អានតួអត្ថបទ
ចិន-អវកាស

អ្នកអវកាសចិន​២រូប បាន​ចុះ​មក​ដល់​ដីវិញ ជាមួយ​ក្បាល​យាន​Shenzhou-11

បណ្តាញ​ព័ត៌មាន​ចិន ​កំពុង​អបអរ​សាទរ ​អំពី​ជោគជ័យ​នៃ​បេសកកម្ម​បញ្ជូន​មនុស្ស ​ឡើង​ទៅលើ​លំហ​អាកាស ​រយៈពេល​វែង​មិន​ធ្លាប់​មាន​សម្រាប់​ចិន។ អ្នក​អវកាស​ទាំងពីរ​រូប​របស់​ចិន​ បាន​ចុះ​មក​ដល់​ដី​វិញ ​នៅថ្ងៃ​ទី១៨​ វិច្ឆិកា​នេះ ​តាម​រយៈ​ក្បាល​កាប់​ស៊ុលនៃ​យាន ​ឆិន​ជូ​ទី​១១(Shenzhou-11) ​បន្ទាប់​ពី​បាន​ធ្វើ​បេសកកម្ម​រយៈពេល​៣៣​ថ្ងៃ ​នៅ​ស្ថានីយ៍​ពិសោធន៍​អវកាស​ចិន ​ដែល​ស្ថិត​នៅ​លើ​ខ្សែ​អកប៊ីត​ផែនដី។

អ្នកអវកាសចិន ទាំងពីរ​ Jing Haipeng និង​ Chen Dong ​
អ្នកអវកាសចិន ទាំងពីរ​ Jing Haipeng និង​ Chen Dong ​ Reuters
ផ្សាយពាណិជ្ជកម្ម

តក់តក់​ពេញ​បំពង់។ ការ​ប្រឹងប្រែង​ផ្នែក​អវកាស​របស់​ចិន​ កំពុង​ស្ថិត​នៅ​លើ​ចំណុច​មួយ​គួរ​ឲ្យ​កោត​សរសើរ។ បេសកកម្ម​បញ្ជូន​មនុស្ស​ឡើង​ទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​លំហ​ នៃ​ខ្សែ​អកប៊ីត​របស់​ផែនដី ​មិនមែន​ជា​រឿង​ងាយ​ ហើយអ្វី​ដែល​លំបាក​បំផុត​នោះ ​ គឺ​ធ្វើ​យ៉ាងណា​យក​មនុស្ស​ត្រលប់​មក​វិញ ​ប្រកប​ដោយ​សុវត្ថិភាព។

ក្បាល​កាប់ស៊ុល​នៃ​យាន​Shenzhou-11 ​របស់​ចិន ​បាន​នាំយក​អ្នក​អវកាស​ចិន​ពីរ​រូប​ត្រលប់​មក​វិញ ​ដោយ​បាន​ចុះ​មក​ដល់ដី ​នៅ​ខេត្ត​ម៉ុងហ្គោលី​ខាងក្នុង ​ នៅ​ថ្ងៃ​ទី​១៨វិច្ឆិកា​នេះ វេលា​ម៉ោង​២រៀល ​ម៉ោង​ក្នុង​ប្រទេស​ចិន។ ទូរទស្សន៍​ចិន ​ បាន​ផ្តិត​យក​រូបភាព​ចុះចត​នៃ​ឆ័ត្រយោង​​ដែល​បាន​សណ្តោង​ក្បាល​កាប់ស៊ុល​នេះ​មក​ដល់​ដី។ តែ​យ៉ាងណា ​គេ​ពុំបាន​ឃើញ​រូប ​អ្នក​អវកាស ​ដើរ​ចេញ​ពី​ក្បាល​កាប់ស៊ុល​នេះ​ទេ។ ប្រធាន​បេសកកម្ម​អវកាស​​នេះ ​ បាន​ថ្លែង​ប្រកាស​ថា នេះ​គឺ​ជា​ជោគជ័យ ​និង​ជា​មោទនភាព​ធំ​បំផុត​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន។

សូមរំលឹក​ថា ​អ្នក​អវកាស​ចិន​ទាំង​ពីររូប​ ដែល​មាន​ឈ្មោះ ​Jing Haipeng ​និង​ Chen Dong  ​បាន​ចេញ​ដំណើរ​កាល​ពី​​ថ្ងៃ​ទី​១៧​តុលា ​ដើម្បី​ធ្វើ​បេសកកម្ម​រយៈពេល​៣៣​ថ្ងៃ ​នៅ​ក្នុង​ស្ថានីយ៍​ពិសោធន៍​អវកាស​ចិន​ ឈ្មោះ​Tiangong-2 ។ ក្នុងរយៈពេល​នេះ ​ អ្នក​អវកាស ​បាន​ធ្វើ​ការ​ពិសោធន៍ ​ដូច​ជា​ការ​ដាំ​រុក្ខជាតិ ​ការ​ចិញ្ចឹម​សត្វ​ដង្កូវនាង ​និង​បាន​ចេញ​មក​ខាង​ក្រៅ​ស្ថានីយ៍​ ដើម្បី​ធ្វើការ​ជួសជុល។ ក្នុង​ពេល​បំពេញ​បេសកកម្ម​នេះ ​អ្នក​អវកាស​ទាំងពីរ ​បាន​ថែម​ទាំង​និយាយ​ឆ្លើយឆ្លង​ជាមួយ​ក្រុម​គ្រូពេទ្យ ​ ដើម្បី​តាម​ដាន​ពីស្ថានភាព​សុខភាព​របស់​ពួក​គេ។ ជាង​នេះ​ទៅ​ទៀត ​ អ្នក​អវកាស​ទាំងពីរ​ បាន​និយាយ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​លោក​ស៊ី ជីនពីង​ ពីលើ​ខ្សែ​អកប៊ីត​ ហើយ​ដែល​បណ្តាញ​សារព័ត៌មាន​ចិន ​បាន​ចុះផ្សាយ​យ៉ាង​គគ្រិកគគ្រេង។

សូមបញ្ជាក់ថា ​ស្ថានីយ៍​អវកាស​ Tiangong-2 នេះ ​គឺ​ជា​ស្ថានីយ៍​ពិសោធន៍​របស់​ចិន ​ដែល​ស្ថិត​នៅ​កំពស់​៣៩៣​គីឡូម៉ែត្រ​ក្នុង​ខ្សែ​អកប៊ីត។  ចំណែក​ ស្ថានីយ​អវកាស​អន្តរជាតិ​ISS ​របស់​អាមេរិក ​ជប៉ុន ​អឺរ៉ុប​ និង​រុស្ស៊ី ​វិញ​នោះ ​មិនមាន​ការ​ចូលរួម​របស់​ចិន​ទេ ​ ហើយ​ស្ថានីយ៍​នេះ ​និង​ឈប់​ដំណើរការ​ក្នុង​រយៈពេល​៦ឆ្នាំ​ទៀត។ ចិន​មាន​គម្រោង​ស្ថាបនា​ស្ថានីយ​អន្តរជាតិ​ថ្មី​ ដោយ​ខ្លួន​ឯង ​ក្នុង​រវាង​៦ឆ្នាំ​ទៀត ​ បន្ទាប់​ពី​ស្ថានីយ៍​ISS​ឈប់​ដំណើរ​ការ។

មហិច្ឆតា​អវកាស​របស់ចិន ​ កំពុង​ក្លាយ​ជា​ការពិត។ រដ្ឋាភិបាល​ចិន​ បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​នេះ ​ដើម្បី​ចង់​ដើរ​តាម​ឲ្យ​ទាន់​សហរដ្ឋ​អាមេរិក ​រុស្ស៊ី ​និង​អឺរ៉ុប។ ក្រសួង​ការពារជាតិ​ចិន​ផ្ទាល់ ​គឺ​ជា​អ្នក​ចាត់ចែង​ការ​ស្រាវជ្រាវ ​ និង​បេសកកម្ម​អវកាស។ ក្រៅពី​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ស្ថានីយ៍​អវកាស​ក្នុង​រយៈពេល​វែង ​ ចិន​ក៏​មាន​បេសកកម្ម ​បញ្ជូន​មនុស្ស​ទៅ​ស្រាវជ្រាវ​នៅ​ឋាន​ព្រះចន្ទ​ផង​ដែរ។ កាលពី​ឆ្នាំ​២០១៣ ​ ចិន​បាន​បញ្ជូន​យាន​រ៉ូបូ ​Chang’e-3 ​របស់​ខ្លួន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​បាន​សម្រេច​រួច​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ