អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ សវនាការ​កាត់ក្តី​លោកស្រី ​ប៉ាក់ គុនហេ ​ចាប់ផ្តើម​បើក

លោកស្រី ​ប៉ាក់ គុនហេ ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ដែល​បាន​បាត់បង់​តំណែង ​ដោយសារ​​តែ​រឿង​អាស្រូវ​ពុករលួយ​នេះ ​ ត្រូវ​បាន​បញ្ជូន​ខ្លួន ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ​ដែល​បាន​ចាប់ផ្តើម​បើក​សវនាការ​ជំនុំ​ជំរះ​ ចាប់​ពី​ថ្ងៃ​អង្គារ​ទី​២៣ ​ឧសភា​នេះ​ទៅ។ តាមការ​រំពឹងទុក ​ សវនាការ​នេះ ​នឹង​បន្ត​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៅមុខ​ ដើម្បី​លាត​ត្រដាង​រាល់​ការពិត​ ស្តីពី​សកម្មភាព​ពុករលួយ ​ដែល​គេ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោកស្រី។ សវនាការ​នេះ ​ត្រូវ​បាន​ប្រជាជន​កូរ៉េ​ខាងត្បូង​ ចាត់ទុក​ថា ​ជា​សវនាការ​ប្រចាំ​សតវត្ស។

លោកស្រី ប៉ាក់ គុនហេ ពេលមកដល់តុលាការ ថ្ងៃទី​២៣ ឧសភា ២០១៧
លោកស្រី ប៉ាក់ គុនហេ ពេលមកដល់តុលាការ ថ្ងៃទី​២៣ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ ប៉ាក់ គុនហេ ​ដែល​គេ​ធ្លាប់​តែ​ឃើញ ​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ អស្ចារ្យ ​ជាមួយ​នឹង​គ្រឿង​សំអាង   ​គ្រឿង​អល្លង្ការ ​ថ្លៃៗ នោះ ​​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ​ឧសភា​នេះ ​លោកស្រី​បាន​បង្ហាញ​ខ្លួន​ ​​នៅ​ចំពោះមុខ​សវនាការ ​ក្រុងសេអ៊ូល ​​ក្នុង​សំលៀកបំពាក់​សា​មញ្ញ ​ប្រកប​ដោយ​ទឹកមុខ​ស្រង៉ូតស្រង៉ាត់ ​មិន​មាន​លាប​ក្រែម​ម្សៅ​អ្វី​ឡើយ។ រថយន្ត​មន្ទីរ​ឃុំឃាំង បាន​ដឹក​លោកស្រី​ មក​ដល់​តុលាការ អម​ដំណើរ​ដោយ​មន្ត្រី​នគរបាល​ជាច្រើន​នាក់។

លោកស្រី ​បាន​ងាក​មុខ​ បែរ​ចេញ​ មិន​ឲ្យ​ប៉ះនឹង​ក្រសែរ​ភ្នែក ​របស់​លោកស្រី​ ឆយ ស៊ុនស៊ីល ​ដែល​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ព្រមគ្នា​ដែរ។ គឺ​លោកស្រី​ ឆយ ស៊ុនស៊ីល ​មិត្ត​ស្និទស្នាល​រយៈ​ពេល​៤០​ឆ្នាំ​ របស់​លោកស្រី​ប៉ាក់ គុនហេ ​នេះហើយ ​ដែល​ជា​ដើម​ប្រភព​ ​នៃ​រឿង​អាស្រូវ ​ពុក​រលួយ​ដ៏​ធំ​នេះ។ លោកស្រី​ ឆយ ស៊ុនស៊ីល​​ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំណាច ​ឥទ្ធិពល​ខុសច្បាប់ ​ដោយ​បាន​ប្រើ​ឈ្មោះ​ជា​មិត្ត​របស់​ប្រធានាធិបតី ​ទៅ​ប្រមូល​ប្រាក់​ពី​ក្រុមហ៊ុន​នានា ​សរុប​ប្រមាណ​ជា​៧០​លាន​ដុល្លារ។ យ៉ាងណា​មិញ ​មេដឹកនាំ​ក្រុមហ៊ុន ​Sumsung និង​ ក្រុមហ៊ុន​ Lotte របស់​កូរ៉េ​ខាងត្បូង ​ក៏បាន​ជាប់​ចោទ​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដែរ។

 

ចំណែក​លោកស្រី ​ប៉ាក់ គុនហេ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុករលួយ ​និង​ប្រើប្រាស់​ឥទ្ធិពល​ខុសច្បាប់ ​ជាមួយ​នឹង​លោកស្រី​ឆយ ស៊ុនស៊ីល។ បទចោទ​ប្រកាន់​មួយ​ទៀត​ដ៏​ធ្ងន់​នោះ ​គឺ​លោកស្រី​ប៉ាក់ គុនហេ ​ត្រូវ​បាន​គេ​ចោទ​ថា ​បាន​យក​កិច្ចការ​ដឹកនាំ​ប្រទេស ​កិច្ចការ​សំងាត់​ជាតិ ​យក​ទៅ​លាត​ត្រដាង ​​និង​ស្តាប់​បង្គាប់​លោកស្រី​ ឆយ ស៊ុនស៊ីល ​ទាំងដែល​ លោក​ស្រី​នេះ ​ពុំមាន​មុខងារ​អ្វី​សោះ។

 

តាម​ការរំពឹង​ទុក ​សវនាការ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ ​ នឹង​ត្រូវ​បន្ត​អូសបន្លាយ ​ជាច្រើន​ខែ ​ដោយសារ​តែ​ភាព​ស្មុគស្មាញ​សាំញ៉ាំ​នៃ​សំណុំរឿង។ នៅព្រឹក​ថ្ងៃ​អង្គារ ​នេះ ​មាន​មនុស្ស​ជា​ច្រើន​រយនាក់ ​ដែល​បាន​ឈរ​រង់ចាំ​ នៅខាង​មុខ​តុលាការ ​ក្រុង​សេអ៊ូល ​ដើម្បី​រង​ចាំ​ស្តាប់​ឈ្មោះ ​ដែល​គេ​ចាប់​ឆ្នោត ​សម្រេច​ឲ្យ​ចូល​ទៅ​ស្តាប់​ អង្គ​ជំនំ​ជំរះ។ បុរស​ចំណាស់​ម្នាក់​ ដែល​ឈរ​ចាំ​នៅ​ខាង​មុខ​តុលាការ​ បាន​និយាយ​ថា ​លោកស្រី ​ប៉ាក់ គុនហេ ​ត្រូវតែ​ទទួល​ទោស​ ឲ្យ​សម​នឹង​ទង្វើ​របស់​គាត់ ​ហើយ​វា​គឺ​ជា​មេរៀន ​សម្រាប់​មេដឹកនាំ​ផ្សេងៗ​ទៀត។ តែក៏​មាន​មនុស្ស​មួយ​ចំនួន នៅ​ខាង​មុខ​តុលាការ ​មកទាមទារ​ឲ្យ​តុលាការ​​ដោះលែង​​លោកស្រី​ ប៉ាក់ គុនហេ​​ដែរ។

 

សារព័ត៌មាន​ក្នុងស្រុក ​របស់​កូរ៉េ​ខាងត្បូង​ បាន​ចាត់ទុក ​សវនាការ​នេះ​ ​គឺ​ជា​សវនាការ​ប្រចាំ​សតវត្ស។ ប្រជាជន​កូរ៉េ​ខាង​ត្បូង ​បាន​តាមដាន​រឿង​រ៉ាវ​នេះ ​ប្រៀបដូច​ជា​ការ​តាមដាន​រឿង​ភាគ​កូរ៉េ ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ដូច្នោះ​ដែរ។ គេ​សង្ឃឹម​ថា ​សវនាការ​នេះ ​នឹង​លាត​ត្រដាង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ អំពី​សកម្មភាព​ស្មោគគ្រោក​ ដែល​អ្នក​នយោបាយ ​និង​អ្នក​រកស៊ី​ធំៗ ​នៅ​កូរ៉េ​ខាងត្បូង​ឃុំឃិត​គ្នា ​ដើម្បី​ប្រាក់ ​និង​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ