អានតួអត្ថបទ
ចិន-ជប៉ុន

សភា​ចិន​កំណត់​យក​ថ្ងៃ​សម្លាប់​រង្គាល​ដោយ​កងទ័ព​ជប៉ុន​ នៅណានជីងធ្វើ​ជា​ថ្ងៃបុណ្យរំលឹក​ការចងចាំ

សភាប្រជាជន​ចិន​បាន​បោះឆ្នោត​កំណត់​យកថ្ងៃ​ទី ៣ កញ្ញា ជាថ្ងៃ​ជ័យជំនះ និង​ថ្ងៃ​ទី ១៣​ធ្នូ ធ្វើ​ជាថ្ងៃ​រំលឹក​ការចងចាំ​ការសម្លាប់​រង្គាល​របស់​កងទ័ព​ជប៉ុន នៅ​ណានជីង។ នេះ​បើតាម​ការចុះ​ផ្សាយ​​របស់​កាសែត ចិន កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៧ កុម្ភៈ។ ទីក្រុង​តូក្យួ​មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​អ្វីច្រើន ដោយ​លើកហេតុផល​ថា វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

អ្នកកាសែត​ជាតិ និង​បរទេស​ត្រូវ​អាជ្ញាធរ​ចិន​អញ្ជើញ​ឲ្យ​ចូល​ទស្សនា​សារមន្ទីរ​នៃ​ការចងចាំ​ដែល​បង្ហាញ​ពី ជនរងគ្រោះ​ដោយ​ការសម្លាប់រង្គាល​របស់កងទ័ព​ជប៉ុន នៅ​ណានជីង
អ្នកកាសែត​ជាតិ និង​បរទេស​ត្រូវ​អាជ្ញាធរ​ចិន​អញ្ជើញ​ឲ្យ​ចូល​ទស្សនា​សារមន្ទីរ​នៃ​ការចងចាំ​ដែល​បង្ហាញ​ពី ជនរងគ្រោះ​ដោយ​ការសម្លាប់រង្គាល​របស់កងទ័ព​ជប៉ុន នៅ​ណានជីង ©REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

 

តាមមន្រ្តីជាន់ខ្ពស់​របស់​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​បដិសេធ​មិន​ធ្វើ​អត្ថាប្បាយ​អ្វី​ទាំងអស់​ទៅលើ​នយោបាយ​ផ្ទៃក្នុង​របស់​ចិន ប៉ុន្តែ ជាមួយ​គ្នានោះ តូក្យូ​មិន​បដិសេធ​ទេ ពី​ចម្ងល់​ទាំងឡាយ ដែល​ជប៉ុន​កំពុង​ចោទ​សួរ។ នោះ គឺ​ថា ហេតុអ្វី​បាន​ជា​ចិន​ទើប​តែ​កំណត់​យក​ថ្ងៃ​រំលឹកខួប ព្រឹត្តិការណ៍​ដែល​កើត នៅ​ណានជីង នៅ​ជាង​៦០​ឆ្នាំ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ យ៉ាង​ដូច្នេះ។ ទោះជា​យ៉ាងណា តូក្យូ​បញ្ជាក់ថា ជប៉ុន នៅតែ​មិន​ផ្លាស់ប្តូរ​ជំហរ​នយោបាយ​សន្តិភាព​របស់ខ្លួន ដែល​ធ្វើឡើង នៅក្រោយ​ចប់​សង្រ្គាម​លោកលើកទីពីរ។

យោងតាម កាសែត​ផ្លូវរដ្ឋ​ចិន សមាជិក​សភា​ចិន​បាន​បង្កើត​ថ្ងៃ​បុណ្យ​ជាតិ​ចំនួន​ពីរ ដែល​ក្នុង​នោះ ថ្ងៃ​ទី ៣ កញ្ញា ជា​ថ្ងៃ​ជ័យជំនះ​របស់​ចិន​ទៅ​លើ​កងទ័ព​ជប៉ុន។ ចំណែក​ថ្ងៃ​ទី ១៣​ធ្នូ​ជាថ្ងៃ​រំលឹក​ការចងចាំ ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​អំពើសម្លាប់​រង្គាល​របស់​ទាហាន​ជប៉ុន នៅ​ខេត្ត​ណានជីង។

នយោបាយ​បោះ​មួយ​ជំហាន​ទៅមុខ​របស់​ចិន កើតឡើង​មិន​មែន​ដោយ​ចៃដន្យទេ។ វា​កើត​ឡើង នៅក្នុង​ពេល​ចិន និង​ជប៉ុន​កំពុង​មាន​ភាពតានតឹង​នឹង​គ្នា ដោយសារ​ជម្លោះ​ដែនកោះ។ ហើយ​វា​កើតឡើង នៅ​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ថា ខ្លួន កំពុង​ធ្វើការ​ពិចារណា ផ្លាស់ប្តូរ​ជំហរ​អំពើ​ការសុំទោស ក្នុង​រឿង​ទាសករ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាម។ តាម​អ្នក​ប្រវត្តិសាស្រ្ត​​ជាច្រើន មាន​ស្រ្តី​ប្រមាណ​ជា ២០ម៉ឺននាក់ ភាគច្រើន​មក​ពី​កូរ៉េ និង​ចិន ត្រូវ​បាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ​ដល់​ទាហាន​ជប៉ុន នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។

គួរ​រំលឹកថា ជប៉ុន​បាន​ចូល​ឈ្លានពាន​ចិន នៅ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៣០។ ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធគ្នា តាំងពី​ឆ្នាំ ១៩៣៧ ដល់​ឆ្នាំ ១៩៤៥។ រហូត​មក ប្រទេស​ចិន​បាន​និយាយ​ថា មាន​ប្រជាជន​ចិន​ប្រមាណ ៣​សែន​នាក់ ត្រូវ​បាន​ទាហាន​ជប៉ុន ចាប់រំលោភ សម្លាប់ រង្គាល តែ​រយៈពេល ៦​សប្តាហ៍។ ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត​បរទេស​បាន​វាយតម្លៃថា ជនរងគ្រោះ​ចិន​មាន​ចំនួន​តិចជាង​នេះ ដោយ​មាន​ប្រជាជន​ស៊ីវិល​ស្លាប់​តែ ៤២ ០០០​នាក់ និង​មនុស្សស្រី​២ម៉ឺន​នាក់​ត្រូវទាហាន​ជប៉ុន​ចាប់រំលោភ ដែល​ភាគច្រើន​បាន​ធ្លាក់ខ្លួន​ស្លាប់។

ព្រឹត្តិការណ៍​សម្លាប់​រង្គាល​របស់​កងទ័ព​ជប៉ុន​ទៅលើ​ប្រជាជន​ចិន នៅ​ណានជីង ​ចាប់ផ្តើម នៅថ្ងៃ​ទី ១៣​ធ្នូ​ឆ្នាំ ១៩៣៧។ យ៉ាងណាក៏ដោយ គេ​មិន​ច្បាស់ទេ ថ្ងៃ​បុណ្យ​ជាតិ​ទាំង​ពីរ​ខាងលើ នឹង​ត្រូវ​រដ្ឋាភិបាល​កំណត់​យក​ធ្វើ​ជា​ឈប់សម្រាក​សម្រាប់​ប្រជាជន​ចិននោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ