អានតួអត្ថបទ

ការ​បោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​អាមេរិក ៖ លោកស្រី​ហ៊ីលឡារី គ្លីនតុន កំពុង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​​ជា​ស្ថាពរ​

រដ្ឋPennsylvanie, Maryland, Delaware, Connecticut និងRhode Island បាន​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន ​ប្រធានាធិបតី នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ ខាង​​បក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ឈ្នះ​ទាំង​អស់។ ឯ​នៅ​ខាង​បក្ស​ប្រជាធិបតេយ្យ​វិញ លោក​ស្រី គ្លីនតុន ​ក៏​ឈ្នះ​ដាច់​ លោក បែរនី សិនដឺ ជា​គូប្រជែងដែរ ដោយ​ដណ្តើមបាន​​បួន​រដ្ឋ​។ ថ្វីបើ​ពេល​នេះ ដំណើរការ​បោះឆ្នោត​​បេក្ខជន​ប្រធានាធិបតី​​មិន​ទាន់​ចប់​មែន ប៉ុន្តែ​គេ​សឹង​អាច​កំណត់​បាន​ថា​នរណា​ជា​បេក្ខជន​ប្រធានាធិបតី​ សម្រាប់ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​ ​ថ្ងៃ​ទី ៨​ វិច្ឆិកា​ ២០១៦​​បានហើយ។

អ្នក​គាំទ្រ​លោកស្រី​គ្លីនតុន នៅ​រដ្ឋ Pennsylvanie ថ្ងៃទី ២៦ មេសា ២០១៦
អ្នក​គាំទ្រ​លោកស្រី​គ្លីនតុន នៅ​រដ្ឋ Pennsylvanie ថ្ងៃទី ២៦ មេសា ២០១៦ REUTERS/Dominick Reuter
ផ្សាយពាណិជ្ជកម្ម

ជា​គម្លាត​ដែលទំនង​ជា​​មិន​អាច​ស្តារ​បាន​ឡើយ សម្រាប់​លោក សិនដឺ នៃ​បក្ស​ប្រជាធិបតេយ្យ ! លោកស្រី គ្លីនតុន បាន​ឈ្នះ​ដាច់ និង​ដណ្តើម​បាន​ការ​គាំទ្រ​ពី​ស្ទើរ​គ្រប់​រដ្ឋ​សំខាន់ៗ និង​ប្រមូល​បាន​សំឡេង​ជិត​គ្រប់​គ្រាន់​សម្រាប់​​​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ដោយ​ស្វ័យប្រវត្តិ​ហើយ !

នៅ​ក្នុង​សុន្ទរកថា​ យប់​មិញ លោកស្រី​បាន​ផ្តើម​វាយប្រហារ​ដោយ​ផ្ទាល់​លោក ដូណាល់ ត្រាំ នៃ​បក្ស​សាធារណរដ្ឋ​ ដែល​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា លោកស្រី​បោះជំហាន​​ចូល​ដំណាក់កាល​ថ្មី​មួយ​ទៀតនៃ​ការ​ឃោសនា​បោះឆ្នោត។​ លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏​បាន​​អំពាវនាវ​ជា​ថ្មី ឱ្យ​បក្ស​ប្រជា​ធិបតេយ្យ​រួប​រួម​គ្នា។ តែ​លោក​ សិនដឺ ជា​គូប្រជែង​ក្នុង​បក្ស​មិន​បាន​ធ្វើ​ឮ​ឡើយ​។ លោក​បាន​ចេញ​បន្ត​ឃោសនា​នៅ​រដ្ឋ​ផ្សេងៗ​ទៀត ដែល​នឹង​ត្រូវធ្វើ​ការ​​បោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​នៅ​ខែ​ឧសភា ដោយ​អះអាង​ថា​នឹង​តស៊ូ​រហូត​ដល់​នាទី​ចុងក្រោយ។

 
នៅ​ខាង​បក្ស​សាធារណរដ្ឋ​វិញ លោកដូណាល់​ ត្រាំ កំពុង​មាន​មោទនភាព​យ៉ាង​ខ្លាំង​នឹង​ជ័យជំនះ​ដ៏​ត្រចះត្រចង់​​នៅ​យប់​មិញ ដែល​អនុញ្ញាត​ឱ្យ​លោក​នាំ​មុខ​ខ្លាំង​គូប្រជែងទាំង​ពីរ​របស់​បក្ស។ ថ្វី​បើ​​​មិន​ទាន់​ប្រមូល​សំឡេង​គ្រប់គ្រាន់​​សម្រាប់ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​មែន ប៉ុន្តែ​គ្មាន​គូប្រជែង​ណា​ម្នាក់ ឬ​សម្ព័ន្ធ​គូប្រជែងណា​ អាច​ធ្វើ​ឱ្យ​លោក​ ដូណាល់​ ត្រាំ ព្រួយ​បារម្ភ​ឡើយ។

នៅ​មាន​រដ្ឋ​ចំនួន​១៥​ទៀត ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី នៅ​រវាង​ខែ​ឧសភា និង​មិថុនា។ ដូច្នេះ លោក ដូណាល់ ត្រាំ នៅពេល និង​នៅ​មាន​លទ្ធភាព​អាច​ប្រមូល​ការ​គាំទ្រ​បាន ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បាន។ ប៉ុន្តែ​គូប្រជែង​ក្នុង​បក្ស​កំពុង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្ចាញ់​។ យុទ្ធនាការ​បោះឆ្នោត​ក្នុង​បក្ស​សាធារណរដ្ឋ​ ត្រូវ​បន្ត​តាន​តឹង​ខ្លាំង​ដដែល​នៅ​សប្តាហ៍​ខាង​មុខ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ