អានតួអត្ថបទ
ហុងកុង-ប្រជាធិបតេយ្យ

ប្រជាជន​ហុងកុង ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​កាត់ទោស ​លើ​មេក្រុម​យុវជន​ប្រជាធិបតេយ្យ​៣​រូប

កាលពី​ថ្ងៃ​អាទិត្យ​ទី ២០ សីហា​​ ប្រជាជន​ហុងកុង ​រាប់ពាន់​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ខាង​មុខ​តុលាការ​ឧទ្ធរណ៍​ហុងកុង​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ ដោះលែង​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​៣នាក់​ដែល​តុលាការ​នេះ ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ។ សកម្មជន​ទាំង​បីនាក់​នោះ ​គឺ​ជា​មេ​ក្រុម​បះបោរ​ឆ័ត្រ​លឿង ​ដែល​បានដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​លិទ្ធិ​ប្រជាធិបតេយ្យ ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៤។

ប្រជាជនហុងកុង ធ្វើបាតុកម្មនៅតាមផ្លូង ថ្ងៃទី២០សីហា ២០១៧
ប្រជាជនហុងកុង ធ្វើបាតុកម្មនៅតាមផ្លូង ថ្ងៃទី២០សីហា ២០១៧ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃការ​ធ្វើ​បាតុកម្ម ​ជាមួយ​នឹង​បាតុករ​រាប់​ពាន់​នាក់ ​មិន​ថា​ចាស់​ឬ​ក្មេង ​នៅតាម​ផ្លូវ ​ក្នុង​ទីក្រុង​ហុងកុង ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី២០សីហា បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ទៅ​ដល់ ​មហាបាតុកម្ម​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៤។ គឺក្នុង​មហា​បាតុកម្ម​នោះ​ហើយ ​ ដែល​យុវជន​ហុងកុង​បី​រូប​ ត្រូវ​បាន​អាជ្ញាធរ ​ចាប់​ឃាត់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ។

យុវជន​ទាំងបី​មាន​ឈ្មោះ​Joshua Wong ​ Nathan Law ​និង Alex Chow ​ត្រូវ​បាន​តុលាការ​ឧទ្ទរណ៍​កោះ​ហុងកុង​ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ចន្លោះ​ពី​៦​ ទៅ​៨​ខែ ​ពី​បទ​ដឹកនាំ​ការ​បះបោរ​ធ្វើ​បាតុកម្ម។ ប្រជាជន​រាប់​ពាន់​នាក់​ បាន​មក​តវ៉ា ​នៅ​ខាង​មុខ​តុលាការ​ឧទ្ធរណ៍ ​នៅ​ថ្ងៃ​អាទិត្យ​ ​ ដើម្បី​បរិហារ​អំពី​សាលក្រម​នេះ ​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​សារ​គំរាម​ កំញើញ​ដល់​ស្មារតី​របស់​យុវជន​ហុងកុង ​ ពី​សំណាក់ ​រដ្ឋាភិបាល​ចិន​ប៉េកាំង។

បាតុករ​ម្នាក់​ ឈ្មោះ ​​​William Cheung ​បាន​លើក​ឡើង​ថា ​កាល​ពី​តុលាការ​ដំបូង​ ចៅក្រម​គ្រាន់​តែ​បាន​សម្រេច​ឲ្យ​យុវជន​ទាំងបី​ខាង​លើ ​បំពេញ​​ពលកម្ម​​ដើម្បី​ប្រយោជន៍​សាធារណៈ ​ពោល​គឺ​មិនមាន​ទោស​ជាប់​ពន្ធនាគារ​ទេ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​ហុងកុង ​ដែល​ទទួល​បញ្ជារ​ពី​ប៉េកាំង ​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ ដាក់ទោស​​ឲ្យធ្ងន់​ជាង​នេះ ​ទៅ​លើ​យុវជន​ប្រជាធិបតេយ្យ​ទាំង​៣។ សម្រាប់​លោក​ នេះ​គឺ​ជា​ភស្តុតាង​ យ៉ាង​ច្បាស់​នឹង​ភ្នែក​ អំពី​ការ​ប្រើ​អំណាច​ផ្តាច់ការ​របស់​ប៉េកាំង ​មក​លើ​ដែនដី​ស្វ័យ័ត​ហុងកុង។

ចំណែក​ កញ្ញា ​Anne Lee ​និស្សិត​វ័យ​១៩​ឆ្នាំ​ម្នាក់ ​ដែល​មាន​វត្តមាន​ក្នុង​បាតុកម្ម​នេះ​ដែរ ​បាន​លើក​ឡើង​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​នេះ ​ គឺ​ជា​ការ​គំរាម ​ បំភិត​បំភ័យ ​ពី​សំណាក់​គណបក្ស​កុម្មុនីស្តិ​ចិន​ មក​លើ​ចលនា​បះបោរ​របស់​យុវជន​ហុងកុង​ ដែល​ស្រលាញ់​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ។

គួររំលឹក​ថា ​មហា​បាតុកម្ម​បះបោរ​ឆ័ត្រ​លឿង ​ដែល​មាន​អ្នក​ចូលរួម​ ភាគ​ច្រើន ​ជា​សិស្ស​និស្សិត ​នោះ ​បាន​ចាប់​ផ្តើមឡើង ​នៅ​រវាង​ចុងខែ​កញ្ញា​ឆ្នាំ​២០១៤ ​ ហើយ​បាន​អូស​បន្លាយ​ អស់​រយៈពេល​២ខែ។ ក្រុម​បាតុករ​ឆ័ត្រលឿង​ បាន​ធ្វើការ​តវ៉ា ​ទាមទារ​ឲ្យ​ប្រជាជន​ហុងកុង ​ បាន​ទទួល​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ខ្លួន​ ដោយ​សេរី ​និង​តាម​ក្រឹត្យក្រម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​មិនមែន​ជា​មេដឹកនាំ​ដែល​ប៉េកាំង​ជា​អ្នក​ចាត់​តាំង​មក​​នោះទេ។ សូម​បញ្ជាក់​ថា ​បើតាម​កិច្ច​ព្រមព្រៀង​រវាង​ចិន ​និង​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៩៧ ​ហុងកុង​ត្រូវ​ស្ថិត​នៅ​ជា​ដែនដី​ស្វ័យ័ត ​“ប្រទេស​តែមួយ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ផ្សេង​គ្នា” យ៉ាងហោច​ណាស់​ រហូត​ដល់​ឆ្នាំ​២០៤៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ