អានតួអត្ថបទ

ប្រមុខ​ការទូត​អាមេរិក​បំពេញ​ទស្សនកិច្ច​ពិសេស​​នៅ​ឡាវ

លោក ចន ឃែរី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​ឡាវ នៅ​ថ្ងៃ​ចន្ទ​ទី ២៥​មករា ២០១៦។ នេះ​គឺ​ជា​លើក​ទី​បី​ គិតចាប់​តាំង​ពី​៦០​មក​ដែល​របប​​កុម្មុយនិស្ត​វៀងចន្ទ បើក​ទ្វារ​ស្វាគមន៍ថ្នាក់​ដឹកនាំ​ការទូត​អាមេរិក លំដាប់កំពូល ក្នុង​ក្របខ័ណ្ឌ​​​ទស្សនកិច្ច​ផ្លូវការ​​។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​ផ្តោត​ទៅ​លើ​កម្មវិធី​រំសាយ​គ្រាប់​បែក​​មិន​ទាន់​ផ្ទុះ​ និង ឥទ្ធិពល​របស់​ចិន​​លើ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ John Kerry (ឆ) និង​នាយក​រដ្ឋមន្ត្រី​ឡាវ Thongsing Thammavong នៅ​ទីក្រុង​វៀងចន្ទ​ថ្ងៃទី ២៥​មករា ២០១៦
លោក​ John Kerry (ឆ) និង​នាយក​រដ្ឋមន្ត្រី​ឡាវ Thongsing Thammavong នៅ​ទីក្រុង​វៀងចន្ទ​ថ្ងៃទី ២៥​មករា ២០១៦ REUTERS/Jacquelyn Martin/Pool
ផ្សាយពាណិជ្ជកម្ម

ជាទស្សនកិច្ច​ដ៏​កម្រ និង​ដ៏​ពិសេស​សឹង​មិន​ធ្លាប់​មានទេ ! ព្រោះក្នុង​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍មក​​នេះ​ មាន​តែ​​​​ប្រមុខ​ការ​ទូត​អាមេរិកពីរ​រូប​ប៉ុណ្ណោះ ដែល​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឡាវ លើក​ទី​មួយ ​នៅ​ឆ្នាំ​១៩៩៥ ដោយ​លោក John Foster Dulles និង​ដោយ​លោកស្រី ហ៊ីឡារី គ្លីនតុន ជាលើក​ទីពីរ​នៅ​ឆ្នាំ​២០១២ និង​លើក​ទី​បី គឺ​រូប​លោក​ចន ឃែរី នៅ​ថ្ងៃចន្ទ​ទី ២៥​មករា​នេះ។

ទប់​​ឥទ្ធិពល​ចិន

លោក​ ចន​ ឃែរី ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថុងស៊ីង ធម្មាវង្ស និង​រដ្ឋមន្ត្រីការបរទេស​ ថុង​លូន ស៊ីស៊ូលីថ មុននឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ទៀត។ ទិសដៅ​ដំបូង​​នៃ​ទស្សនកិច្ច​នេះ គឺ​​ជា​ការត្រៀម​​រៀប​ចំ​​ជំនួប​កំពូល​អាមេរិក-អាស៊ាន (សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​១០​ប្រទេស) ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ពី​ថ្ងៃ​ទី ១៥-១៦​កុម្ភៈ​ ខែ​ក្រោយ។ ម្យ៉ាងទៀត លោក​អូបាម៉ា មាន​គម្រោង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ដែល​ធ្វើ​ដំណើរ​ទៅ​ឡាវ នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​ជំនួប​កំពូល​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅនៅ​ប្រទេស​ឡាវ ក្នុង​នាម​ជា​​ ​ ​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន នៅ​ឆ្នាំ​២០១៦​នេះ។

អាមេរិក​ត្រូវ​ការ​ចាប់​ដៃ​ជាមួយ​អាស៊ាន ​ដែលរួម​​មាន​១០​ប្រទេស​ជា​សមាជិក ដើម្បី​ផ្តុំ​កម្លាំង​ ​ទប់ទល់​នឹង​ចិន​ កុំ​ឱ្យ​ពង្រីក​ឥទ្ធិពលលើ​ប្រទេស​តូចៗ​​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​បាន​ខ្លាំងពេក។ អាមេរិក​សង្កេត​ឃើញថា ចិន​ដើរ​តួសំខាន់​ណាស់​​នៅ​ក្នុង​ប្រទេស​​ឡាវ​ ក៏​ដូច​ជា​នៅ​​កម្ពុជា  មិន​ថា​លើ​វិស័យ​សេដ្ឋកិច្ច ឬ​នយោបាយ​ទេ។

​ឥទ្ធិពល​ចិន​​លើ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​អាមេរិកមិន​អាច​មើល​រំលង​បាន​ជា​ដាច់​ខាត ទើប​ត្រូវ​​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​បង្ហាញ​វត្តមាន​នៅ​ក្នុង​តំបន់នេះ។ ចំណុច​សំខាន់​មួយ​ទៀត នៃ​ទស្សនកិច្ច​របស់​លោក​ឃែរី នៅ​​ឡាវថ្ងៃ​នេះ គឺ​ការ​​ដោះស្រាយ​វិបត្តិ​គ្រាប់​បែកអាមេរិក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​ លើ​ទឹក​ដី​ឡាវ ដែល​សេស​សល់​មិន​ទាន់​ផ្ទុះ​។

គ្រាប់បែក​​មិន​ទាន់​ផ្ទុះ​ និង​ជន​រង​គ្រោះមរណៈ ៥០០០០នាក់ 

ឡាវ​សម្បូរ​គ្រាប់​បែក​រហូត​អាច​យកមក​ធ្វើ​របង​ផ្ទះ​បាន
ឡាវ​សម្បូរ​គ្រាប់​បែក​រហូត​អាច​យកមក​ធ្វើ​របង​ផ្ទះ​បាន © Reuters

ឡាវ​គឺ​ជា​ប្រទេស​មួយ​នៅ​លើ​ពិភពលោក ដែល​បាន​ទទួល​គ្រាប់បែក​អាមេរិក​ច្រើន​ជាង​គេ បើ​ធៀប​​ទៅ​នឹង​សមមាត្រ​ចំនួន​គ្រាប់​បែក និង​ចំនួន​ពលរដ្ឋ​។ នៅ​ក្នុង​អំឡុង​ពេល​អាមេរិក​ដឹកនាំ​ធ្វើ​សង្គ្រាម​ប្រឆាំង​​នឹង​វៀតណាម ពី​ឆ្នាំ​១៩៦៤​ដល់​១៩៧៥ ឡាវ​ជា​ប្រទេស​ជិត​ខាង​ជាប់​របង​គ្នា​វៀតណាម ក៏​បាន​រង​គ្រោះ​នឹង​សង្គ្រាម​អាមេរិក​នេះ​ដែរ ជាពិសេស​គឺ​បាន​ទទួល​គ្រាប់​បែក​​ ដូច​ទឹក​ភ្លៀង។ អាមេរិក​បាន​សម្រុក​ទម្លាក់ហៀដល់​​ទឹក​ដី​ឡាវ ដើម្បី​សាក​ល្បង​កាត់​ផ្តាច់​ផ្លូវ​ដឹក​ស្បៀងនិង​ភស្តុភារ​​​របស់​យុទ្ធជន​វៀតណាម​ខាង​ជើង។​ បើ​គិត​ជា​ទឹក​ប្រាក់ ក្នុង​មួយ​ថ្ងៃៗ​អាមេរិក​ទម្លាក់​គ្រាប់​បែក​ក្នុង​តម្លៃ​១៧​លាន​ដុល្លារ។

ជា​សរុប​មាន​គ្រាប់​បែក​ប្រមាណជាង​​ពីរលានតោន​​គ្រាប់​ ត្រូវ​បាន​ទម្លាក់លើ​ប្រទេស​ឡាវ ក្នុង​នោះ​ជាង​៣០%​មិន​ទាន់​ផ្ទុះ​នៅឡើយ​ទេ។ គ្រាប់​បែក​ខ្លះ​មាន​សណ្ឋាន​ដូច​ជា គ្រាប់ប៊ូល។ ហើយ​មិន​មែន​ជា​ការ​កម្រ​ទេ ដែល​ក្មេងៗ​ជា​ច្រើន​បាន​បាត់​បង់​ជីវិត ឬ​ធ្លាក់​ខ្លួន​ពិការ ព្រោះ​ប្រលែង​លេង​ជា​មួយ​គ្រាប់​បែក​ទាំង​នោះ។ គិត​ចាប់​តាំងពី​សម័យ​សង្គ្រាម​វៀតណាម​នោះ​មក​ គ្រាប់​បែក​អាមេរិក​នេះ ​បាន​​សម្លាប់​ជីវិត​​ពលរដ្ឋ​ស្លូត​ត្រង់​ឡាវ អស់យ៉ាង​តិច ៥​ម៉ឺន​នាក់។

កាលពី​ឆ្នាំ​២០១៤ បើ​តាម​អង្គការជនពិការ​អន្តរជាតិ អាមេរិក​បាន​បញ្ចេញ​ថវិកា​១២​លាន​ដុល្លារ​​ ដើម្បី​បោស​សម្អាត​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ។ នៅ​ថ្ងៃ​នេះ អាមេរិក​តាម​រយៈ​វត្តមាន​លោក ចន ឃែរី ដែលធ្លាប់ធ្វើ​​ជា​ទាហាន​បាន​ប្រលូក​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ដោយ​ផ្ទាល់ និង​រង​របួស ព្រមទាំង​បាន​ទទួល​គ្រឿង​ឥស្សរិយយសជា​ច្រើនដង បាន​បង្ហាញ​ចេតនា​ជាអ្នក​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​អតីតកាល​របស់​ខ្លួន​ជា​​ថ្មី ដោយ​ត្រូវ​​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្កើន​កម្មវិធី​រំសាយ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ។ គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ជា​បញ្ហាធំ សម្រាប់​សង្គមឡាវ និង​​ ជា​ផលវិបាកដែល​​បន្សល់​ទុក​ដោយ​អាមេរិកផ្ទាល់​តែ​ម្តង​ ​ក្នុង​សម័យ​សង្គ្រាម​ជាមួយ​វៀតណាម។

​ទំនាក់ទំនង​​តាន​តឹងឡាវ-អាមេរិក

ឡាវ​និង​អាមេរិក​មិន​ដែល​ផ្តាច់​ទំនាក់ទំនង​គ្នា​ទាំង​ស្រុង​មែន តែ​ភាព​​តាន​តឹង មើល​មុខ​គ្នា​មិន​ចំ បាន​អូស​បន្លាយ​ជា​រហូត​មក ព្រោះ​អាមេរិក​ការពារ​និង​គាំទ្រ ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុង។ ក្រុមដែល​​ធ្លាប់​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​កុម្មុយនិស្តកំពុងកាន់​អំណាច​បច្ចុប្បន្ន ដោយ​មាន​ជំនួយ​ពី​ទាហានសម្ព័ន្ធមិត្ត​អាមេរិក​។

លើ​ស​ពី​នេះ​ទៅ​ទៀត ​សំណុំ​រឿង​សិទ្ធិ​មនុស្ស បាន​ដុត​កម្តៅ​​​​អាមេរិក​និង​ឡាវ កាន់​តែ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង។ ជាពិសេស នៅ​ឆ្នាំ​២០១២ ពេល​ដែល​សកម្មជន​សិទ្ធិមនុស្ស​ លោក សម្បត្តិ សំផុន ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ឡាវ ត្រូវ​បាន​បាត់​ខ្លួន​យ៉ាង​ចម្លែក ដោយ​គ្មានមូលហេតុ និង​ការ​អង្កេត​ នៅ​តែ​​គ្មាន​លទ្ធផល។

ប៉ុន្តែ​​ចាប់​ពី​ឆ្នាំ​២០១៥​មក ទំនាក់ទំនង​ឡាវ-អាមេរិក​ ហាក់​បាន​ប្រសើរ​ឡើង​បន្តិច​ម្តងៗ។ ​អាមេរិក​ចាប់​ផ្តើម​មើល​ឃើញ​អំពី​ភាព​ទាក់ទាញ​របស់​ឡាវ អំពី​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ និង​នៃ​ការ​​រឹត​ចំណង​​មេត្រីភាព​ជាមួយ​ប្រទេស​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ