អានតួអត្ថបទ

ចលនា​ប្រឆាំង​នឹង​ច្បាប់​ការពារជាតិ​ជប៉ុន​កាន់​តែ​រីកធំធាត់

បណ្តា​ជនជប៉ុន​រាប់​សិប​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​កុះករ នៅ​មុខ​សភាជាតិ​ជប៉ុន​ នាទីក្រុង​​​តូក្យូ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ​នៅថ្ងៃអាទិត្យ​នេះ ដើម្បី​បរិហារ​ប្រឆាំង​នឹង​គម្រោង​​​ច្បាប់​ការពារជាតិ​ថ្មី​របស់​រដ្ឋាភិបាល​លោក ស៊ីនហ្សូ អាបេ ដែល​ចង់​ពង្រីក​សកម្មភាព​យោធា​ជប៉ុន លើ​ឆាក​សមរភូមិ​អន្តរជាតិ។ គម្រោង​ច្បាប់​ដែល​ពេល​នេះ បាន​បញ្ជូន​ទៅ​ដល់​ដៃ​​សភា​ ដើម្បី​ត្រួត​ពិនិត្យ​និង​អនុម័ត។

ពលរដ្ឋ​ជប៉ុន​រាប់​សិប​ពាន់​នាក់​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ការពារជាតិ​របស់​លោក​អាបេ ដែល​ដាក់​ជូន​សភា​កំពុង​ពិនិត្យ
ពលរដ្ឋ​ជប៉ុន​រាប់​សិប​ពាន់​នាក់​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ការពារជាតិ​របស់​លោក​អាបេ ដែល​ដាក់​ជូន​សភា​កំពុង​ពិនិត្យ © Reuters
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ថ្ងៃ​អាទិត្យ​នេះ បាន​ស្តែង​ឱ្យ​ឃើញ​អំពី​ការ​ប្រមូល​ផ្តុំកាន់​តែ​ធំឡើងៗ​ក្នុង​ផ្ទៃ​ប្រទេស​ ខណៈ​ដែល​នាយ​ក​រដ្ឋមន្ត្រី​អភិរក្ស​និយម ស៊ិនហ្សូ អាបេ និង​គណបក្ស​សេរី​ប្រជាធិបតេយ្យ​កំពុង​បញ្ចុះ​បញ្ចូល​សភា​ឱ្យ​អនុម័ត​សំណើ​ច្បាប់​​ការពារ​ជាតិ នា​ឱកាស​សម័យ​ប្រជុំ​សភា​ខែ​កញ្ញា​នេះ។

 

ទោះ​បី​ជា​អាកាសធាតុ​មិន​ល្អ មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់​ស្ទើរ​ពេញ​មួយ​ថ្ងៃ ក៏​បាតុករ​នៅ​តែ​មាន​ចំនួន​ច្រើន មក​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​ស្រែក​ “​សុំ​សន្តិភាព” និង​បដិសេធសង្គ្រាម” ព្រមទាំង​បដា​ដ៏​ធំ​ព័ទ្ធ​ជុំ​វិញ​ដោយ​ប៉េងប៉ោង​ខ្មៅ​ស ទាមទារ​ឱ្យ​លោក​ ស៊ីនហ្សូ អាបេ ចុះ​ចេញ​ពី​តំណែង។

សកម្ម​ជន​បក្ស​ប្រឆាំង​ មាន​ជាអាទិ៍​ប្រមុខ​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​​ជប៉ុន បាន​ចុះ​ដើរ​ជាមួយ​ក្រុម​និស្សិត​ ដែល​ខ្លះ​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ ជន​សាមញ្ញ​ជា​មេ​គ្រួសារ មនុស្ស​ចាស់​ និង​សិល្បករ បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម ដោយ​សំអាង​ថា​មិន​អាច​ឈរ​អោប​ដៃ​ស្ងៀមមើល​ជប៉ុនចេញ​​ធ្វើ​សង្គ្រាម​​ជា​ថ្មី​ទៀត​បាន។

នៅ​ក្នុង​គម្រោង​កំណែទម្រង់​ច្បាប់​ការពារ​ជាតិ​ជប៉ុនថ្មី​​នេះ រដ្ឋាភិបាល​ចង់​ពង្រីក​សកម្មភាព​យោធា​នៅ​ក្រៅប្រទេស​ មិន​មែន​ត្រឹម​តែ​ឈរ​ជើង​នៅ​ក្នុង​រង្វង់​បូរណភាព​ជាតិ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ យោធា​ជប៉ុន​អាច​នឹង​មាន​លទ្ធភាព​ចេញ​ធ្វើ​ប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ជួយ​សម្ព័ន្ធ​មិត្ត​​ជួប​ការ​លំបាក ជា​ពិសេស​និង​ដំបូង​គេ​គឺ​ជួយ​សម្ព័ន្ធមិត្ត​អាមេរិក​ ក្នុង​ក្របខ័ណ្ឌ​ការពារ​ប្រយោជន៍​សមូហភាព បើ​ទោះ​បី​ជា​ជប៉ុន​មិន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ក៏​ដោយ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ជប៉ុន​ភាគ​ច្រើន ប្រឆាំង​នឹង​គំនិត​ផ្តួច​ផ្តើម​ពង្រីក​សកម្មភាព​ទាហាន ដែល​មាន​ប្រវត្តិជា​អ្នក​សន្តិនិយម និង​ស្វ័យការពារ​ ដោយខ្លាច​ជប៉ុន​ធ្លាក់​ក្នុង​អន្ទាក់​សង្គ្រាម​នៅ​ឆ្ងាយ​ៗពី​ប្រទេស។ សម្រាប់​លោក​អាបេ និង​សកម្មជន​ការ​កែប្រែ​ច្បាប់​នេះ​ដែល​អាមេរិក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ជា​ប្រការ​ចាំ​បាច់ បើ​មើល​ទៅ​លើ​មហិច្ឆតា​យោធា​ចិន និង​ឥរិយាបថ​មិន​ប្រាកដ​ប្រជា​របស់​កូរ៉េ​ខាង​ជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ