អានតួអត្ថបទ

អាកាសធាតុ ៖ ប្រទេស​កូន​កោះ​មិនត្រូវការ​ឃើញ​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស​បរាជ័យ

សន្និសីទ​អន្តរជាតិ​ស្តី​អំពីអាកាសធាតុ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ៣០​វិច្ឆិកា ដល់​ថ្ងៃទី ១១​ធ្នូ ២០១៥ នៅទី​ក្រុង​ប៉ារីស មិន​ត្រូវ​អនុញ្ញាតឱ្យ​និយាយ​អំពី​ពាក្យ​ថា​​បរាជ័យ​ទេ ! នេះ​ជា​ការ​កត់​សម្គាល់​របស់​ក្រុម​ប្រទេស​​ដែល​មាន​ទីតាំង​ជាកូន​​កោះ​ ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក និង​ដែល​​​រងផល​ប៉ះពាល់​ជាង​គេ ពីប្រែ​ប្រួល​អាកាសធាតុ។

បាតុកម្ម​នៅដាណឺម៉ាក កាលពី​ឆ្នាំ​២០០៩ ការពារ​ប្រទេស​​Tuvalu ពី​ការ​ប្រែប្រួល​អាកាសធាតុ
បាតុកម្ម​នៅដាណឺម៉ាក កាលពី​ឆ្នាំ​២០០៩ ការពារ​ប្រទេស​​Tuvalu ពី​ការ​ប្រែប្រួល​អាកាសធាតុ REUTERS/Bob Strong
ផ្សាយពាណិជ្ជកម្ម

“សន្និសីទ​​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​ ត្រូវ​តែ​សម្រេច​​បាន​ជោគជ័យ ! យើង​សង្ឃឹម​លើ​ប៉ារីស​ ដើម្បី​ចំណេញ​ពេលវេលា!” នេះ​ជា​សេចក្តី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ទូវ៉ាឡូ នា​ឱកាស​ជំនួប​ប្រជុំ​ក្រុម​ប្រទេស​ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​១៤​ប្រទេស​នៅ​ឥណ្ឌា ថ្ងៃ​សៅរ៍​នេះ ដោយ​បាន​បន្ថែម​ទៀត​ថា គេ​អាច​ទិញ​ដី​ថ្មី​នៅ​នូវែលហ្សេឡង់ ឬ​នៅ​អូស្ត្រាលី​ ឬ​ត្រូវ​សង់​​​កោះ​សម្បនិម្មិត កោះ​អណ្តែត​ទឹក ដើម្បី​រត់​ពី​ការ​លិច​ទឹក ប៉ុន្តែ​គេ​មិន​អាច​ទិញ​​​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ឡើយ​។

ទូវ៉ាឡូ​ គីរីបាទី ម៉ាល់ឌីវ ... សុទ្ធ​សឹង​ជា​ក្រុម​ប្រទេស​កូនកោះ​ ដែល​អាច​បាត់​បង់​​ដី​ ព្រោះ​​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ដែល​ធ្វើ​ឱ្យ​កម្ពស់​ទឹក​សមុទ្ទ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​មួយៗ​ថ្ងៃ​ប្រទេស​ទាំង​នេះ​ បានគិត​គូរ​​ចំណាយ​ថវិកា​ជា​សំខាន់​សម្រាប់​ទប់​ទល់​នឹង​គ្រោះ​ធម្មជាតិ​ ជា​ជាង​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ក្នុង​វិស័យ​សុខាភិបាល អប់រំ​ ឬ​សង្គម។ កោះ​ និង​ប្រជុំ​កោះ​ជា​ច្រើន​ផ្សេង​ទៀត ក៏​អាច​នឹង​រង​គ្រោះ​ដូច​គ្នា​នេះ​ដែរ។

 
កម្ពស់​ទឹក​សមុទ្ទ​បាន​ឡើងជា​មធ្យម ២០​ស.ម. ក្នុង​សតវត្សទី​២០​នេះ។ ហើយ​ប្រសិន​បើ​ពិភពលោក មិន​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃភពផែន​ដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ នោះ​មហា​សាគរ​អាច​នឹង​កើន​ឡើង ពី ២៦ ទៅ​៨៦​ស.ម. នៅ​ឆ្នាំ​២១០០ បើ​ប្រៀប​ទៅ​នឹង​មធ្យម​ភាគ​ឆ្នាំ​១៩៨៦-២០០៥។ នេះ​បើ​តាម​ក្រុម​អ្នក​ឯកទេស​អន្តររដ្ឋាភិបាល​ស្តី​ពី​ដំណើរវិវឌ្ឍន៍​នៃ​អាកាសធាតុ (GIEC)​។

ចំណែក​ឯ​អាកាសធាតុ​វិញ ក៏​បាន​បំបែក​ឯតទគ្គកម្មដែរ ! ឆ្នាំ​២០១៥​នេះ សីតុណ្ហភាព​ផ្ទៃដី និង​ផ្ទៃសមុទ្ទ បាន​កើន​ឡើង លើ​ស​សីតុណ្ហភាព​មធ្យម​ប្រចាំ​សតវត្សរ៍​ទី២០ ​ដល់​ទៅ​០,៨៥​អង្សារ​ ពោល​​គឺ​ជា​ឆ្នាំ​ក្តៅ​បំផុត​មិនធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​១៨៨៦​មក និង​ ​ជា​សរុប​ភពផែនដី​បាន​ឡើង​កំដៅ​ដល់​ទៅ ១,៣៤អង្សារ ជា​មធ្យម​​នៅ​សតវត្សរ៍​នេះ។​

សម្រែក​ដង្ហើយ​នេះ បាន​លាន់​ឮ​ឡើង បី​ខែ​មុន​ការ​ចាប់បើក​​សន្និសីទ​អន្តរជាតិ ស្តី​ពី​អាកាសធាតុ​ក្រុង​ប៉ារីស ដែល​មាន​ប្រទេស​១៩៥ ចូល​រួម​ ក្រោម​ការ​ដឹកនាំ​របស់​អង្គការសហប្រជាជាតិ​ ​ដែល​មាន​កម្មវត្ថុ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្នាក់ពិភពលោក កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ឱ្យ​បាន​ត្រឹម​១,៥ ឬ​២​អង្សារ​ បើ​ប្រៀប​ទៅ​នឹង​សីតុណ្ហភាព​ពិភពលោក​មុន​សម័យ​ឧស្សាហកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ