អានតួអត្ថបទ
អាមេរិក

ក្រោយ​ព្យុះ​Sandy ប្រជាជន​ញូវយ៉ក​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ចុះ​ត្រជាក់

នៅមួយសប្តាហ៍ក្រោយ​ព្យុះសង្ឃរា​Sandy បោកបក់​បំផ្លាញ ទីក្រុងពាណិជ្ជកម្ម​ញូវយ៉ក​ចាប់ផ្តើម​ងើប ស្តាខ្លួន​ឡើងវិញ។ ប៉ុន្តែ ទីក្រុង​ញូវយ៉ក​ដែល​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ខ្យល់ព្យុះ​Sandy កំពុង​ប្រឈម​នឹង​បញ្ហា​ គ្មាន​អគ្គិសនី​ប្រើប្រាស់ មនុស្ស​គ្មាន​សម្បែង ក្នុង​ពេល​សីតុណ្ហភាព​ចាប់ផ្តើម​ចុះត្រជាក់​តាំងពីថ្ងៃ​អាទិត្យ​ទី ៤ វិច្ឆិកា​២០១២។

ប្រជាជន​ញូវយ៉ក​ទទួល​អំណោយ​ខោអាវ​រងា ដើម្បី​ទប់ទល់​អាកាសធាតុ​ចុះត្រជាក់​ក្រោយ​ខ្យល់ព្យុះ​សង្ឃរា Sandy
ប្រជាជន​ញូវយ៉ក​ទទួល​អំណោយ​ខោអាវ​រងា ដើម្បី​ទប់ទល់​អាកាសធាតុ​ចុះត្រជាក់​ក្រោយ​ខ្យល់ព្យុះ​សង្ឃរា Sandy ©REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

គ្រោះកាច​នៅមិនទាន់​ចប់​ទេ​សម្រាប់​ប្រជាជន​អាមេរិក។ នៅទីក្រុង​ញូវយ៉ក អាកាសធាតុ​ចុះត្រជាក់​ខ្លាំង ចាប់ពីថ្ងៃ​ចន្ទ​នេះ គឺ​អាច​ដល់ ដក​១​អង្សារ​សេ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អាមេរិក​ទាញ​សញ្ញា​ប្រកាស​អាសន្ន។ នោះ គឺ​គេ​ត្រូវ​រក​ជំរក​កក់ក្តៅ​ ជា​បន្ទាន់​សម្រាប់​ប្រជាជន​ដែល​មាន​ផ្ទះសម្បែង​របស់ខ្លួន​ត្រូវ​​វាយបំផ្លាញ ដោយ​ខ្យល់ព្យុះ។ ប្រជាជន​ញូវយ៉ក​ទាំងនោះ​ដែល​មាន​ចំនួន ប្រមាណ​ពី​៣​ទៅ​៤ម៉ឺននាក់ កំពុង​រស់នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​របស់​សាលា​ក្រុង។ ចំណែក​ផ្ទះ​ជាង ១សែនខ្នង គ្មាន​ភ្លើង​អគ្គិសនីប្រើប្រាស់។

ព្យុះSandy ដែល​បក់បោក​ឆ្នេរខាងកើត​អាមេរិក កាលពីថ្ងៃ​ចន្ទ (២៩​តុលា) សប្តាហ៍មុន​បាន​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ជាង​២​លាន​ខ្នង ក្នុង​រដ្ឋ​ចំនួន ៧ គ្មាន​ភ្លើង​ប្រើប្រាស់។ គ្មានភ្លើង​អគ្គិសនី ប្រើប្រាស់ គ្មាន​ភ្លើង​កំដៅ ក្នុង​ពេល​ដែល​មន្រ្តី​ឧតុនិយម​បាន​ព្យាករ​ថា នឹង​មាន​ព្យុះថ្មី​មួយ​ទៀត​នឹង​វាយបក់​ទៅលើ​ទីក្រុង​ញូវយ៉ក នៅថ្ងៃ​ពុធខាន​ស្អែក ដោយ​នាំមក​ជាមួយ​ព្យុះភ្លៀង។

កាលពីថ្ងៃ​ម្សិលមិញ អភិបាលរដ្ឋ​ញូវយ៉ក លោក Andrew Cuomo បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់នោះ ចាកចេញ​ពី​ផ្ទះរបស់ខ្លួន។ ក្នុង​ពេលនេះ គេត្រូវ​រង់ចាំ​រយៈពេល យ៉ាងតិច ២​សប្តាហ៍​ទៀត ទម្រាំ​គេ​អាច​តបណ្តាញ​អគ្គិសនី​ឡើងវិញ។ សម្រាប់​អភិបាល​រដ្ឋញូវយ៉ក ប្រជាជន​នឹង​អាច​ជួប​គ្រោះថ្នាក់​ភ្លើងឆេះផ្ទះ ឬ​ស្លាប់​ដោយ​ភាពត្រជាក់ ​ប្រសិន​បើ​ពួកគេ​នៅបន្ត​រស់នៅ ក្នុង​ផ្ទះ​ដែល​គ្មាន​ភ្លើង​អគ្គិសនី និង​ប្រើប្រាស់​តែ​ភ្លើងទៀន។

សូមរំលឹកថា ខ្យល់​ព្យុះកំណាច​Sandy កាលពីថ្ងៃ​ទី ២៩​តុលា​កន្លងទៅ​បាន​សម្លាប់​ជីវិត​ពលរដ្ឋអាមេរិកាំង ១០៦​នាក់ ដែល​មាន​៤០​នាក់ នៅក្នុង​ទីក្រុង​ញូវយ៉ក។ គេ​បាន​វាយតម្លៃថា ខ្យល់ព្យុះ​Sandy​បាន​ធ្វើ​ឲ្យ​អាមេរិកខាតបង់​ប្រាក់​ពី ២០ ទៅ ៤០​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ