អានតួអត្ថបទ

​កងទ័ព​អ៊ីរ៉ាក់សម្រុក​សង្គ្រប់​​អង្គការ​រដ្ឋ​អ៊ីស្លាមរំដោះ​ក្រុង​ហ្វាលូចា

បន្ទាប់​ពី​បាន​​បើក​ប្រតិបត្តិការ​​ជំនួយ​ផ្លូវ​អាកាស​ពី​សហរដ្ឋ​អាមេរិក អស់​ពេញ​មួយ​សប្តាហ៍តាំង​ពី​ព្រហាម​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កងទ័ព​ប្រដាប់​អាវុធ​អ៊ីរ៉ាក់ អម​ដោយកង​កម្លាំងដៃឆ្នើត​របស់​ភ្នាក់ងារ​ប្រឆាំង​​ភេរវកម្ម​ បាន​វាយសម្រុក​ចូល​ទៅដល់​​ក្រុង​ហ្វាលូហ្សា ដើម្បី​​ដណ្តើម​ក្រុង​នេះ​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមមក​វិញ។ ​ក្រុងហ្វាលូហ្សា នៅ​​កៀក​បង្កើយ​នឹង​រដ្ឋធានី​បាតដាត ជា​ក្រុង​អ៊ីរ៉ាក់​ដំបូង​គេ ដែល​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ឆ្នាំ​២០១៤។

កង​កម្លាំង​អ៊ីរ៉ាក់​សម្រុក​ចូល​រំដោះ​ក្រុង​ហ្វាលូចា ថ្ងៃទី ៣០ ឧសភា ២០១៦
កង​កម្លាំង​អ៊ីរ៉ាក់​សម្រុក​ចូល​រំដោះ​ក្រុង​ហ្វាលូចា ថ្ងៃទី ៣០ ឧសភា ២០១៦ REUTERS/Alaa Al-Marjani
ផ្សាយពាណិជ្ជកម្ម

យក​ហ្វាលូចា​មក​វិញ ជា​កម្មវត្ថុ​ដ៏​ចំបង​​របស់​យោធា​អ៊ីរ៉ាក់ ! ប្រសិន​បើ​កង​កម្លាំង​អ៊ីរ៉ាក់​អាច​ដណ្តើម​បាន​ក្រុង​ហ្វាលូចា មក​វិញ គឺ​ជា​ជោគជ័យ​ប្រកប​ដោយ​និម្មិតរូប​បំផុត ទាំង​សម្រាប់​អ៊ីរាក់​ ទាំង​សម្រាប់​សហរដ្ឋ​អាមេរិក។

និម្មិតរូបក្រុង​​ ​ Fallouja

ហ្វាលូចា បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មុន​គេ (​នៅ​ខែ​មករា​ឆ្នាំ​២០១៤) ៥ខែ​មុន​​​ពួក​អង្គការ​រដ្ឋអ៊ីស្លាមចាប់​រុក​រាន​ទន្ទាន​វាត​​ទឹក​ដី​អ៊ីរ៉ាក់​និង​ស៊ីរី។ ជា​ពិសេស​ទៅ​ទៀត ក្រុង​ហ្វាលូចានេះ បាន​ធ្លាក់​ក្នុង​ដៃ​ពួក​ជីហាត​អ៊ីស្លាម ដោយ​សម្រួល គ្មាន​ការ​ប្រយុទ្ធ​គ្នាអ្វី​ទេ ព្រោះ​ក្រុង​នេះ ជា​ក្រុង​ស៊ុននីត ហើយ​កាលសម័យ​នោះ ក្រុម​ឈីអ៊ីតអ្នក​អំណាច​​នៅ​​ក្រុង​បាតដាដ ត្រូវ​បាន​ជាប់​ចោទ​ថា​ជា​អ្នក​សម្លាប់​រង្គាល​លុប​បំបាត់​និកាយ​ស៊ុននីត។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​អ៊ីរ៉ាក់​បច្ចុប្បន្ន​ចង់​ដណ្តើម​យក​ក្រុង​ហ្វាលូចា​មក​វិញឱ្យ​បាន។

សម្រាប់​អាមេរិក​វិញ ក្រុង​ហ្វាលូចា​ ក៏​ជា​ក្រុង​ប្រកប​ដោយ​និម្មិតរូប​បំផុត​ដែរ។ អាមេរិក​ធ្លាប់ធ្វើ​យុទ្ធនាការ​​ចាញ់យ៉ាង​ចាស់​ដៃ​​ នៅ​ហ្វាលូចា​ដល់​ទៅ​ពីរ​លើក ក្នុង​ឆ្នាំ​២០០៤ ដោយ​មាន​ការ​បាត់បង់​​ជីវិត​ទាហាន​ដល់​​៨០​នាក់ និង​យុទ្ធជន​អ៊ីរ៉ាក់ ជាង​២០០០នាក់។ ហ្វាលូចា​ធ្លាប់​ជា​សមរភូមិ​សង្គ្រាម​ដ៏លំបាក​និង​​ស្វិតស្វាញ​​​បំផុត​របស់​អាមេរិក បន្ទាប់​ពី​សង្គ្រាម​នៅ​វៀតណាម។ ក្នុង​សម័យ​អាមេរិក​ត្រួតត្រា​​អ៊ីរ៉ាក់​ ហ្វាលូចា ជា​តំណាង​ក្រុង​តស៊ូ បះបោរ។

នៅ​ថ្ងៃ​នេះ​ យើង​បាន​ទទួល​ព័ត៌មាន​ថា កង​កម្លាំង​ទ័ព​អ៊ីរ៉ាក់ អាច​វាយ​លុក​ចូល​ទៅ​ក្នុង​ក្រុង​ហ្វាលូចា។ តែ​គេ​មិន​ដឹង​ថា​តើ​នេះ​ជា​យុទ្ធសាស្ត្រ​ដក​ថយ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ឬ​ក៏​យ៉ាង​ណា​ទេ ព្រោះ​ពួក​នេះ​ទំនង​ជា​មិន​បណ្តោយ​ឱ្យ​បាត់​ក្រុង​ហ្វាលូចា​ ក្រុង​យុទ្ធសាស្ត្រដ៏​ខំខាន់​​នេះ​ដោយ​ងាយៗ​ទេ។ គឺ​ពី​ហ្វាលូចា​នេះ​ឯង​ដែល​ពួក​កម្មង់ដូរ​អត្តឃាត​ជីហាត​ចេញ​ធ្វើ​ភេរវកម្ម​នៅ​ក្រុង​បាតដាដរាល់​ថ្ងៃ។

ដូច្នេះ​ហើយ បាន​ជា​ក្រុង​ហ្វាលូចា គឺ​ជា​និម្មិតរូប​បំផុត សម្រាប់​ទាំងខាង​អ៊ីរ៉ាក់ ខាង​អាមេរិកនិង​សម្ព័ន្ធមិត្ត​អន្តរជាតិ។ ហើយ​ក៏​ជា​និម្មិតរូប​សម្រាប់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែរ​។ មេកើយ​កាន់​កាប់​ក្រុង​ហ្វាលូចា គឺ​ជា​អ្នក​កាន់​កូន​ទ្វារ​សម្រាប់​ទម្លាយ​ទៅ​កាន់កាប់​ក្រុង​បាតដាដ។

ប្រតិបត្តិ​ការ​ហ្វាលូចា អ៊ីរ៉ាក់​និង​ ​អាមេរិក​ និយាយ​ក្រ​ត្រូវ​​គ្នា

​​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទទូច​​ចង់​រំដោះ​ក្រុង​ហ្វាលូចា ដែល​នៅ​ស្ថិត​ជិត​បង្កើយ​នឹងរដ្ឋធានី​​​ប្រមាណ​៥០​គីឡូម៉ែត្រ។ មាន​ជង្រុក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ក្បែរ គឺ​ជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ និង​សង្គម​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ភេរវកម្ម។ ជាក់ស្តែង​នៅ​ថ្ងៃ​ ភេរវកម្ម​អត្តឃាត​និង​បំផ្ទុះ​គ្រាប់​បែក​បាន​សម្លាប់​ជីវិតមនុស្ស​អស់​យ៉ាង​ហោច​២០នាក់ និង​របួស​ជាង​៥០​នាក់។ ភេរវកម្ម​ដែល​មាន​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដែរ​ក្នុង​មួយ​ថ្ងៃ។

ប៉ុន្តែ​គឺ​ខាង​ភាគី​អាមេរិក​ទេ ដែល​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្តនោះ។ អាមេរិក​ធ្លាប់​ស្គាល់​រសជាតិ​សមរភូមិ​យ៉ាប់​យឺន​នៅ​ហ្វាលូចា​ តែ​​មូល​ហេតុសំខាន់​មួយ​ទៀត គឺ​​​ខ្លាច​បាត់​បង់​ជីវិត​ប្រជាពលរដ្ឋ​ដែល​ជាប់ក្នុង​អន្ទាក់​ពួក​រដ្ឋអ៊ីស្លាម​នេះឯង។

ក្រុងហ្វាលូចា មាន​មនុស្ស​រស់​នៅជាង ២៥​ម៉ឺន​នាក់ មុន​សង្គ្រាម និង​សល់​តែ​៥ម៉ឺននាក់​ទេ​ពេលនេះ។ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​មនុស្សធម៌។ អ្នក​អាច​រត់​ចេញ​រួច​ពីក្រញាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​រៀបរាប់​អំពី​ទុក្ខ​វេទនា​ ភាព​អត់​ឃ្លាន​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ កាប់​សម្លាប់ជីវិត​មនុស្ស​យ៉ាង​ឃោរឃៅ។ អញ្ចឹង​ហើយ​បាន​ជា​គ្រប់​គ្នា​ព្រួយ​បារម្ភ​ខ្លាំង មិន​ហ៊ាន​វាយប្រហារ​ហ្វាលូចា ដោយ​ខ្លាច​ពួក​រដ្ឋ​អ៊ីស្លាម​យក​មនុស្ស​មក​ធ្វើ​ជា​ខែល។ នៅ​ម៉ោង​នេះ​នាទី​នេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ជោគវាសនា​របស់​ពលរដ្ឋ​នៅ​ហ្វាលូចា​ទេ។ នេះ​ហើយ​ជា​បញ្ហា​ចំបង។

ម្យ៉ាង​ទៀត សម្រាប់​អាមេរិក ហ្វាលូចា ថ្វីបើ​ជា​ក្រុង​និម្មិតរូប​មែន តែ​ពុំ​មែនជា​ក្រុង​យុទ្ធសាស្ត្រ​ទេ។ ក្រុង​ដែល​មាន​តម្លៃ​យុទ្ធសាស្ត្រ​ខ្លាំង​គឺ​ក្រុង​មូសូល​ ក្រុង​ទីពីរ​របស់​អ៊ីរ៉ាក់។

តែ​នៅ​ទី​បំផុត ​ទោះ​ត្រូវ​ខាត​បង់​ជីវិត​មនុស្ស​បន្តិច​ក្តី ក៏​អាជ្ញាធរ​អ៊ីរ៉ាក់​ និង​អាមេរិក​ ​ត្រូវ​វាយ​​យក​មក​វិញ​ ដើម្បី​នាំ ជោគជ័យ​ថ្មី។ ហើយ​ ដើម្បី​​ឱ្យ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ខ្ចាត់​ខ្ចាយ​បាន ​សម្ព័ន្ធមិត្តអន្តរជាតិ​ ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​រៀប​យុទ្ធសាស្ត្រ។ ក្នុង​ពេល​បើក​ប្រតិបត្តិការ​នៅ​ហ្វាលូចា​នេះ សម្ព័ន្ធមិត្ត​ក៏​​បាន​និង​កំពុង​បើក​ប្រតិបត្តិការ​​ផ្លូវ​អាកាស​យ៉ាង​សន្ធាប់​ដែរ​ ​នៅក្រុង​ផ្សេងៗ​របស់​​អ៊ីរ៉ាក់ និងស៊ីរី មាន​ជាអាទិ៍ក្រុង​មូសូល ​និង​រ៉ាខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ