អានតួអត្ថបទ
ហ្វីលីពីន-នយោបាយ

ហ្វីលីពីន៖ប្រធានាធិបតី​ចប់​តំណែង អំពាវនាវ​ឲ្យ​ប្រជាជន​ក្រោកឈរ​ប្រឆាំង​ប្រធានាធិបតី​ថ្មី

នៅ​មិនដល់​មួយ​ខែ​ទៀត ​ លោក​អាគីណូ​ ប្រធានាធិបតី​ហ្វីលីពីន​ ដែល​ត្រូវ​ចប់​អាណត្តិ ​នឹង​ត្រូវ​ធ្វើ​ការ​ផ្ទេរ​តំណែង​ទៅ​ឲ្យ​ប្រធានាធិបតី​ថ្មី ​គឺ​លោក ​រ៉ូឌ្រីហ្គោ ឌុយទែតេ។ ក៏​ប៉ុន្តែ ​ នៅ​ថ្ងៃ​អាទិត្យ​ទី​១២​មិថុនា​នេះ ​ លោក​អាគីណូ ​បាន​ធ្វើ​ការ​អំពាវនាវ​ ឲ្យ​ប្រជាជន​ហ្វីលីពីន​ទាំងអស់ ​ក្រោក​ឈរឡើង ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ តទល់​នឹង​លោក​ប្រធានាធិបតី​ថ្មី ​ ដែល​ជា​មនុស្ស​ផ្តាច់ការ ​និង​និយម​អំពើ​ហិង្សា​កាប់​សម្លាប់។

លោកBenigno Aquino ប្រធានាធិបតីហ្វីលីពីន​​ដែលត្រូវ​ចប់​អាណត្តិ
លោកBenigno Aquino ប្រធានាធិបតីហ្វីលីពីន​​ដែលត្រូវ​ចប់​អាណត្តិ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​៣០​មិថុនា ​គឺ​ជា​ថ្ងៃ​ដែល​លោក ​បេនីកណូ អាគីណូ ​ត្រូវផ្ទេរ​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ ទៅឲ្យ​លោក​ រ៉ូឌ្រីហ្គោ ឌុយទែតេ។ លោក​រ៉ូឌ្រីហ្គោ ឌុយទែតេ ​បាន​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់​ កាល​ពី​ដើមខែ​ឧសភា​ ដោយសារ​តែ​បាន​សន្យា​ថា ​និង​ចំណាយ​ពេល​តែ​៦ខែ​ប៉ុណ្ណោះ ​ដើម្បី​កំចាត់​អំពើ​ឧក្រិដ្ឋកម្ម ​ព្រមទាំង​សម្លាប់​ពួក​ជន​ទុច្ចរិត​ឲ្យ​អស់​ពី​ហ្វីលីពីន។

 
ប៉ុន្តែ​សម្រាប់​លោក​ អាគីណូ ​ប្រធានាធិបតី​ចប់អាណត្តិ ​លោក​ឌុយទែតេ ​គឺ​ជា​មនុស្ស​ហិង្សា​ផ្តាច់ការ ​ដែល​នឹង​ធ្វើ​ឲ្យហ្វីលីពីន​ជួប​គ្រោះថ្នាក់។ នៅ​ថ្ងៃ​នេះ​ លោក​អាគីណូ​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីន ​ ក្រោក​ឈរ​ឡើង ​ ​ដើម្បី​តស៊ូ ​ប្រយុទ្ធ​នឹង​សកម្មភាព​ផ្តាច់ការ ​ហិង្សា​របស់​អនាគត​ប្រធានាធិបតី​ថ្មី ​ដែល​មិន​គោរព​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក​អាគីណូ ​បាន​ថ្លែង​នៅ​ចំពោះមុខ​ ប្រមុខ​ការទូត​បរទេស​ជា​ច្រើន​នាក់ ​ប្រចាំ​នៅ​ក្រុង​ម៉ានីល​ថា ​ ហ្វីលីពីន​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ ដោយ​បាន​ជាប់​ក្នុង​ក្រញ៉ាំ ​របស់​មេដឹកនាំ​ផ្តាច់ការ ​គឺ​លោក ​Marcos​  ដូច្នេះ​ហ្វីលីពីន ​ត្រូវតែ​ប្រយត្ន័​ប្រយែង ​ដើម្បីកុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដើរ​ជាន់ដាន។ ក្នុងន័យ​នេះ ​លោក​អាគីណូ ​បាន​សំដៅ​ដោយ​ចំៗ​ថា ​លោក​ឌុយទែតេ​ អនាគត​ប្រធានាធិបតី​ថ្មី​ ​គឺ​ជា​មនុស្ស​ផ្តាច់ការ​បំផុត​ ហើយ​ប្រជាជន​ហ្វីលីពីន ​នឹង​ពិត​ជា​រងទុក្ខ​។
 

លោក Rodrigo Duterte អនាគត​ប្រធានាធិបតី​ហ្វីលីពីន
លោក Rodrigo Duterte អនាគត​ប្រធានាធិបតី​ហ្វីលីពីន AFP

គួរ​បញ្ជាក់ថា ​ លោក​ឌុយទែតេ ​បាន​សន្យាថា​ និង​សម្លាប់​មេ​ក្លោង​ជួញ​គ្រឿងញៀន ​ព្រមទាំង​ក្រុម​ឧក្រិដ្ឋកម្ម​ទាំង​អស់ ​ក្នុង​រយៈពេល​៦ខែ។ លោក​ថែមទាំង​បាន​សន្យា​ថា​នឹង​ឲ្យ​រង្វាន់ ​ដល់​អាជ្ញាធរ​នគរបាល ​រឺ​ក៏​ប្រជាជន​សាមញ្ញ​ណា ​ដែល​បាន​សម្លាប់​ពួក​ជន​ទុច្ចរិត។ បន្ថែម​ពី​នេះ ​លោក​អនាគត​ប្រធានាធិបតី​រូបនេះ ​បាន​ទាំង​និយាយ​គំរាម​ថា​ នឹង​បិទ​សភា​ចោល ​បើ​សិន​ជា​សភា​រារាំង​កិច្ច​ការងារ​របស់​គាត់​ ហើយ​គាត់​នឹង​ធ្វើ​រដ្ឋធម្មនុញ្ញ​បដិវដ្តន៍​ថ្មី​មួយ​ ​សម្រាប់​ហ្វីលីពីន។

យ៉ាងណាមិញ ​ក្នុង​រយៈពេល​២សប្តាហ៍​ចុង​ក្រោយ​នេះ ​ អាជ្ញាធរ​ហ្វីលីពីន ​ បាន​សម្លាប់​ជនសង្ស័យ​ជា​បក្សពួក​ជួញ​ដូរ​គ្រឿងញៀន ​ចំនួន​២០នាក់។ ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា ​ពួក​គេ​បាន​ទទួល​ការ​ជំរុញ​ពី​លោក​ប្រធានាធិបតី​ថ្មី ​ បើទោះ​បី​ជា​លោក ​ ពុំទាន់​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​ក៏ដោយ។​ ដោយឡែក ​ភ្នាក់ងារ​យក​ព័ត៌មាន​បារាំង ​បាន​រាយការណ៍​អំពី​សកម្មភាព ​តាម​ប្រម៉ាញ់ ​នឹង​ចាប់​មនុស្ស​នៅ​តាម​តំបន់​អាណាធិបតេយ្យ ​ក្នុង​ក្រុង​ម៉ានីល ​ដោយ​មាន​ចាប់​ទាំង​ក្មេងៗ​ ដោយ​ឥត​រើសមុខ។

ក្រុម​អង្គការ​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន ​បាន​បរិហារ​ពី​ចំណាត់ការ​បែប​សាហាវ​ព្រៃផ្សៃ ​របស់​អនាគត​ប្រធានាធិបតី ​ដោយ​លោក​បាន​បើកដៃ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​កាត់ទោស ​ក្រៅ​ប្រព័ន្ធ​តុលាការ។ នៅ​ទីក្រុង​Davao​ ដែល​លោក​ឌុយទែតេ​ធ្លាប់​ជា​អភិបាល ​ត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស​ចោទ​ថា​លោក​ម្នាក់​នេះ ​ បាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​ចុះ​បង្រ្កាប​និង​សំលាប់​ឆៅៗ ​ ទៅ​លើ​ជន​សង្ស័យ ​ដោយ​ពុំមាន​ការ​ស៊ើបអង្កេត ​រក​សខ្មៅ​អ្វី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ