អានតួអត្ថបទ
ចិន-កូរ៉េខាងត្បូង

លោក​មូន ចែអ៊ីន​​ដឹង​ច្បាស់​ថា ចិន​បារម្ភ​ពី​ប្រព័ន្ធ​ខែលមីស៊ីល​របស់អាមេរិក

លោក​មូន ចែអ៊ីន ប្រធានាធិបតី​ថ្មី​របស់កូរ៉េខាងត្បូង នៅថ្ងៃ​ព្រហស្បតិ៍​ទី ១១​ឧសភា ​បាន​ជជែក​តាមទូរស័ព្ទ រយៈពេល ៤០​នាទី ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង។ ប្រមុខ​ដឹកនាំ​ទាំងពីរ​បាន​និយាយ​យល់ស្រប​គ្នា​ថា ការជំរុញ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​ទិសដៅ​រួម​របស់​ចិន និង​កូរ៉េខាងត្បូង។

ប្រធានាធិបតី​កូរ៉េខាងត្បូង និយាយ​ទូរស័ព្ទ​ជាមួយលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​ឧសភា ២០១៧
ប្រធានាធិបតី​កូរ៉េខាងត្បូង និយាយ​ទូរស័ព្ទ​ជាមួយលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​ឧសភា ២០១៧ ©Blue House/Yonhap
ផ្សាយពាណិជ្ជកម្ម

តាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង កិច្ចសន្ទនា​តាម​ទូរស័ព្ទ រយៈពេល ៤០​នាទី​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ប្រធានាធិបតី​ចិន ធ្វើឡើង នៅមួយ​ថ្ងៃ​ក្រោយ លោក​មូន ចែអ៊ីន បាន​និយាយ​ទូរស័ព្ទ​ជាមួយ លោក​ដូណាល់ ត្រាំ។ នៅ​ថ្ងៃ​ពុធ លោក​ដូណាល់ ត្រាំ ដែល​បាន​និយាយ​អញ្ជើញប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅទីក្រុង​វ៉ាស៊ីនតោន។

 
លោក​មូន ចែអ៊ីន មក​ពី​ក្រុម​សេរីនិយម បាន​និយាយ​ទូរស័ព្ទ​ដែរ​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន​នៅថ្ងៃ​ពុធនេះ។ ជប៉ុន​ដែល​កូរ៉េខាងត្បូង​ចោទប្រកាន់​ថា ចង់សើរើ កែប្រែ​ប្រវត្តិសាស្រ្ត​ដែល​នៅក្នុង​នោះ​ទាហាន​ជប៉ុន​បាន​ចូលត្រួតត្រា និង​ធ្វើ​ប្រជាជន​កូរ៉េ តាំង​ពី​មុន​សង្រ្គាម​លោកលើក​ទី ២។

បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​សំណុំរឿង​ដែល​ប្រធានាធិបតី​ទាំងពីរ​បានលើក នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។ ប៉ុន្តែ សំណុំរឿង​សំខាន់ ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ការជជែក​ទូរស័ព្ទ នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​ការតាំង​ប្រព័ន្ធ​ខែល​មីស៊ីល THAAD​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង។

តាំង​ពីដើមមក ចិន​ប្រឆាំង​ដាច់ខាត​នឹង​វត្តមាន​របស់​ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរិក នៅកូរ៉េខាងត្បូង ព្រោះ​ចិន​យល់ច្បាស់​ថា អាមេរិក មាន​បំណង​ប្រើ​ប្រព័ន្ធ​ខែលមីស៊ីល ដើម្បី ចង់​យកការណ៍​សម្ងាត់​ពីកងទ័ព​ចិន។ អាមេរិក​វិញ បាន​និយាយ​ម្តងហើយ ម្តងទៀតថា ប្រព័ន្ធ​ខែល​មីស៊ីល របស់ខ្លួន នៅ​កូរ៉េខាងត្បូង គឺ​ដំឡើង​ឡើង ដើម្បី​គ្រាន់​តែ​សម្រាប់​បាញ់​ស្ទាក់ មីស៊ីល​របស់​កូរ៉េខាងជើង​តែ​ប៉ុណ្ណោះ​ក៏ដោយ។ សម្រាប់​អាមេរិក មីស៊ីល​របស់​កូរ៉េខាងជើង​មិនត្រឹម​គំរាមកំហែង កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​ជាសម្ព័ន្ធមិត្ត​របស់អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ កូរ៉េខាងជើង​កំពុង​មាន​មីស៊ីល​ដែល​អាច​បាញ់​ទៅដល់​ទឹកដី​អាមេរិក។

ប្រព័ន្ធខែល​មីស៊ីល​ដែល​អន្តរាយ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន និង​កូរ៉េខាងត្បូង
គឺ​ប្រព័ន្ធ​ខែល​មីស៊ីល​នេះហើយ ដែល​ធ្វើ​ឲ្យ​ចិន ខឹង​ខ្លាំង​កូរ៉េខាងត្បូង។ ដោយសារ​តែ​រឿងនេះ កូរ៉េខាងត្បូង​បាន​ខាតបង់​ខ្លាំង ផ្នែក​សេដ្ឋកិច្ច។ ប្រជាជន​ចិន​បាន​ពហិការ​មិន​ទៅ​ដើរលេង​នៅ​កូរ៉េខាងត្បូង ឬ​ក៏​ទិញ​ផលិតផល​កូរ៉េខាងត្បូង ដូច​ជា​រថយន្ត Hyundai​ជាដើម ដែល​កូរ៉េខាងត្បូង​នាំចូល​ទៅ​ប្រទេស​ចិន។

តាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន​បាន​លើក​និយាយ​ពី​ការលំបាក និង​ការរើសអើង​ដែល​ក្រុមហ៊ុន​វិនិយោគ​កូរ៉េខាងត្បូង បាន​ជួប​ប្រទះ នៅ​ប្រទេសចិន នៅក្រោយ​រដ្ឋាភិបាល​ចិន រិះគន់ ប្រឆាំង​ប្រព័ន្ធខែល​មីស៊ីល​នៅ​កូរ៉េខាងត្បូង។ តាម​ទូរស័ព្ទ លោក​មូន ចែអ៊ីន​បាន សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​ចិន ជួយ​អន្តរាគមន៍ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង និង​ក្តីកង្វល់​របស់​អ្នកវិនិយោគ​កូរ៉េខាងត្បូង​នៅ​ចិន។
 
ប្រព័ន្ធ​ខែមីស៊ីល​របស់​អាមេរិកTHAAD ត្រូវ​ដំឡើង រួចហើយ​នៅ​កូរ៉េខាងត្បូង​ដោយ​រង់ចាំ​តែ​ការដាក់​ឲ្យ​ដំណើរការ​តែប៉ុណ្ណោះ
ប្រព័ន្ធចាប់មីស៊ីល​របស់​​អាមេរិក​មាន​វត្តមាន​នៅ​កូរ៉េខាងត្បូង ដោយសារ​មាន​ភ្លើងខៀវ​របស់​លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ ដែរ។ លោកស្រី​ប៉ាក់ គុនហេ ដែល​មក​ពី​ក្រុមអភិរក្ស​និយម មាន​នយោបាយ​តឹងខ្លាំង​ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែ ទីក្រុង​ប៉េកាំង​មាន​សង្ឃឹមច្រើន ថា កូរ៉េខាងត្បូង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី គឺលោក មូន ចែអ៊ីន នឹង​ដូរចិត្តទៅវិញ  ដក​ចោល​ប្រព័ន្ធ​ខែលមីស៊ីល អាមេរិក ព្រោះថា លោក​មូន ចែអ៊ីន មក​ពី​ក្រុមសេរីនិយម គឺ​ហាក់​មិន​សូវ​យល់ស្រប ទៅនឹង​យុទ្ធសាស្រ្ត តាំង​ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក នៅ​កូរ៉េខាងត្បូង​នោះទេ។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ធ្លាប់​និយាយ​ថា កូរ៉េខាងត្បូង​ត្រូវ​តែ​ជាអ្នកសម្រេច​ចុងក្រោយ ពី​រឿង​ដាក់​ដំឡើង​ប្រព័ន្ធខែល​មីស៊ីល​THAAD។ ហើយ​នៅក្នុង​សៀវភៅ​មួយ ដែល​លោក​បាន​សរសេរ លោក​មូន ចែអ៊ីន​បាន​និយាយ​ថា កូរ៉េខាងត្បូង​ត្រូវ​តែ​ចេះ​និយាយ​ថា ទេ ជាមួយ​អាមេរិក។

នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៅថ្ងៃ ព្រហស្បតិ៍ ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយ​ប្រាប់​សមភាគី​ចិន​ថា លោក​យល់​ពី​ក្តីបារម្ភ​របស់​ចិន និង​យល់​ពី​ជំហរ​របស់​ចិន ទៅលើ​រឿង​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរិក ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ លោក​មូន ចែអ៊ីន​បាន​សន្យា​ថា នឹង​បញ្ជូន​គណប្រតិភូ​ពីរ​ដាច់ដោយឡែក ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​បើក​កិច្ចប្រជុំ​ទ្វេភាគី និយាយ​គ្នា​ឲ្យ​យល់ ពី​រឿង​លុបបំបាត់​ចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​និង​ការតាំង​ប្រព័ន្ធ​ខែលមីស៊ីល​អាមេរិក។

ប៉ុន្តែ តាមអ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន​បាន​និយាយ​បញ្ជាក់​ទៅ​លោក​ប្រធានាធិបតី​ចិន​ដែរថា ប្រព័ន្ធ​ខែល​មីស៊ីល​THAAD​នឹង​អាច​ដោះស្រាយ​ទៅរួច នៅពេល​ណា​កូរ៉េខាងជើង​លែង​ធ្វើ​នយោបាយ​ញុះញង់ បែប​ដូចជា​បាញ់​មីស៊ីល ឬ​បាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ​តទៅទៀត។

សម្រាប់​ប្រយោជន៍​ទាំងអស់គ្នា
ចិន និង​កូរ៉េខាងត្បូង​ចុះ​សម្រុងគ្នា នឹង​ធ្វើ​ភាគីទាំងពីរ​ទទួល​ផល​ចំណេញ​ទាំង​អស់គ្នា ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច ហើយ​និង​យុទ្ធសាស្រ្ត​នយោបាយ​ការបរទេស។ សម្រាប់​កូរ៉េខាងត្បូង គេ​អាច​និយាយ​បាន​ថា ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន នឹង​​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​បាន​ប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ និង​ធំជាងគេ​បង្អស់​របស់​កូរ៉េខាងត្បូង។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​តម្លៃ ដល់​ទៅ ៣០០​ពាន់ លាន​ដុល្លារ ក៏​ជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​ចិន​ត្រូវ​ព្យាយាម​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងត្បូង​វិញដែរ។

ចិនវិញ​ដឹងថា ដំឡើង​សំឡេង ដាក់សម្ពាធ​លើ​កូរ៉េខាងត្បូង ដោយរឿង​ដំឡើង​ប្រព័ន្ធ​ខែល​មីស៊ីល នឹង​មិនអាច​រារាំង ដំណើរការ​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង នោះទេ។ ផ្ទុយទៅវិញ គឺ​មាន​តែ​រុញ​បន្ថែម ឲ្យ​កូរ៉េខាងត្បូង រត់ទៅ​រកជំនួយ​យោធា​ពី​អាមេរិក ដែល​ជា​ប្រការ​មិន​ប្រពៃ សោះឡើយ សម្រាប់​ចិន ដែល​ប្រាថ្នា​ចង់​បាន​តែ​ស្ថិរភាព និង​សន្តិសុខ ក្នុង​តំបន់ សម្រាប់​ការលូតលាស់​សេដ្ឋកិច្ច​របស់​ចិន។ ម្យ៉ាងទៀត គ្រប់គ្នា​យល់​ថា នៅពេល​ចិន កូរ៉េខាងត្បូង អាមេរិក​ដំឡើង​សំឡេង ដាក់គ្នា គឺ​កូរ៉េខាងជើង ដែល​ជាអ្នកឈ្នះ សំងំ​យកសុខ​ដើម្បី បន្ត​កម្មវិធី​នុយក្លេអ៊ែរ​តទៅទៀត។

ចរចា​ការទូត គឺ​ល្អ​ជាង​ការពាក់មុខ​យក្ស​ដាក់គ្នា។ វិបត្តិ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង តាមពិត​គឺ​មិនអាច​ដោះស្រាយ​ចេញរួចទេ បើសិន​គ្មាន​ការលះបង់ ធ្វើ​សម្បទាន​របស់​ភាគី​នីមួយៗ។ កូរ៉េខាងជើង​អះអាង​ថា ការអភិវឌ្ឍ ផលិត​គ្រាប់មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ជា​បេះដូង សម្រាប់​ការរស់រាន​របស់​ខ្លួន និង​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​អាមេរិក។ អាមេរិក​ឯណោះវិញ ឥលូវនេះ​បាន​លើកឡើង​ថា អាមេរិក ត្រូវ​តែ​ដំឡើង​ប្រព័ន្ធខែល​មីស៊ីល ដើម្បី​ទប់ទល់​នឹង​ការបាញ់ វាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ គឺ​ការយកលេស ចោទ ដាក់​គ្នា​ទៅវិញ ទៅមក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រឹតតែ​រំកិល បោះជំហាន​ទៅមុខ រហូត ក្នុង​ការផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ អ្នករងគ្រោះ​មុនគេ គឺ​កូរ៉េខាងត្បូង​នេះ​ឯង។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក្រោម​ការដឹកនាំ​របស់​លោក​មូន ចែអ៊ីន​មើល​ទៅ ទំនង​មិន​ដើរ​នយោបាយ​របស់​រដ្ឋាភិបាល​ចាស់ នយោបាយ​រឹតបន្តឹង ដែល​ធ្វើ​ឲ្យ​ដាច់​ខ្សែចាប៉ី នោះទេ។ លោក​មូន ចែអ៊ីន​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការបង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល កូរ៉េ​ទាំងពីរ នៅ​ឆ្នាំ ២០០៧បាន​និយាយ​នៅក្នុង​ពេល​ស្បថ​ចូលកាន់​តំណែងថា  លោកត្រៀមខ្លួន​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដើម្បី​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ គេ​មិន​ដឹងថា តើ​លោក​មូន ចែអ៊ីន​អាចធ្វើ​បាន​ដូច​សំដី​ដែរឬទេ។ យ៉ាងណាក៏ដោយ គេ​នៅ​តែ​សង្ឃឹមថា ភាពតានតឹង​កូរ៉េ នឹង​អាច​ថយចុះ​មួយ​កម្រិត មកវិញ បើសិន ភាគី​ម្ខាង ដូចជា​កូរ៉េខាងត្បូង បាន​បោះដៃ ជាមុន ធ្វើ​សម្បទាន មាន​ចេតនា​ចង់​ដោះស្រាយ​វិវាទ​នឹងគ្នា ជាជាង​ការចង់​យកតែ​ឈ្នះ​រៀងៗ​ខ្លួន៕

អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង បារម្ភ​ដែល​ឃើញ ជំហរ​ថ្មី​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង។ សម្រាប់​មន្រ្តី​ជាន់ខ្ពស់​អាមេរិក ការដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង ឬ​មាន​អរិភាព​ជាមួយ​ប្រព័ន្ធ​ខែលមីស៊ីល​THAAD នឹង​មិន​ឲ្យ​គេ​អាច​ដាក់​គំនាប ទៅលើ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ឲ្យ​លះបង់​ចោល​មហិច្ឆតា​ផលិត​គ្រាប់បែក​នុយក្លេអ៊េរ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ