អាមេរិកស្នើថ្នាក់ដឹកនាំគួដនៅអ៊ីរ៉ាក់ឲ្យលើកថ្ងៃបោះឆ្នោតប្រជាមតិដើម្បីឯករាជ្យភាព
នៅក្នុងប្រទេសអ៊ីរ៉ាក់ លោកម៉ាស់ស៊ូត បាហ្សានី ប្រធានតំបន់ស្វយ័តគួដស្ថិតក្នុងទឹកដីអ៊ីរ៉ាក់ប៉ែកខាងជើងបានប្រាប់ឲ្យដឹងថា អាមេរិកបានស្នើដល់ពលរដ្ឋគួដអ៊ីរ៉ាក់ឲ្យលើកថ្ងៃបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យភាពដែលគ្រោងធ្វើនៅថ្ងៃទី២៥ កញ្ញាខាងមុខ។ លោកម៉ាស់ស៊ូតនៅមិនទាន់បានផ្តល់ចម្លើយផ្លូវការណាមួយនៅឡើយទេ តែបានបន្ថែមថា លោកបានទាមទារឲ្យមានការធានាពិតប្រាកដពីអាមេរិកជាថ្នូរនឹងការលើកថ្ងៃបោះឆ្នោតនោះ។ គួរជម្រាបជូនថា រដ្ឋាភិបាលអ៊ីរ៉ាក់មិនយល់ព្រមឲ្យតំបន់ស្វយ័តគួដផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្លួនឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
គឺនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រមុខការទូតអាមេរិក Rex Tillerson និងលោកប្រធានតំបន់ស្វយ័តគួដអ៊ីរ៉ាក់ម៉ាស់ស៊ូត បាហ្សានីដែលអាមេរិកបានស្នើឲ្យពលរដ្ឋគួដអ៊ីរ៉ាក់លើកថ្ងៃបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យភាព។ បើតាមសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយដោយការិយាល័យប្រធានតំបន់ស្វយ័តគួដអ៊ីរ៉ាក់ លោក Tillerson មិនបានជំទាស់នឹងគម្រោងរៀបចំបោះឆ្នោតប្រជាមតិនោះទេ តែគ្រាន់តែចង់ឲ្យរដ្ឋអំណាចគួដអ៊ីរ៉ាក់លើកពេលទៅថ្ងៃក្រោយវិញ។ តាមលោកប្រមុខការទូតអាមេរិក បញ្ហារវាងតំបន់ស្វយ័តគួដស្ថិតក្នុងទឹកដីអ៊ីរ៉ាក់ប៉ែកខាងជើង និងរដ្ឋាភិបាលកណ្តាលអ៊ីរ៉ាក់នៅទីក្រុងបាកដាដត្រូវតែដោះស្រាយតាមផ្លូវចរចារវាងភាគីទាំងពីរ។
លោកបាហ្សានីមិនបានផ្តល់ចម្លើយយ៉ាងណាចំពោះសំណើរបស់លោក Tillerson ទេ តែគ្រាន់តែឆ្លើយយ៉ាងសាមញ្ញថា ពលរដ្ឋគួដកំពុងរង់ចាំការធានាពិតប្រាកដសម្រាប់អនាគតខ្លួន។ សូមរម្លឹកជូនថានាដើមខែមិថុនា ថ្នាក់ដឹកនាំគួដបានប្រកាសឲ្យដឹងពីគម្រោងរៀបចំបោះឆ្នោតប្រជាមតិស្តីពីឯករាជ្យភាពនៅថ្ងៃទី២៥ កញ្ញាខាងមុខ ទោះបីជាមានការជំទាស់ពីរដ្ឋអំណាចអ៊ីរ៉ាក់ក៏ដោយ។ កំណត់សម្គាល់មួយទៀត សេចក្តីប្រកាសកាលណោះបានធ្លាក់មកចំពេលដែលតំបន់ស្វយ័តក្នុងទឹកដីអ៊ីរ៉ាក់មួយនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារតែតម្លៃប្រេងឆៅចុះថ្លៃខ្លាំង និងចំពេលដែលតំបន់ទទួលជនភៀសខ្លួនជាង ១លាននាក់ដែលរត់គេចពីជម្លោះប្រដាប់អាវុធរវាងទ័ពអ៊ីរ៉ាក់ និងពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។
អ្វីជាការកត់សម្គាល់ រដ្ឋាភិបាលអ៊ីរ៉ាក់នៅទីក្រុងបាកដាដដែលបានយល់ព្រមផ្តល់ស្វ័យភាពឲ្យប្រជាជនគួដប្រមាណជា ៥លាននាក់នៅតំបន់ប៉ែកខាងជើងពិតជាមិនចង់ឃើញតំបន់មួយនេះផ្តាច់ចេញពីការគ្រប់គ្រងរបស់ខ្លួនឡើយ និងថា ការទាមទារឯករាជ្យរបស់ពួកគេបានផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត ទីក្រុងបាកដាដក៏បារម្ភខ្លាចទង្វើរបស់ពលរដ្ឋគួដអ៊ីរ៉ាក់ឆ្លងចូលទៅក្នុងប្រទេសជិតខាង ដូចយ៉ាងតួកគី និងអ៊ីរ៉ង់ដែលមានពលរដ្ឋគួដរាប់សិបលាននាក់កំពុងរស់នៅ។ យ៉ាងណាក៏ដោយ ចម្ងាយផ្លូវឆ្ពោះទៅកាន់ឯករាជ្យភាពរបស់ពលរដ្ឋគួដអ៊ីរ៉ាក់ហាក់នៅឆ្ងាយសែនឆ្ងាយ ព្រោះក្នុងចំណោមពលរដ្ឋគួដអ៊ីរ៉ាក់ទាំង ៥លាននាក់ អ្នកដែលមិនផ្តាច់ខ្លួនចេញពីអ៊ីរ៉ាក់ក៏មានច្រើនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ