អានតួអត្ថបទ
ចិន

ចិន​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​ការ​បង្ហាញ​យន្តហោះ​ចម្បាំង ​J-20 ​ថ្មី​របស់​ខ្លួន

ក្នុង​ឱកាស​ពិព័ណ៌​អាកាសចរណ៍ ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ជូហៃ ​ប្រទេស​ចិន ​ចិន​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ ​ដោយ​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ថ្មី​ឈ្មោះ ​J-20​ របស់​ខ្លួន​ចំនួន​២គ្រឿង ​មក​ហោះ​កាច់កុង​លើ​មេឃ​បង្អួត​អ្នក​ទស្សនា​ពិព័ណ៌។ យន្តហោះ​ចម្បាំង​ស្នាដៃ​ចិន ​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​នេះ ​ បាន​កសាង​ឡើង​ដោយ​ស្ងាត់ៗ ​ហើយ​វា​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ អំពី​មហិច្ឆិតា​យោធា​របស់​ចិន ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

យន្តហោះប្រដេញ J-20 របស់ចិន​ ហោះ​បង្ហាញ​នៅ​ក្រុង​ជូហៃ​ ក្នុង​ឱកាស​​ពិព័ណ៌​អាកាសរចរណ៍​ ថ្ងៃទី​១ វិច្ឆិកា ២០១៦
យន្តហោះប្រដេញ J-20 របស់ចិន​ ហោះ​បង្ហាញ​នៅ​ក្រុង​ជូហៃ​ ក្នុង​ឱកាស​​ពិព័ណ៌​អាកាសរចរណ៍​ ថ្ងៃទី​១ វិច្ឆិកា ២០១៦ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃ​អង្គារ​ទី១​ វិច្ឆិកា ​ក្រោម​ផ្ទៃ​មេឃ​ស្រលះ ​អម​ដោយ​រស្មី​ព្រះអាទិត្យ​ចែងចាំង ​មនុស្សម្នា​ដែល​ចូលរួម​ពិព័ណ៌​អាកាសចរណ៍​នៅ​ក្រុង​ជូហៃ ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ បាន​នាំគ្នា​ងើយមុខ​ភ្នែក​សំឡឹង​ទៅ​លើ ​ដើម្បី​ស្ញប់ស្ញែង ​ក្បួន​យន្តហោះ​ទាហាន​របស់​ចិន ​ដែល​ហោះ​ដាំក្បាល​ចុះឡើង។ ស្រាប់តែ​ហៀប​នឹង​ចប់​ យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ថ្មី​ស្រឡាង ​បាន​ហោះត្រង់​ឆ្ពោះ​ឡើង​ទៅ​លើ ​មុន​នឹង​ដាំក្បាល​ចុះ​មកវិញ ​បន្ត​ដំណើរ​វិល​ចុះ​វិល​ឡើង។ អ្នក​ទស្សនា​បាន​ស្រែក​អបអរ​ហ៊ោរ​កញ្ជ្រៀក ​ បន្ទាប់​ពី​បាន​ដឹង​ថា​នេះ​គឺ​ជា​យន្តហោះ​ចម្បាំង​ទំនើប​ ទើប​បក​ពីកេស ​របស់​ចិន​មាន​ឈ្មោះ​ថា J-20

 
ការ​ស្ថាបនា​យន្តហោះ​ចម្បាំង​ស្នាដៃ​ផលិត​របស់​ចិន​នេះ ​ត្រូវ​បាន​លាក់​ការ​សំងាត់​យ៉ាង​ខ្ពស់​បំផុត​ ហើយ​ទើប​បាន​ប្រកាស​នៅ​នាទី​ចុងក្រោយ​ប៉ុណ្ណោះ ​មុន​ពេល​ហោះ​បង្ហាញ។ តាម​រយៈ​យន្តហោះនេះ​ ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ​អំពី​សមត្ថភាព​បច្ចេកវិទ្យា​យោធា​ផ្លូវ​អាកាស ​ ដែល​ចិន​កំពុង​តែ​ព្យាយាម​តាម​​ឲ្យ​ទាន់​ ​ប្រទេស​ធំៗ​នានា ​ដូច​ជា​សហរដ្ឋ​អាមេរិក​ និង​បារាំង។ រដ្ឋាភិបាល​ចិន​ ធ្លាប់​បាន​ប្រកាស​ហើយ​ ថា​ចិន​ កំពុង​ធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​វិស័យ​កងទ័ព​របស់​ខ្លួន ​ ដើម្បី​ធានា​ការពារ​សន្តិសុខ ​មិន​ថា​ដែន​គោក ​រឺ​ដែនទឹក។ ដែនទឹក​ ​គឺចិន ​ចង់​សំដៅ​ដល់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ជាច្រើន​នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ ពិព័ណ៌​អាកាសចរណ៍​ទីក្រុង​ជូហៃ ​ធ្វើឡើង​ពីរ​ឆ្នាំ​ម្តង ​គឺ​ជា​ពិព័ណ៌​ធំ​បំផុត​និង​តែមួយ​គត់​របស់​ចិន ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្លូវ​អាកាស។  ក្នុង​ឱកាស​នេះ ​ ចិន​បាន​ដាក់​តាំង​បង្ហាញ​សមិទ្ធិផលរបស់​ខ្លួន​ជាច្រើន​ ដូចជា​ឧត្ថម្ភាគចក្រ​ពាសដែក​ទំនើប ​ ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​ផ្លូវអាកាស​ ឧបករណ៍​ដ្រូន​ ​ និង​យន្តហោះ​ប្រដេញ​ទំនើប​ផលិត​នៅ​ចិន​ជា​ច្រើន​គ្រឿង។

ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្លូវ​អាកាស​ចំនួន​៤២ ​ ក៏មាន​មុខ​ក្នុង​ពិធី​តាំង​ពិព័ណ៌​នេះដែរ។ ជាង​នេះ​ទៅទៀត ​ការ​តាំង​ពិព័ណ៌​នេះ ​គឺ​ជា​ឱកាស​ដែល​ក្រុមហ៊ុន​បរទេស​ធំៗ ​ទាំងនេះ​ អាច​បង្ហាញ​ផលិតផល​និង​សមត្ថភាព​ខ្លួន​  ដើម្បី​វាយលុក​ទីផ្សារ​ចិន។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិIATA ​បានឲ្យ​ដឹង​ថា ​នៅ​រវាង​ឆ្នាំ​២០២៤ ​ចិន​នឹង​​មាន​ទីផ្សារ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស ​ធំ​ជាង​គេ​បង្អស់ ​ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ