អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាស្រាហ្វ ហ្កានី​លើក​សរសើរ​គុណូបការៈ​ទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន

នៅ​អាហ្វហ្កានីស្ថាន ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បាញ់​សម្លាប់​អ្នកដំណើរ ចំនួន ១៣​នាក់ ក្នុង​រថយន្ត​ក្រុង​មួយ ក្បែរ​ក្រុង​កាប៊ូល នៅថ្ងៃ​អង្គារ​ទី ២៤ មីនា។ អំពើភេរវកម្ម​សម្លាប់​ប្រជាជន​ស៊ីវិល កើតឡើង នៅចំពេល​ដែល​ប្រធានាធិបតី អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី កំពុង​បំពេញ​ទស្សនកិច្ច ផ្លូវរដ្ឋ​ជាលើក​ទីមួយ នៅ​អាមេរិក។ លោក​ហ្កានី​ត្រូវគេ​រំពឹង​ថា ​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា អំពី​វត្តមាន​ទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ 

ប្រុមុខការបរទេស​អាមេរិក​ទទួល​ស្វាគម​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ហ្កានី នៅថ្ងៃ​Camps Davidថ្ងៃ​ទី ២៣ មីនា
ប្រុមុខការបរទេស​អាមេរិក​ទទួល​ស្វាគម​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ហ្កានី នៅថ្ងៃ​Camps Davidថ្ងៃ​ទី ២៣ មីនា REUTERS/Gary Cameron TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាហ្វហ្កានីស្ថាន នៅ​ទឹកដី​អាមេរិក​បាន​បើក​ទំព័រ​ថ្មី ក្នុង​ទំនាក់ទំនង​អាមេរិក និង​អាហ្វហ្កានីស្ថាន ដែល​ធ្លាប់​ចុះ​ល្អក់កករ ក្នុង​អាណត្តិ​ប្រធានាធិបតី​លោក អាមីត កាហ្សៃ។ វា​ក៏​ជា​ទស្សនកិច្ច​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ដែរ។ គេជឿថា លោក​អាស្រាហ្វ ហ្កានី ទៅ​អាមេរិក ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ភាគី អាមេរិក បន្ថយ​ល្បឿន​ក្នុង​ការកាត់បន្ថយ​ចំនួន​ទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន នៅ​ក្រោយ ឆ្នាំ ២០១៦។

 
កាលពី​ខែ​មិថុនា ឆ្នាំមុន នៅ​ក្នុង​កិច្ចព្រមព្រៀង​ចុះ ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​រក្សា​ចំនួន ទ័ព មួយ​ម៉ឺន​នាក់ ឲ្យ​នៅ​បន្ត​ឈរជើង នៅ​អាហ្វហ្កានីស្ថាន តទៅទៀត រហូត​ដល់​ឆ្នាំ ២០១៦ ពោល​គឺ​នៅក្រោយ ទ័ព បរទេស​ត្រូវ​ដក​ចេញ​ឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន នៅ​ចុង​ឆ្នាំ ២០១៤។

នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤ ទ័ព​បរទេស​ទាំងអស់របស់​អង្គការ​អូតង់ ប្រមាណ ជាង ១សែន ៣ពាន់ ៥ពាន់​នាក់ (មាន​ទ័ព​អាមេរិក​ប្រមាណ ១សែន​នាក់) ដែល​បាន​​អន្តរាគម​​យោធា ប្រយុទ្ធប្រឆាំង​នឹង​ពួកតាលីបង់ នៅ​អាហ្វហ្កានីស្ថាន ១៣​ឆ្នាំ មកហើយ​នោះ បាន​បញ្ចប់​ការប្រយុទ្ធ​លើ​សមរភូមិ និង​ទម្លាក់​កិច្ចការ​ទាំងស្រុង ទៅលើ​ទាហាន​អាហ្វហ្កានីស្ថាន។

តាម​គម្រោង កងទ័ព​អាមេរិក ជាង​មួយម៉ឺននាក់ នៅ​បន្ត​រហូត​ដល់ចុង​ឆ្នាំ ២០១៦ ត្រូវមាន​តួនាទី ​ប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម និង ទទួល​បន្ទុក​បណ្តុះបណ្តាល​កងទ័ព​អាហ្វហ្កានីស្ថាន ប្រមាណ បីសែននាក់។ ចំនួន​ទ័ព​អាមេរិក​ប្រមាណ ១ម៉ឺននាក់ នឹង​ត្រូវថយ​ចុះ ចំនួន ពាក់​កណ្តាល នៅ​ចុងឆ្នាំ ២០១៥។ ប៉ុន្តែ ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​កងទ័ព​អាហ្វហ្កានីស្ថាន នៅ​មិនទាន់​រឹងមាំ​ដៃជើង ហើយ រដូវ​វាយប្រហារ​ភេរវកម្ម​របស់​ពួកតាលីបង់ កាន់តែ​ខិត​ចូល​មកដល់ ដែល​ជា​ការគំរាមកំហែង សន្តិសុខ​អាហ្វហ្កានីស្ថាន ប្រធានាធិបតី​របស់​ប្រទេស​នេះ គិត​ថា វា​សំខាន់​ណាស់ ដែល​អាមេរិក​ត្រូវ​ដកទ័ពដោយ​​សន្សឹមៗ ពោល គឺ​ធ្វើយ៉ាងណា ឲ្យ​ទ័ពអាមេរិក​អាច​នៅ​បន្តមាន​ទៀត ​នៅ អាហ្វហ្កានីស្ថាន នៅ​ក្រោយ​ឆ្នាំ ២០១៦។ នៅថ្ងៃ​ចន្ទ នៅក្នុងសន្និសីទ​កាសែត ជាមួយ​លោក​ប្រមុខការ​បរទេស​អាមេរិក​ ចន ឃេរី លោក​អាស្រាហ្វ​បាន​និយាយ​ប្រគល់​សិទ្ធិ​ឲ្យ​​លោកអូបាម៉ា​ ​ជាអ្នកសម្រេច​ថា តើ​អាមេរិក​នឹង​អាច​មាន​ទ័ព​ចំនួន​ប៉ុន្មាន​នៅ​អាហ្វហ្កានីស្ថាន។

លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន ថ្លែង​អំណរគុណ​មិនឈប់ ដល់​អាមេរិក
នៅ​អាមេរិក លោក​អាស្រាហ្វ ហ្កានី មិន​ត្រឹម​តែ​ចង់​និយាយ​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​អាមេរិក​តែ​ម្នាក់ទេ ប៉ុន្តែ លោកចង់​អូសទាញ​ផងដែរ​ប្រជាជន​អាមេរិកាំង។ លោកអូបាម៉ា​លែង​ចង់​ធ្វើ​សង្រ្គាម នៅ​អាហ្វហ្កានីស្ថាន ក៏​ដោយសារ​តែ​មតិសាធារណៈ​រិះគន់​ពី​ការចំណាយ​លុយ​រាប់ពាន់​លាន​របស់​ប្រជាជន​អាមេរិកាំង។

នៅថ្ងៃ​ពុធ ទី ២៥ មីនា នៅចំពោះ​មុខ​សភា​អាមេរិក ដែល​ជា​អ្នក​បោះឆ្នោត ផ្តល់​លុយ​ឲ្យ​អាហ្វហ្កានីស្ថាន ប្រមាណ ៦០ពាន់​លាន​ដុល្លារ សម្រាប់ ឆ្នាំ ២០១៥ លោក​មេដឹកនាំ​អាហ្វហ្កានីស្ថាន​ត្រូវ​លើក​និយាយ​ពី​សារៈសំខាន់​នៃ​វត្តមាន​ទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន។ សុន្ទរកថា របស់លោក​អាស្រាហ្វ ហ្កានី នៅ​ចំពោះមុខ​សមាជិក​សភា​អាមេរិក នឹង​អាច​ជួយ​ឲ្យ​សំណើ​សុំ​ថវិកា​របស់មន្ទីរ​បញ្ចកោណ​កាន់តែ​មាន​ទម្ងន់។ ក្រសួងការពារ​ជាតិ​អាមេរិក​បាននិយាយ​ថា គេ​នឹង​​ស្នើ​សុំ​ថវិកា ជាង ៣​ពាន់​៨​រយលាន​ដុល្លារ បន្ថែមទៀត សម្រាប់​បណ្តុះបណ្តាល​ទ័ព អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ២០១៦។

នៅថ្ងៃ​ចន្ទ នៅក្នុង​អំឡុង​ជំនួប​ជាមួយ​ក្រុមគ្រួសារ​ទាហាន​អាមេរិក ដែល​ចេញ​ទៅធ្វើ​សង្រ្គាម នៅ​អាហ្វហ្កានីស្ថាន លោកអាស្រាហ្វ ហ្កានី​ក៏​បាន​ប្រើសារ​ទាក់ទាញ មតិ​សាធារណៈ អាមេរិក ដូចជា ជាជាង​ប្រើពាក្យ​និយាយ​ចំៗ សុំ​ឲ្យ​អាមេរិក​រក្សា​ទ័ព​ឲ្យ​បន្ត​ស្ថិតនៅ​អាហ្វហ្កានីស្ថាន ប្រមុខ​ដឹកនាំ​អាហ្វហ្កានីស្ថាន បាន​និយាយ​លើក​សរសើរ​ពី​ស្នាដៃ ការចូលរួម​ចំណែក​របស់​អាមេរិក ដើម្បី​ជួយ​អាហ្វហ្កានីស្ថាន​ឲ្យ​ស្គាល់​សេរីភាព និង​ប្រជាធិបតេយ្យ។

ខុស​ពី ប្រធានាធិបតី​មុន គឺ​លោក​អាមីត កាហ្សៃ ដែល​តែង​និយាយ​បណ្តុះបង្អាប់​ថា ទាហាន​អាមេរិក​ជា​អ្នក​សម្លាប់​ប្រជាជន​ស៊ីវិល និង​នាំ​សង្រ្គាម​ឲ្យ​អាហ្វហ្កានីស្ថាន លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថានថ្មី ​បាន​លើក​សរសើរ ដឹងគុណ ទីក្រុង​វ៉ាស៊ីនតោន ​ដែល​បាន​បូជា​ទាំង​ទាហាន និង​ចំណាយប្រាក់​រាប់លាន​ដុល្លារ ដើម្បី​ជួយ​ស្រោចស្រង់​អាហ្វហ្កានីស្ថាន ពី​ដៃ​របស់​ពួកតាលីបង់ និង​ស្តា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាហ្វហ្កានីស្ថាន រួម​ទាំង​ប្រព័ន្ធ​អប់រំ​ដ៏​ខ្សត់ខ្សោយ​របស់​ប្រទេស​នេះផង។ សម្រាប់​លោក​ហ្កានី អាហ្វហ្កានីស្ថាន នឹង​មិន​ស្ថិតនៅ​ជា​បន្ទុក​ជារៀងរហូត​របស់​អាមេរិកនោះទេ។ អាហ្វហ្កានីស្ថាន​នឹង​រៀបចំ​សន្តិសុខ​ផ្ទៃក្នុង​របស់ខ្លួន​ឡើងវិញ ប៉ុន្តែ នៅត្រូវការ​ជំនួយ​ចាំបាច់ ពី​អាមេរិក។

អាហ្វាហ្កានីស្ថាន​នឹង​អាច​ក្លាយ​ជា​សំបុក​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម
មិនថា អាហ្វហ្កានីស្ថាន​ទេ​មិនចង់​ឃើញ​អាមេរិក​ដកទ័ព​ចេញ​ឲ្យ​អស់​ពី អាហ្វហ្កានីស្ថាន ចិន រុស្ស៊ី ឥណ្ឌា ក៏​សុទ្ធ​តែ​បារម្ភ​ពី អសន្តិសុខ ដែល​អាហ្វហ្កានីស្ថាន​នឹង​អាច​ជួប នៅក្រោយ​ទ័ពអាមេរិក​ត្រូវ​ដកចេញ​អស់​ពីអាហ្វហ្កានីស្ថាន។ រហូតមកដល់ពេលនេះ គ្មាន​ប្រទេស​ណាមួយ ចង់​ចំណាយ​លុយ ធ្វើ​សង្រ្គាម ជំនួស​អាមេរិក ​នៅ​អាហ្វហ្កានីស្ថាន ទេ។ មេដឹកនាំ​អាហ្វហ្កានីស្ថាន ក៏បាន​មើល​ឃើញ​តថភាព​ហ្នឹងដែរ។ រដ្ឋាភិបាល​ថ្មី របស់​អាហ្វហ្កានីស្ថាន បាន​បន្ទន់​ជំហរ​មួយ អាមេរិក ព្រោះថា គ្មាន​អាមេរិក  អាហ្វហ្កានីស្ថាន​មិនសង្ឃឹម អាច​ទប់ទល់​ជាមួយ ក្រុមតាលីបង់ ​ដែល​ត្រូវ​បាន​អាមេរិក​ផ្តួល​ចេញពី​អំណាច កាលពី​១៤​ឆ្នាំ​មុន​នោះ​ទេ។

មួយវិញទៀត មេដឹកនាំ​អាហ្វហ្កានីស្ថាន មើលឃើញថា ការរក្សា​មូលដ្ឋាន​របស់​អាមេរិក នៅ​អាហ្វហ្កានីស្ថាន ក៏​អាច​ជា​ប្រយោជន៍​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិកដែរ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ គេ​បារម្ភថា ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​ពង្រីកអំណាច នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ អាច​លូកដៃ ចូល​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន នៅពេល​ដែល​ក្រុមអាល់កៃដា នៅអាហ្វហ្កានីស្ថាន កំពុង​ចាប់ផ្តើម​ចុះ​​ខ្សោយ​ដៃ និង​ឥទ្ធិពលនោះ។ ជាក់ស្តែង ក្រុមតាលីបង់​មួយ​ចំនួន​បាន​ប្រកាស​ភ្ជាប់ខ្លួន​ជាមួយ ក្រុមជីហាត នៅស៊ីរី។ ក្រុមនេះ នឹង​អាច​គ្រោះថ្នាក់ ជាង​អាល់កៃដា ឬ​តាលីបង់​ទៅទៀត ព្រោះ​ក្រុមនេះ​សម្លាប់​មិនរើសមុខ មិនថា ប្រជាជន​ស៊ីវិល ឬ​ទាហាន ដែល​ខ្លួន​ចាត់ទុក​ជាសត្រូវ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ