អាមេរិកាំងទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិល១០៥នាក់ នៅទីក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់
យ៉ាងហោចណាស់ប្រជាជនស៊ីវិលអ៊ីរ៉ាក់ ចំនួន ១០៥នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំងអាមេរិកាំង នៅទីក្រុងម៉ូស៊ូល កាលពីខែមីនាកន្លងទៅ។ តាមរបាយការណ៍ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី ២៥ឧសភា ដោយមន្ទីរបញ្ចកោណអាមេរិក ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបានបង្កប់គ្រាប់ផ្ទុះនៅក្នុងអគារដែលមានប្រជាជនស៊ីវិលរស់នៅលាក់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៥
នៅក្នុងរបាយការណ៍ស៊ើបអង្កេត ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោនអាមេរិកបានទទួលស្គាល់ថា ពិតជាមានប្រជាជនស៊ីវិលអ៊ីរ៉ាក់១០៥នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែករបស់យន្តហោះអាមេរិកាំង ទៅលើទីក្រុងម៉ូស៊ូល កាលពីថ្ងៃទី ១៧មីនាកន្លងទៅ។ ប៉ុន្តែ នៅក្នុងរបាយការណ៍ដដែល ក្រសួងការពារជាតិអាមេរិកបានទម្លាក់កំហុសទៅលើក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ថាជាដើមហេតុ ព្រោះបានលាក់បង្កប់គ្រឿងផ្ទុះនៅក្នុងអគារ ដែលជាគោលដៅវាយប្រហាររបស់យន្តហោះចម្បាំងអាមេរិកាំង។
តាមមេបញ្ជាការកងទ័ពអាកាសអាមេរិក Matt Isler នៅថ្ងៃទី១៧មីនា កងទ័ពថ្មើរជើងអ៊ីរ៉ាក់ បានទាក់ទងសុំជំនួយពីកងទ័ពអាមេរិក នៅក្នុងពេលពួកគេកំពុងរងការបាញ់ប្រហារពីខ្មាន់កាំភ្លើងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមនៅភាគខាងលិចទីក្រុងម៉ូស៊ូល។ ទាំងកងទ័ពអ៊ីរ៉ាក់ និងអាមេរិកបានអះអាងថា ពួកគេមិនបានដឹងថា មានប្រជាជនស៊ីវិលអ៊ីរ៉ាក់ ស្ថិតនៅក្នុងអគារ ដែលគេជឿថា ជាកន្លែងលាក់ខ្លួនរបស់ក្រុមខ្មាន់កាំភ្លើងជីហាតឡើយ។ យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកសម្រាប់ទៅបំផ្លាញអគារតែមួយ ប៉ុន្តែ ទំហំផ្ទុះខូចខាតមានលក្ខណៈធំ ហួសពីកម្លាំងរបស់គ្រាប់។ នៅក្នុងការចុះស៊ើបអង្កេត នៅក្រោយឧប្បត្តិហេតុនេះ អ្នកជំនាញអាមេរិកបានរកឃើញមានសំណល់របស់សារធាតុផ្ទុះប្រភេទផ្សេងពីគ្រាប់បែករបស់អាមេរិក។ ការនេះធ្វើឲ្យគេសន្និដ្ឋានថា គ្រឿងផ្ទុះបង្កប់ដោយក្រុមជីហាតនៅក្នុងអគារបានផ្ទុះសម្លាប់មនុស្ស ដោយសារតែត្រូវរងគ្រាប់បែករបស់យន្តហោះអាមេរិកាំង។
អាមេរិកកំពុងព្យាយាមនិយាយការពារខ្លួន នៅក្នុងខណៈពេលដែល អង្គការការពារសិទ្ធិមនុស្សជាច្រើនបានរកឃើញថា ចំនួនប្រជាជនប្រជាជនស៊ីវិលស្លាប់ដោយសារប្រតិបត្តិការយោធារបស់អាមេរិក នៅអ៊ីរ៉ាក់ និងនៅស៊ីរីបានកើនឡើងខ្លាំង ចាប់តាំងពីលោកដូណាល់ ត្រាំចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាមេបញ្ជាការទ័ពអាមេរិក។ ថ្មីៗនេះ អង្គការអ្នកកាសែតឈ្មោះ Airwars ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍បានវាយតម្លៃថា ការវាយប្រហាររបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបានធ្វើឲ្យប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត ប្រមាណ ៣៦៦នាក់ នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។ អង្គការតាមដានសិទ្ធិមនុស្សស៊ីរីវិញបាននិយាយថា ចំនួនប្រជាជនស៊ីវិលស៊ីវិល ស្លាប់ដោយសារការទមា្លក់គ្រាប់បែករបស់កងទ័ពសម្ព័ន្ធមិត្តរអាមេរិក បានកើនឡើងដល់កម្រិតអតិបរមា គឺប្រមាណ២២៥នាក់ នៅត្រឹមតែមួយខែមេសា។
តាមអង្គការAirwars ចំនួនប្រជាជនស៊ីវិលរងគ្រោះដោយសារយន្តហោះទម្លាក់គ្រាប់បែករបស់សម្ព័ន្ធអន្តរជាតិបានកើនឡើងខ្លាំងផងដែរនៅទីក្រុងរ៉ាកា នៅប្រទេសស៊ីរី ជាទីដែលអាមេរិកកំពុងត្រៀមវាយដណ្តើមយកពីដៃរបស់ក្រុមជីហាតអង្កការរដ្ឋអ៊ីស្លាម។ ទាំងនេះសបញ្ជាក់ថា ប្រជាជនស៊ីវិលជាប់ផុងនៅក្នុងអន្ទាក់សមរភូមិ មិនបានទទួលការការពារជីវិត ជាអាទិភាពពីរដ្ឋបាលថ្មីរបស់អាមេរិកឡើយ។ លោកដូណាល់ ត្រាំ ដែលចង់វាយឈ្នះឆាប់ៗលើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបានផ្តល់អំណាចពេញទីដល់មេបញ្ជាការកងទ័ពអាមេរិក ដែលជាអ្នកសម្រេចបើកការវាយប្រហារតាមចិត្ត។ ជំហររបស់លោកដូណាល់ ត្រាំ ខុសពីប្រធានាធិបតីមុន គឺលោកបារ៉ាក់ អូបាម៉ាដែលតាមដាន ត្រួតពិនិត្យជាប់ស្អិត យុទ្ធសាស្រ្ត និងសកម្មភាពរបស់មន្ទីរបញ្ចកោនអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ