អានតួអត្ថបទ

ប៉ូលិស​ថៃ​តាម​​រក​ជន​រួម​គំនិត និង​ចេញ​ដីកាអន្តរជាតិ​តាម​ចាប់​ជន​សង្ស័យ

អាជ្ញាធរ​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ថា​កំពុង​តាម​ស្វែង​រក​ចាប់​ជន​រួម​គំនិត​ជួយ​ជន​សង្ស័យ​ បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ចន្ទ​ទី១៧​សីហា។ បើ​តាម​ភ្នាក់ងារ​ប៉ូលិស ជន​សង្ស័យ​បញ្ចេញ​សកម្មភាព​ជា​បណ្តាញ។ រូបភាព​រ៉ូបូ​ត្រូវ​បាន​ផ្សព្វផ្សាយ ដីការ​អន្តរជាតិ​ក៏​បាន​ចេញ​ដើម្បី​តាម​ចាប់​ជន​សង្ស័យ​ ដែល​ទំនង​ជា​ជន​បរទេស។

ជនសង្ស័យ​ដែល​កាម៉េរ៉ា​សុវត្ថិភាព​ថត​បាន មុន​ការ​ផ្ទុះ​គ្រាប់​បែក
ជនសង្ស័យ​ដែល​កាម៉េរ៉ា​សុវត្ថិភាព​ថត​បាន មុន​ការ​ផ្ទុះ​គ្រាប់​បែក © Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចាក់​ផ្សាយ​យ៉ាង​ទូលំទូលាយ​រូបភាព​វីដេអូ​សុវត្ថិភាព​ បង្ហាញ​ពី​ជន​សង្ស័យ​ ពាក់​អាវ​យឺត​ពណ៌​លឿង​ យក​កាបូប​ស្ពាយ​ខ្នង​ សាក់កាដូ ទៅ​ផ្លុង​នៅ​ទីសក្ការៈ​អេរ៉ាវ៉ាន់ មុន​ការ​ផ្ទុះ​បន្តិច​មក​ នៅ​ថ្ងៃ​នេះ មេ​ប៉ូលិស​ថៃ លោក Somyot Poompanmoung បាន​អះអាង​ទៅ​កាន់​អ្នកកាសែត​ថា ជនឧក្រិដ្ឋ​មិន​អាច​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯងទេ គឺ​មាន​បណ្តាញ​!។ ដូច្នេះ​ហើយ​បាន​ជា​ប៉ូលិស​បាន​ប្រកាស​រក​ភស្តុតាង និង​ផ្តល់​រង្វាន់​មួយ​លាន​បាត ដល់​ជន​ណា​ដែល​បាន​ផ្តល់​ព័ត៌មាន​នាំ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ ព្រមទាំង​កំពុង​ស្វែង​រក​ចាប់​ជន​សង្ស័យ​ផ្សេង​ទៀត។

 
ប៉ូលិស​ថៃ​បាន​រក​ឃើញ​និង​ចោទ​សួរ​​​អ្នក​បើក​បរ​ម៉ូតូ​តាក់ស៊ី ដឹក​ជនសង្ស័យកាលពី​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្តែ​មិន​បានប​ង្ហើប​ឱ្យ​ដឹង​អំពី​ខ្លឹមសារ​លម្អិត​នៃ​សក្ខីកម្ម​នោះទេ។

មក​ទល់​ពេល​នេះ គ្មាន​ជន​ឬ​ក្រុមណា​ចេញ​មុខ​ទទួល​ស្គាល់​ភេរវកម្ម​ទេ ! ប៉ូលិស​ថៃ​ក៏​មិន​ផ្តល់​អាទិភាព​លើ​ដាន​មួយ​ណា​ដែរ បើ​ទោះ​បី​ជា​គេ​សន្និដ្ឋាន​ឃើញ​ថា​របៀប​វាយប្រហារ​​នៅ​បាងកក​ខុស​ពី​ការ​វាយប្រហារ​ភេរវកម្មរបស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុ​ល​និយម​​នៅ​ភាគ​ខាង​ត្បូ​ង​ប្រទេស និង​ខុស​ពី​សកម្មភាព​របស់​ពួក​អាវ​ក្រហម​ សកម្មជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​សឹក​ក៏ដោយ។ ប៉ូលិស​ថៃ​ កំពុង​ផ្ចង់​ចក្ខុ​ទៅ​លើ​ពួក​អ៊ុយហ្គួរ។

ទាក់ទង​នឹង​គ្រាប់​ផ្ទុះ​ទីពីរ​ នៅ​ថ្ងៃ​បន្ទាប់​វិញ ប៉ូលិស​ថៃ​បាន​ទទួល​ស្គាល់​ថាមាន​លក្ខណៈ​ស្រដៀង​គ្នា​ ធ្វើ​ពី​ធាតុ​ផ្សំ​TNT ដូច​គ្នា ប៉ុន្តែ​ពុំ​ទាន់​អាច​ភ្ជាប់​ហេតុការណ៍​ទាំង​ពីរ​នេះ​បាន​នៅ​ឡើយ​ទេ។

ថ្ងៃ​នេះ​ទី​សក្ការៈ​អេរ៉ាវ៉ាន់ បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​វិញ ប៉ុន្តែ​វិធានការ​​​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​ លើ​គ្រប់​ទីតាំង​ទេសចរណ៍​របស់​ក្រុង​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ​ជិត​​កន្លែរ​រង​គ្រោះ។ ថ្វី​បើ​ថៃ​ធ្លាប់​ឆ្លង​កាត់​វិបត្តិ​​នយោបាយ​ និង​ហិង្សា​អូសបន្លាយ​មែន ប៉ុន្តែ​មិនដែល​ជួប​គ្រោះ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ដូច្នេះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ