៅ​លើ​លោក ​នេតាន់យ៉ាហ៊ូ ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​អាមេរិក ​ជា​ពិសេស​ លោក​បារ៉ាក់អូបាម៉ា​តែម្តង ដោយ​បាន​និយាយ​រិះគន់​ចំៗ ​ទៅ​លើ​សកម្មភាព​មិន​សមគួរ​ មួយ​ចំនួន​ របស់​លោក​នេតាន់​យ៉ាហ៊ូ ​មុន​ពេល​បោះឆ្នោត ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​ ស្អប់​ខ្ពើម​ជន​ជាតិ​អារ៉ាប់​ប៉ាឡេស្ទីន​ របស់​លោក ​នេតាន់យ៉ាហ៊ូ។

លោក នេតាន់យ៉ាហ៊ូ ពេល​ជួប​គ្នា​​លើក​ទីមួយ​ ​ជាមួយ​​លោក បារ៉ាក់​អូបាម៉ា នៅ​សេតវិមាន​ ​​ឆ្នាំ ២០០៩
លោក នេតាន់យ៉ាហ៊ូ ពេល​ជួប​គ្នា​​លើក​ទីមួយ​ ​ជាមួយ​​លោក បារ៉ាក់​អូបាម៉ា នៅ​សេតវិមាន​ ​​ឆ្នាំ ២០០៩ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

គ្មាន​នរណា​ម្នាក់​ មិន​សំដែង​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ​ជុំវិញ​ជ័យ​ជំនះ​ របស់​លោក​នេតាន់​យ៉ាហ៊ូ ​ក្នុង​ពេល​បោះឆ្នោត​សភា​អ៊ីស្រាអែល​ កន្លង​ទៅ​នេះ។ ព្រោះ​ថា​រហូត​ដល់​នាទី​ចុង​ក្រោយ​ មុន​ការ​បោះឆ្នោត ​ការ​ស្ទាប់​ស្ទង់​មតិ​ទូទៅ​ បាន​បង្ហាញ​ថា ​លោក​ នេតាន់​យ៉ាហ៊ូ ​ប្រាកដ​ជា​មិន​បាន​សម្លេង​ឆ្នោត​ ច្រើន​ជាង​គេ​ទេ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា ​នេះ​ជា​ការ​សម្រេច​ចិត្ត ​របស់​ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល។

 
សហរដ្ឋ​អេមេរិក ​ដែល​កន្លង​មក​ ជា​មិត្ត​ចាក់​ទឹក​មិន​លិច​ជាមួយ​អ៊ីស្រាអែល ​ប៉ុន្តែ​ពេល​នេះ​ ហាក់​ក្លាយ​ជា​អ្នក​ទីមួយ​ ដែល​ហ៊ាន​រិះគន់​ដោយ​ចំហ​ ទៅ​លើ​លោក​ នេតាន់ ​យ៉ាហ៊ូ។ រដ្ឋាភិបាល​របស់​លោក ​ប៉ារ៉ាក់ អូបាម៉ា ​មិន​ចុះ​សម្រុង​នឹង​គោល​ជំហ​នយោបាយ​ របស់​លោក​ នេតាន់​ យ៉ាហ៊ូ ​ទាក់ទិន​ទៅ​នឹង ​បញ្ហា​សន្តិសុខ​ តំបន់​ដើម​បូព៌ា ​និង​ការ​បញ្ចប់​ជម្លោះ​ រវាង​ អ៊ីស្រាអែល-ប៉ាឡេស្ទីន។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ ជាមួយ​ទូរទស្សន៍ ​កាល​ពី​ថ្ងៃ​សុក្រ ​លោក បារ៉ាក់ អូបាម៉ា  ​បាន​និយាយ​រិះគន់​ចំៗ​ ពី​សកម្មភាព​របស់​លោក​ នេតាន់យ៉ាហ៊ូ ​ក្នុង​ថ្ងៃ​បោះឆ្នោត​ នៅ​អ៊ីស្រាអែល។ លោក​ នេតាន់យ៉ាហ៊ូ ​បាន​ធ្វើ​វីដេអូ​មួយ​ ដាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​នៅ​ថ្ងៃ​នោះ​ដែល​មាន​ខ្លឹមសារ​ថា ​អំណាច​របស់​ក្រុម​ស្តាំ​និយម​កំពុង​តែ​ជួប​គ្រោះថ្នាក់​ហើយ ​ព្រោះ​ថា ​មាន​ប្រជាជន​អារ៉ាប់​អ៊ីស្រាអែល ​ទៅ​បោះឆ្នោត​ច្រើន​ណាស់

សម្តី​បែប​នេះ របស់​លោក​ នេតាន់យ៉ាហ៊ូ ​ត្រូវ​បាន​លោក​ បារ៉ាក់អូបាម៉ា ​ចាត់​ទុក​ថា​ ជា​ការ​ឆ្គាំឆ្គង​ខ្លាំង​ណាស់ ​ក្នុង​នាម​អ៊ីស្រាអែល​ ជា​ប្រទេស​ដែល​មាន​របប​ប្រជាធិបតេយ្យ​សេរី។ ពាក្យ​ថា​ប្រជាធិបតេយ្យ​ មាន​ន័យ​ថា ​ប្រជាជន​គ្រប់​ពូជ​សាសន៍ ​មាន​សិទ្ធិ​ស្មើគ្នា ​លើ​ឆាក​នយោបាយ ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។ ​ពាក្យ​សម្តី​របស់​លោក​នេតាន់យ៉ាហ៊ូ ​បង្ហាញ​យ៉ាង​ច្បាស់​ ថា​លោក ​ស្អប់ខ្ពើម​ជន​ជាតិ​អ៊ីស្រាអែល​ ដែល​មិនមែន​កាន់​សាសនា​ជ្វីហ្វ។

ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​អាមេរិក ​មិន​ពេញ​ចិត្ត​លោក ​នេតាន់យ៉ាហ៊ូ ​គឺ​អត្តចរិក​សួនតួ​និយម ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ របស់​ជនជាតិ​ជ្វីហ្វ ​ជ្រុល​ហួសហេតុ​ពេក។ លោក នេតាន់យ៉ាហ៊ូ ​បាន​ប្រើប្រាស់​នយោបាយ​ជាតិ​និយម​ជ្រុល ​ការពារ​តែ​ជនជាតិ​ជ្វីហ្វ ​មិន​ខ្វល់​ពី​ជាតិ​សាសន៍​ដ៏ទៃ ​ដូច​ជា​ជន​ជាតិ​អារ៉ាប់​ ប៉ាឡេស្ទីន​ជា​ដើម។ អ្នក​នាំពាក្យ​សេតវិមាន​ម្នាក់ ​ធ្លាប់​បាន​បញ្ជាក់​ថា ​ដរាប​ណា​មាន​ នេតាន់យ៉ាហ៊ូ ​អ៊ីស្រាអែល ​មិន​អនុញ្ញាតិ​ឲ្យ​មាន​រដ្ឋ​ប៉ាឡេស្ទីន​ ពេញ​អធិបតេយ្យ​ឡើយ។ រដ្ឋាភិបាល​អាមេរិក ​បាន​រិះគន់​ថា ​លោក ​នេតាន់យ៉ាហ៊ូ ​មាន​ចេតនា ​អូស​បន្លាយ​បញ្ហា​ ជាមួយ​ប៉ាឡេស្ទីន ​ធ្វើ​យ៉ាងណា ​មិន​ឲ្យ​ប៉ាឡេស្ទីន​ ងើប​មុខ​រួច​ ជា​ដាច់​ខាត។ នយោបាយ​បែប​នេះ ​ជា​គ្រោះថ្នាក់​ធំ​ណាស់ ​ដល់​ស្ថេរភាព​តំបន់​ដើម​បូព៌ា ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ អ្នក​កាន់​សាសនា​អ៊ីស្លាម​ មាន​កំហឹង​កាន់​តែ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ