អានតួអត្ថបទ

ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ លោក​អូបាម៉ា នឹង​មាន​គំនិត​ផ្តួច​ផ្តើមថ្មី​​ជា​ចុងក្រោយ ?

ជម្លោះ​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល​​និង​ប៉ាឡេស្ទីន គឺ​ជា​សំណុំ​រឿង​អាទិភាព​មួយ​របស់​លោក​បារ៉ាក់ អូបាម៉ា នៅ​ពេល​បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក​ភ្លាម។ នៅ​ពេលនេះ ពេល​ត្រូវ​ចប់​​អាណត្តិ​ ចាក​ចេញ​ពី​សេតវិមាន​ តើ​លោក​អូបាម៉ា មាន​គំនិត​ផ្តួច​ផ្តើម​អ្វី​ជា​ចុង​ក្រោយ យ៉ាង​ហោច​​ជា​និម្មិតរូប សម្រាប់​ផ្តល់​សន្ទុះឡើង​វិញ​ ដល់​ដំណើរការ​ចរចា​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ទេ ? លោក​អូបាម៉ា ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ នៅ​ថ្ងៃ​នេះ នៅអង្គការ​សហប្រជាជាតិ។

ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ នៅ​សេតវិមាន​ថ្ងៃទី ៣០​កញ្ញា ២០១៣
ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ នៅ​សេតវិមាន​ថ្ងៃទី ៣០​កញ្ញា ២០១៣ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

សេតវិមាន​មិន​បដិសេធគំនិត​​​ផ្តួច​ផ្តើមចង់​​នាំ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ចូល​ចរចា​សន្តិភាព​វិញ​ទេ ប៉ុន្តែនៅ​​ប្រុង​ប្រយ័ត្ន​ខ្លាំង។ ​កម្មវត្ថុរបស់​អាមេរិក​ពេល​នេះ​ មិន​មែន​ជាការ​សាកល្បង​ភ្ជាប់​ទូត ​ចាប់​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឱ្យ​មកអង្គុយ​ចរចា​គ្នាវិញ​បាន​ភ្លាម​ភ្លែត​ទេ។ គម្លាត​មាន​ខ្លាំង ហើយ​ការ​មិន​ទុក​​ចិត្តគ្នា​មាន​កំរិត​ខ្ពស់​ណាស់​នៅ​ពេល​នេះ។

អាមេរិក​របស់​លោក​អូបាម៉ា មិន​រំពឹង​ថា​ការ​ចរចា​អាចចាប់​ផ្តើម​ជា​ថ្មី​ឡើយ​​ តែ​អាមេរិក​ចង់​បញ្ជាក់​​ឱ្យ​ច្បាស់ និង​ដោយ​ក្តែងៗ​ អំពី​កត្តា​នៃការ​ដោះស្រាយ​​​​ជម្លោះ​និងដំណោះស្រាយ​សម្រាប់​រដ្ឋ​ពីរ។ នេះ​មាន​ន័យ​ថា លោក​អូបាម៉ា ចង់​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ខ្លះ​ លើ​សំណុំ​រឿង​ដែល​លោក​មាន​ជំនាក់​ចិត្ត​ខ្លាំង​ចង់​ដោះស្រាយ តែ​មិន​ប្រកាស​ជំហរ​ខ្លាំង​ដែល​អាច​​ធ្វើ​ឱ្យ​​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតី​រង​​បន្ទុក​ឡើយ​។

នៅ​ថ្ងៃទី ២២​ មករា ២០០៩ ពីរ​ថ្ងៃ​ក្រោយ​បាន​ស្បថ​ចូល​កាន់​តំណែង ប្រធានាធិបតី​វ័យ​ក្មេង​អូបាម៉ា បាន​តែង​តាំង​ឥស្សរជន​ម្នាក់ ​ជា​អន្តរការី​ពិសេស ​ទទួល​បន្ទុក​​​ស្វែង​រក​សន្តិភាព​ឱ្យ​តំបន់​ដើម​បូព៌ា ជា​និរន្ត​មួយ។ ៨​ឆ្នាំ​ក្រោយ​ គ្មាន​លទ្ធផល ! ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ត្រូវ​មូរ​ទុក​ម្តុំ​ ក្នុង​ផ្ទៃ​នៃភាព​ស្ងប់​ស្ងាត់​ការ​ទូត តែ​អំពើ​ហិង្សា​នៅ​​បន្ត​កើត​មាន​ឥត​ដាច់​លើ​ដែន​ដី​ប៉ាឡេស្ទីន និង​ហ្សេរ៉ុយសាឡិម។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ចុងក្រោយ ដែលស្ថិត​ក្រោម​បន្ទុក​​លោក​ចន​ឃែរី​ ត្រូវ​បាន​ងាប់​ស្តូក​ស្តឹង តាំងពី​ខែ​មេសា​ឆ្នាំ​២០១៤ និង​បាន​រុញ​ច្រាន​ទំនាក់​ទំនង​រវាង​លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ឱ្យ​អាប់​អួរ​អាក្រក់​ក្រៃ។

​ប៉ុន្តែ​នៅ​ថ្ងៃពុធ​នេះ លោក​អូបាម៉ា ត្រូវ​ទទួល​ជួប​លោក​នេតាន់យ៉ាហ៊ូ នៅទីក្រុង​ញូវយ៉ក នៅ​ក្រៅ​ក្រប​ខ័ណ្ឌ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​សង្ឃឹម​ថា​ នឹង​អាច​ល្បួង​ចិត្ត​អ៊ីស្រាអែល​ឱ្យ​លង់​នឹង​ការព្រមព្រៀង​បានខ្លះ ព្រោះ​ថ្មីៗ​នេះ​អាមេរិក​ទើប​ព្រមព្រៀង​​ផ្តល់​ជំនួយ​យោធា ​ចំនួន​៣៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ។ ជំនួយ​ដែល​បញ្ជាក់​​ថា​អាមេរិក​ជានិច្ចជាកាល​គិត​គូរ​ឥត​ងាករេ​អំពី​សុវត្ថិភាព​និង​សន្តិសុខ​របស់​អ៊ីស្រាអែល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ