អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

អាជ្ញាធរចិន​ ចុះ​បញ្ជី​យីហោ​ពាណិជ្ជកម្ម​ទាំង​៣៨ ​របស់​ក្រុមហ៊ុន​Trump

យោង​តាម​ទីភ្នាក់ងារ ​ព័ត៌មាន ​Reuters ​អាជ្ញាធរ​ចុះ​បញ្ជីរ​ពាណិជ្ជកម្ម​ចិន ​ ទើប​បាន​សម្រេច ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ក្នុង​ការ​ផ្តល់​ភ្លើង​ខៀវ ​ព្រម​ចុះ​បញ្ជី​ម៉ាក​យីហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​លោក​ដូណាល់​​ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ការ​ព្រម​ចុះ​បញ្ជី​ការពារ​ម៉ាក​យីហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​Trump​ នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺ​ជា​​យុទ្ធសាស្ត្រ​ទាក់ទាញ​វិនិយោគ ​ដែល​ចិន​បាន​រៀបចំ ​ តាម​រយៈ​ការ​យកចិត្ត​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​នឹង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នេះ។

Trump Tower ទីតាំងនៃអណាចក្រក្រុមហ៊ុន របស់​លោក ដូណាល់ ត្រាំ ដ៏មហាសាល
Trump Tower ទីតាំងនៃអណាចក្រក្រុមហ៊ុន របស់​លោក ដូណាល់ ត្រាំ ដ៏មហាសាល Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ លោក​ដូណាល់ ត្រាំ ​គឺជា​មហាសេដ្ឋី ​និង​អ្នក​ជំនួញ​ដ៏ល្បី។ Trump Organization ​គឺជា​អាណាចក្រ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏ធំ ​ ដែល​មាន​ម៉ាក​យីហោ​ពាណិជ្ជកម្ម​ចំណុះ​របស់​ខ្លួន​ជាច្រើន។ បច្ចុប្បន្ន​ក្រុមហ៊ុន​ Trump​ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ភិបាល ​ ដែល​មាន​កូន​ប្រុស​របស់​លោក​ដូណាល់ ត្រាំ​ ជាអ្នក​គ្រប់គ្រង។

 
ម៉ាក​យីហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​Trump ​ចំនួន ៣៨ ​​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ចិន​ យល់ព្រម​ទទួល​ចុះ​បញ្ជី​ការពារ។ ការ​សម្រេច​ចុះ​បញ្ជីរ​ មាន​លក្ខណៈ​បណ្តោះ​អាសន្ន​រយៈ​ពេល​៩០​ថ្ងៃ ​ដោយ​ត្រូវ​រងចាំ​ក្រែង​មាន​ការ​ជំទាស់ ​ពី​ភាគី​ផ្សេង។​ ផុត​រយៈ​ពេល​នេះ​ បញ្ជី​ឈ្មោះ​នេះ​ នឹង​ត្រូវ​ចុះ​ជា​ផ្លូវការ។

លោក​មេធាវី​ការពារ​ក្រុមហ៊ុន​ Trump​ បាន​អះអាង​ថា ​ពាក្យ​សុំ​ចុះ​បញ្ជី ​ត្រូវ​បាន​ដាក់​ជូន​ទៅ​អាជ្ញាធរ​ចិន​ ​តាំង​តែ​ពី​ខែ​មេសា ​ឆ្នាំ​២០១៦​ម្លេះ។​ លោក​មេធាវី​រូប​នេះ​បន្ត​ថា ​ក្រុមហ៊ុន ​បាន​ព្យាយាម ​ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ម៉ាក​យីហោ​ក្រុមហ៊ុន ​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ចិន​ ដែល​នេះ​ការ​យល់​ព្រម​ចុះ​បញ្ជី ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ ពុំមាន​អ្វី​ពាក់ព័ន្ធ​នឹង​វិស័យ​នយោបាយ​ទេ។

តែ​យ៉ាងណា ​សម្រាប់​លោក ​Ben Cardin ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​មួយ​រូប​បានយល់​ឃើញ​ថា ​ការ​ព្រមព្រៀង​ចុះ​បញ្ជី​ការពារ​យី​ហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​Trump ​ដោយ​អាជ្ញាធរ​ចិន​នេះ ​ គឺ​វា​ស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ អំពី​យុទ្ធសាស្ត្រ​រកស៊ី​របស់​ចិន​ និង​របស់​ក្រុមហ៊ុន​Trump ​ដែល​មាន​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ជា​បង្អែក។ បើ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ ​យី​ហោ​ពាណិជ្ជកម្ម​ទាំង​នោះ ​គឺ​ត្រូវ​ចុះបញ្ជីរ​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ​Donald J. Trump ​តែម្តង។

សម្រាប់​លោក​សមាជិក​ព្រឹទ្ធសភា​រូបនេះ ​ អាជ្ញាធរ​ចិន​បាន​ឆក់​ឱកាស​នេះ​​ ប្រើប្រាស់​នយោបាយ​ការទូត​​​ទន់ភ្លន់​ជាមួយ​លោក​ដូណាល់ ត្រាំ ​​ដើម្បី​ទាក់ទាញ​ហ៊ុន​វិនិយោគ​ទាំង​អស់​របស់​ក្រុមហ៊ុន ​Trump ​មកក្នុង​ទីផ្សារ​ចិន។ យ៉ាងណាមិញ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ​ ក្រុមហ៊ុន​សំណង់​Trump​ ទើបតែ​បាន​ទទួល​ភ្លើង​ខៀវ ​ពី​អាជ្ញាធរ​ចិន​​ ដើម្បី​សាងសង់​អាគារ​អចនលទ្រព្យ​ជាច្រើន​កន្លែង។ ដូចគ្នា​នឹង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ​ គំរោង​សំណង់​ទាំង​អស់​នោះ ​បាន​ជាប់​គាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយមាន​បញ្ហា​ផ្លូវ​ច្បាប់។ តែ​គ្រាន់​តែ​លោក​ត្រាំ ​បាន​ក្លាយ​ជា​ប្រធនាធិបតី ​អ្វីៗ​ហាក់​ដើរ​ទៅ​មុខ​យ៉ាង​លឿន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ