អានតួអត្ថបទ
អ៊ីស្រាអ៊ែល-សហរដ្ឋអាមេរិក

លោក​ណេតាន់យ៉ាហ៊ូ ​លុប​ចោល ​ការ​ណាត់​ជួប​ជាមួយ ​លោក​អូបាម៉ា

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល​ លោក​ ណេតាន់យ៉ាហ៊ូ​ សម្រេច​លុប​ចោល​ការ​ណាត់​ជួប​ជា​ផ្លូវ​ការ ជា​មួយ​លោក​ អូបាម៉ា​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​គេ​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៨ ​មីនា​ ឆ្នាំ ​២០១៦ ខាង​មុខ​នេះ។ ទីក្រុង​ យេរូសាឡីម​ បាន​ឲ្យ​ដឹង​ថា​ លោក​ ណេតាន់យ៉ាហ៊ូ ​សម្រេច​ចិត្ត​ដូច្នេះអ​គឺ​ដោយ​ហេតុ​ថា​រូប​លោក​មិន​ចង់​ចេញ​មុខ​ និង​ ចូល​ឡូក​ឡំ​ ជាមួយ​និង​ដំណើការ​បោះឆ្នោត​នៅ​អាមេរិក។

លោកណេតាន់យ៉ាហ៊ូ និង លោក​​អូបាម៉ា​
លោកណេតាន់យ៉ាហ៊ូ និង លោក​​អូបាម៉ា​ REUTERS/Kevin Lamarque/Files
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ​នេះ​ សេតវិមាន ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ឲ្យ​ដឹង​ថា​ លោក​ ណេតាន់យ៉ាហ៊ូ​ បាន​សម្រេច​ច្រាន​ចោល​ ការ​ចូល​ជួប​ជា​ផ្លូវការ​ ជាមួយ​និងលោក​ប្រធានាធិបតី​​អាមេរិក​ អូបាម៉ា ដែល​​គ្រោង​ធ្វើ​ទៅ​នៅ​ថ្ងៃ​ទី ​១៨ ​ខែ​មីនា​ ខាង​មុខ​នេះ។ ការ​លុប​ចោល​នេះ ​គឺ​ធ្វើ​ឡើង​ មិន​បាន​មួយ​ថ្ងៃ​ផង​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ ​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ បាយដិន​ ទៅ​កាន់​ប្រទេស​​អ៊ីស្រាអ៊ែល ​និង​ប៉ាឡេស្ទីន។

 
លោក​ ណេតាន់យ៉ាហ៊ូ ​សម្រេច​ចិត្ត​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​​​​ ​របស់លោក​ ទៅកាន់​​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​អ៊ីស្រាអ៊ែល​ខ្លួនឯង ​បាន​ស្នើ​សុំ​កាល​ពី​ពីរ​សប្តាហ៍​កន្លងទៅ​​។  លោក​បាន​ពន្យល់​ថា​ រូប​លោក​ មិន​ចង់​ចេញ​មុខ​ នៅ​ក្នុង​ខណៈ​ពេល​ដែល​យុទ្ធនាការ​ បោះឆ្នោត​ ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ កំពុងតែ​ប្រព្រឹត្ត​ទៅ​ ប្រកប​ដោយ​ភាព​ ក្តៅ​គគុក នោះទេ។ នេះ បើ​យោង​តាម​ការិយាល័យ​ផ្ទាល់​របស់​លោក​ ណេតាន់យ៉ាហ៊ូ។

ចំណែក​ឯ​ភាគី​អាមេរិក​វិញ​ បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ និង ​សោកស្តាយ​ ទៅ​លើ​ទង្វើ​នេះ​ ដែល​នឹង បង្ក​ភាព​ល្អក់​កករ​សា​ជា​ថ្មី ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេ​ភាគី​ រវាង​រដ្ឋាភិបាល​អាមេរិក​ និង​ អ៊ីស្រាអ៊ែល​ ដែល​ហាក់​ មាន​ភាព​ធូរ​ស្រាល​វិញ​បន្តិច​ទៅ​ហើយ ​នៅ​ក្នុង​អំឡុង​ពេល​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា ​ទំនាក់​ទំនង​រវាង​ លោក​ ណេតាន់យ៉ាហ៊ូ​ និង ​លោក​ អូបាម៉ា ​តែង​តែ​មាន​ភាព​តានតឹង ​តាំង​ពី​ដើម​មក​ ដែល​ភាព​តានតឹងនេះ​ ផ្តើម​ចេញ​ពី​សំណុំ​រឿង ​នុយក្លេអ៊ែរ​ របស់​ប្រទេស​អ៊ីរ៉ង់។

សូម​រំលឹក​ថា ​កាល​ពី​ឆ្នាំ​២០១០​ លោក​អនុ​ប្រធានាធិបតី​អាមេរិក​ ចូ បាយដិន​ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអ៊ែល​ ម្តង​រួច​មក​ហើយ។ ប៉ុន្តែ​ ដំណើរ​ទស្សនកិច្ច​នេះ​ បាន​ជាប់​ដិត​ដាម​ទៅ​ដោយ​ភាព​អវិជ្ជមាន​ ព្រោះថា​ពេល​នោះ​ រដ្ឋាភិបាល​អ៊ីស្រាអ៊ែល​ បាន​រាំង​ស្ទះ​គម្រោង​សាង​សង់​លំនៅ​ឋាន​ នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ទីក្រុង​ យ៉េរូសាឡឹម​ ដែល​ពីមុន​ធ្លាប់​ជា​ទឹកដី​ របស់​ប៉ាឡេស្ទីន ​ហើយដែល​អ៊ីស្រាអ៊ែល ​កាន់កាប់​រហូត​មក​ទល់​បច្ចុប្បន្ន។

សូម​បញ្ជាក់​ទៀត​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​ ដែល​ត្រូវ​គេ​ច្រាន​ចោល​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ សន្និសីទ​ប្រចាំ​ឆ្នាំ ​របស់​ក្រុម​អ្នក​គាំទ្រ​អ៊ីស្រាអ៊ែល​ ដែល​ប្រព្រឹត្ត​ទៅ ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ រីឯ​ លោក​ ណេតាន់យ៉ាហ៊ូ​ ខ្លួង​ឯង​ ក៏​ធ្លាប់​បាន​មាន​វត្តមាន​ នៅ​ក្នុង​សន្និសីទ​នេះ​ កាល​ពី​អតីតកាល​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ