អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក--តុលាការ

តុលាការ​កូរ៉េ​ខាង​ជើង​កាត់ទោស​យុវនិស្សិត​អាមេរកាំង​ម្នាក់​​ ឱ្យ​​ជាប់​ពន្ធនាគារ​​១៥​​ឆ្នាំ​​និ​ង​​ធ្វើការ​​ជា​​ទម្ងន់​​

នៅ​ថ្ងៃ​ពុធ​១៦​មីនា​នេះ តុលាការ​កូរ៉េ​ខាង​ជើង បាន​កាត់​ទោស​និស្សិត​អាមេរិកាំង​ម្នាក់ ឈ្មោះ Otto Warmbier អាយុ​២១​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​និង​ធ្វើការ​ជា​ទម្ងន់​ចំនួន​១៥​ឆ្នាំ​ពី​បទ ធ្វើ​សកម្មភាព​វិទ្ធង្សនា​ប្រឆាំង​កូរ៉េ​ខាង​ជើង បន្ទាប់ពី​យុវជន​អាមេរិក​រូប​នេះ បាន​សារភាព​ថា​ខ្លួន​បាន​លូច​សម្ភារៈ​សំរាប់​ធ្វើការ​ឃោសនា​នៅ​ក្នុង​សណ្ឋាគារមួយ​នៅ​ក្រុង​ព្យុងយ៉ាង។

យុវនិស្សិត​អាមេរិក​ Otto Warmbier​ដែល​កូរ៉េ​ខាងជើង​ចាប់​ខ្លួន​តាំង​ពី​ខែ​មករា​មុន​ត្រូវ​បាន​តុលា​កំពូល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ដោយ​ធ្វើ​ការ​ជាទម្ងន់​
យុវនិស្សិត​អាមេរិក​ Otto Warmbier​ដែល​កូរ៉េ​ខាងជើង​ចាប់​ខ្លួន​តាំង​ពី​ខែ​មករា​មុន​ត្រូវ​បាន​តុលា​កំពូល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ដោយ​ធ្វើ​ការ​ជាទម្ងន់​ Mandatory credit REUTERS/Kyodo Mandatory credit REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីភ្នាក់ងារព័ត៌មាន​ផ្លូវ​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA” ការ​ផ្តន្ទាទោស Otto Warmbier  ​ដែល​ជា​និស្សិត​នៅសកលវិទ្យាល័យ​អាមេរិក Virginia ត្រូវ​បាន​ប្រកាស​ដោយ​តុលាការ​កំពូល​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ”។ « យុវនិស្សិត​អាមេរកាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ធ្វើ​សកម្មភាព​វិទ្ធង្សនា​ប្រឆាំង​កូរ៉េ​ខាង​ជើង​និង​ត្រូវ​បាន​តុលាការផ្ទន្ទាទោស​នៅ​ក្រោម​ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​វិទ្ធង្សនា »។
 

“ជន​ជាប់​ចោទ​ថែម​ទាំង​​បាន​ទទួល​ស្គាល់​​បទ​ល្មើស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន​”នេះ​ជា​ការ​បញ្ជាក់​បន្ថែមរបស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ជើង តែ​ដោយ​ពុំ​បាន​លម្អិត​អ្វី​ទៀត​ទេ។

 

យោងតាម​សាព័ត៌មាន​អាមេរិក The New York Times ការ​កាត់​ទោស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​​អ្នកការទូត​អាមេរិក​លោក Bill Richardson បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកការទូត​ពីរ​រូប​នៅ​ឯ​ការិយាល័យ​កូរ៉េ​ខាង​ជើង​នៅ​ទីស្នាក់ការ​អសប​នៅ​ក្រុង​ញូវយ៉ក ដើម្បី​សុំការ​ដោះលែង​យុវនិស្សិត​អាមេរិកាំង។

 

គួរំលឹកថា Otto Warmbier ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​កាលពី​ខែ​មករា​នៅ​ខណៈពេល​ដែល​យុវជនអាមេរិកាំង​រូប​នេះ​ហៀប​ចាកចេញ​ពី​កូរ៉េ​ខាង​ជើង។ យុវនិស្សិត​នេះ បាន​សារភាព​ដែរ​ថា​ខ្លួន​បាន​លួច​យក​បដា​មួយ​ដែល​ចារ​ជា​ពាក្យ​ស្លោក​នយោបាយ ​នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​រក្សា​ទុក​ឲ្យ​តែ​បុគ្គលិក​បំរើការងារ​នៅសណ្ឋាគារ​នៅ​ក្រុង​ព្យុងយ៉ាង​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង Otto Warmbier បាន​បន្លំ​ខ្លួន​ជា​អ្នកទេសចរ​ធ្វើដំណើរ​ទៅ​កូរ៉េ​ខាង​ជើង ​តាម​បញ្ជារ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើ​សកម្មភាព​វិទ្ធង្សនា​នានា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

 

ការ​ចាប់​ខ្លួន​យុវជន​អាមេរិកាំង នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបទ​មួយ​ដែល​កូរ៉េ​ខាង​ជើង​កំពុង​មាន​ភាពតានតឹង​ជាមួយ​សហគមន៍​អន្តរជាតិ ជា​ពិសេស​ជាមួយ​អាមេរិកាំង​ដែល​បាន​ដឹកនាំ​ក្នុង​ការបញ្ចុះបញ្ចូល​ឲ្យ​សហគមន៍​អន្តរជាតិ​​ដាក់​ទណ្ឌកម្ម​ជាទម្ងន់​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ពី​របបព្យុងយ៉ាង បាន​បាញ់សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ជា​លើក​ទី​៤​កាលពី​ដើម​ខែ​មករា​កន្លង​មក។

សូមបញ្ជាក់ថា ​នារយៈ​ពេល​ចុង​ក្រោយ​នេះ​ ក្រុង​ព្យុងយ៉ាង​បាន​ធ្វើការ​គំរាម​ទីក្រុង​សេអ៊ូល​និង​វ៉ាស៊ីតោន​ឥតលោះថ្ងៃ​ ថា​កូរ៉េ​ខាង​ជើង​នឹង​ធ្វើការ​វាយប្រហារ​បក​វិញ​ដោយ​អាវុធ​នុយក្លេអ៊ែរ បើ​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក នៅតែ​សំញែង​ធ្វើ​សមយុទ្ធ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា ជាការ​ធ្វើ​សមយុទ្ធ​មួយ​ដើម្បី​ត្រៀម​ការលុកលុយ​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន៕

 

 

 

 

 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ