អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖​រដ្ឋាភិបាល​ប្រកាស​ពី​ជម្រើស​ទីតាំង​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ THAAD

នៅ​ថ្ងៃ​ពុធ ទី១៣ កក្កដា​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ជម្រើស​ទីកន្លែង​ក្នុង​ការ​ដាក់​ពង្រាយ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ប្រភេទ THAAD របស់​អាមេរិក។ ទីកន្លែង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ តែ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​អាច​នឹង​ជួយ​ការពារ​ដែនដី​កូរ៉េខាងត្បូង​បាន ២ភាគ៣ ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ជា​យថាហេតុ​ពី​កូរ៉េខាងជើង។

មេបញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង
មេបញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​តំបន់ Seongju ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ជ្រើស​យក​ដើម្បី​ដាក់​តាំង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ប្រភេទ THAAD របស់​អាមេរិក។ ជម្រើស​យក​តំបន់ Seongju នោះ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​វា​មាន​ចម្ងាយ​ប្រមាណ​តែ ២០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​សេអ៊ូល និង​ដែល​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នោះ​អាច​ការពារ​ដែនដី​កូរ៉េខាងត្បូង​រហូត​ដល់​ទៅ ២ភាគ៣ ប្រឈម​ទប់​នឹង​ការ​គំរាម​បាញ់​គ្រាប់មីស៊ីល​ពី​កូរ៉េខាងជើង។ ក្រៅ​ពី​ការពារ​ដែនដី​កូរ៉េខាងត្បូង ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នោះ​ក៏​អាច​ការពារ​បណ្តា​រោងចក្រ សហគ្រាស មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ឬ​មួយ​ក៏​កន្លែង​ស្តុកប្រេង​ជាដើម។

ទន្ទឹម​នឹង​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ទីកន្លែង ក្រសួង​ការពារជាតិ​​កូរ៉េខាងត្បូង​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី១៣ កក្កដា​នេះ​ថា ប្រតិបត្តិការ​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ប្រភេទ THAAD របស់​អាមេរិក​នឹង​ត្រូវ​ចប់​សព្វគ្រប់​នា​ដំណាច់​ឆ្នាំ ២០១៧ ខាង​មុខ។ ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​បន្ថែម​ដោយ​សង្ឃឹម​ថា ពលរដ្ឋ​កូរ៉េខាងត្បូង​ទូទៅ ពិសេស​អ្នក​រស់នៅ​ក្នុង​តំបន់ Seongju នឹង​ជួយ​គាំទ្រ​គម្រោង​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​រហូត​ដល់​ចប់​ចុង​ចប់​ដើម។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល Seongju ចំនួន ៤៥ ០០០នាក់​ដែល ៦០% ជា​អ្នកចំការ​ដាំផ្លែត្រសក់ស្រូវ​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ប្រឆាំង​នឹង​គម្រោង​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ក្នុង​ស្រុក​របស់​ខ្លួន​ដោយ​ពួក​គេ​យល់​ថា ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​ការងារ​ធ្វើ​ចំការ​ដាំផ្លែត្រសក់ស្រូវ​របស់​ពួក​គេ។ គួរ​រម្លឹក​ជូន​ថា គម្រោង​ដាក់​ពង្រាយ​ខែលមីស៊ីលប្រឆាំង​មីស៊ីល​របស់​អាមេរិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​ចរចា និង​សម្រេច​តាំង​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ពោល​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។

គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី និង​ចិន​សប្បាយ​ចិត្ត​ឡើយ ពិសេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​កូរ៉េខាងជើង។ ចិន​ធ្លាប់​បាន​ចេញ​មុខ​បរិហារ និង​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​គម្រោង​នេះ​ជា​បន្ទាន់។ ចំណែក​កូរ៉េខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី​នា​ថ្ងៃ​ចន្ទ ទី១១ កក្កដា​ថា នឹង​ប្រើ​កម្លាំង​កម្ទេច​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នេះ នៅ​ពេល​ណា​វា​ត្រូវ​បាន​គេ​ដាក់​តាំង​រួចរាល់ និង​ថា កូរ៉េខាងជើង​នឹង​វាយ​កម្ទេច​កូរ៉េខាងត្បូង​ឲ្យ​នៅ​សល់​តែ​ផេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ