អានតួអត្ថបទ

កូរ៉េខាងជើង ​មាន​មូលដ្ឋាន​មីស៊ីល​១៣​កន្លែង ដែល​មិន​ប្រកាស​ឲ្យ​គេ​ដឹង

យោងតាមរបាយការណ៍មួយ​ របស់មជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលមានទីតាំង​នៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កូរ៉េខាងជើង មានមូលដ្ឋានមីស៊ីល ជាង២០កន្លែង ក៏ប៉ុន្តែ ក្នុងចំណោមនោះ គឺមានយ៉ាងហោចណាស់​ ១៣កន្លែង ដែលកូរ៉េខាងជើង មិន​បានប្រកាសឲ្យគេដឹងឮ ជាសាធារណៈទេ។ បើផ្អែកតាមរបាយការណ៍នេះ មានន័យថា ការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនមែនជារឿងងាយស្រួល ដូចអ្វីដែល រដ្ឋាភិបាលលោកដូណាល់​ ត្រាំ បានអះអាងនោះទេ។

រូបភាពផ្កាយរណប ថតថ្ងៃទី​២៩មីនា​ ២០១៨ បង្ហាញពីទីតាំងមីស៊ីល ដែលកូរ៉េខាងជើង លាក់​មិន​ប្រកាស ឈ្មោះ ​Sakkanmol នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង។
រូបភាពផ្កាយរណប ថតថ្ងៃទី​២៩មីនា​ ២០១៨ បង្ហាញពីទីតាំងមីស៊ីល ដែលកូរ៉េខាងជើង លាក់​មិន​ប្រកាស ឈ្មោះ ​Sakkanmol នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង។ CSIS/Beyond Parallel/DigitalGlobe 2018/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានមូលដ្ឋានអាវុធមីស៊ីល និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ចំនួន១៣កន្លែង ដែលកូរ៉េខាងជើងខ្លួនឯង មិនដែលប្រាប់ឲ្យគេដឹងថាមានទេ។ មានទីតាំងខ្លះ កំពុងតែដំណើរការ និងមាន​សកម្មភាពជួសជុល រៀបចំកែលម្អ យ៉ាងសកម្មទៀតផង។ ក្នុងនោះ ទីតាំងមីស៊ីល​មួយ​កន្លែងឈ្មោះ Sakkanmol ដែលស្ថិតនៅជិតតំបន់ស ក្បែរព្រំដែនកូរ៉េទាំង២ និងជិតទីក្រុងសេអ៊ូលបំផុតនោះ ហាក់ដូចជាកំពុងតែមានដំណើរការ យ៉ាងសកម្ម។ នេះបើយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS។

យោងតាមរបាយការណ៍នេះ ទីតាំងមូលដ្ឋានទាំងនោះ គឺស្ថិតនៅតាមតំបន់ព្រៃភ្នំ ឆ្ងាយពីប្រជុំជន ដែលអាចជាទីតាំងស្តុកទុក នូវអាវុធមីស៊ីលបាលីស្ទីកគ្រប់ប្រភេទ រាប់ទាំងចំងាយមធ្យម និងចំងាយឆ្ងាយ​ ដែលអាច​ហោះទៅដល់ដីអាមេរិក។ តែយ៉ាងណា ក្រុមអ្នកស្រាវជ្រាវអះអាងថា ទីតាំងទាំង១៣កន្លែងនោះ មិនមែនជាទីទាំងបាញ់បង្ហោះគ្រាប់មីស៊ីលទេ លើកលែងតែករណីត្រូវបាញ់បន្ទាន់ ព្រោះតាមធម្មតា កងទ័ពកូរ៉េខាងជើង បានកំណត់ថា ត្រូវដឹកគ្រាប់មីស៊ីល ចេញពីទីតាំងស្តុង ទៅកាន់ទីតាំងពិសេស សម្រាប់ការបាញ់បង្ហោះ។

ដោយឡែក លោកKim Eui-Kyeom អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា ចារកិច្ចសម្ងាត់អាមេរិក និងកូរ៉េខាងត្បូង តាមដានបញ្ហានេះយ៉ាងជាប់ស្អិត ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប។ លោកបន្ថែមថា របាយការណ៍របស់មជ្ឈមណ្ឌល CSIS នេះ គឺពុំមានបន្ថែមតួលេខ ឬព័ត៌មានអ្វីថ្មីទេ។ លោកបញ្ចាក់ទៀតថា ទោះយ៉ាងណាក៏ដោយ កូរ៉េខាងជើង មិនដែលបានសន្យាជាផ្លូវការ ថានឹងបិទទីតាំងមីស៊ីលរបស់ខ្លួនទេ។

ជាការពិតណាស់ ថ្វីបើក្រោយជំនួបរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីខែមេសា ឆ្នាំ២០១៨ នេះ កូរ៉េខាងជើង មិនបានសន្យាអ្វីឲ្យជាក់លាក់ទេ។ រហូតមកដល់ពេលនេះ ការចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក ក៏ហាក់ដូចជានៅនឹងថ្កល់។ រហូតមកទល់ពេលនេះ កូរ៉េខាងជើង ក៏មិនដែលបានបង្ហាញតួលេខ ឲ្យជាក់ច្បាស់ អំពីចំនួន ឬទំហំនៃទីតាំង ក៏ដូចជាគ្រាប់កាំជ្រួច មីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែរ ដែលខ្លួនមានទេ។

ពាក្យសំដីអួតសំញែញ របស់លោកដូណាល់ ត្រាំ ដែលថា លោកបានធ្វើឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនោះ ត្រូវបានគេមើលឃើញថា គឺជាការនិយាយបំប៉ោង និងត្រេកអរលឿនជ្រុល ដែលការពិត បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង នៅមានភាពស្មុគស្មាញជាទីបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ