អានតួអត្ថបទ

តៃប៉ិ​ខឹង​​កេនយ៉ានិង​ចិន​រឿង​បណ្តេញ​ពលរដ្ឋ​តៃវ៉ាន់​ទៅ​ចិន​ដីគោក

នៅ​ថ្ងៃ​ចន្ទ​នេះ តៃវ៉ាន់ បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​ដដែលៗ​របស់អាជ្ញាធរ​​កេនយ៉ា ដែល​សម្រេច​បញ្ជូន​ពលរដ្ឋ​តៃវ៉ាន់​ទៅ​ឱ្យ​ចិន។ ពលរដ្ឋ​តៃវ៉ាន់​ទាំង​នោះ ទើប​ត្រូវ​បាន​រួច​ខ្លួន​ពី​​ចោទប្រកាន់​ក្នុង​​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត មិន​ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​ស្នាក់​នៅក្នុង​ទឹកដី​កេនយ៉ា​ទៀត​ទេ តែ​ក៏​មិន​អាច​ត្រលប់​មក​កាន់​កោះ​កំណើត​បាន​ដែរ។

ប្រធានាធិបតី​តៃវ៉ាន់​ថ្មី អំពាវនាវ​ឱ្យមាន​ការ​ចរចា​ជាវិជ្ជាមាន​ជាមួយ​ចិន
ប្រធានាធិបតី​តៃវ៉ាន់​ថ្មី អំពាវនាវ​ឱ្យមាន​ការ​ចរចា​ជាវិជ្ជាមាន​ជាមួយ​ចិន REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​មេសា កេនយ៉ា បាន​បញ្ជូន​​ម្តង​រួច​ហើយ ពលរដ្ឋតៃវ៉ាន់ ៤៥​នាក់ ទៅ​ប្រទេស​ចិន ដែលកាលណោះ​តៃវ៉ាន់​បាន​ធ្វើ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង និង​ចោទ​ប៉េកាំង​ថា​​បាន​ចាប់​ជំរិត​ពលរដ្ឋ​ខ្លួន តាម​រយៈ​ការ​ដាក់​សម្ពាធ​ដោយ​ខុស​ច្បាប់​លើ​រដ្ឋាភិបាល​កេនយ៉ា។

នៅ​ថ្ងៃសុក្រ​កន្លង​ទៅថ្មីៗ​នេះ តុលាការ​កេនយ៉ា បាន​សម្រេច​លាង​ទោស ផ្តល់​សេរីភាព​ដល់​​ជនជាតិ​ចិន​៣៥​នាក់ និង​តៃវ៉ាន់ ៥​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​តាំង​​ពី​ឆ្នាំ​២០១៤ ពី​បទ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ពីបទជាប់​សង្ស័យជា​បណ្តាញ​ឧក្រិដ្ឋកម្មតាម​អ៊ីនធ័រនែត។

ត្រូវ​ជាប់​ឃុំឃាំង​បណ្តោះអាសន្ន ជន​ទាំង​៤០នាក់​សុទ្ធ​តែ​អះអាង​ថា​គ្មាន​ប្រព្រឹត្ត​ខុស។ តុលាការ​កេនយ៉ា ក៏​ចេញ​សាលក្រម​បណ្តេញ​ចេញ​ពី​កេនយ៉ា​ រួច​បញ្ជូន​ឱ្យ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Amnesty International បាន​ធ្វើ​ការ​អំពាវនាវ​ភ្លាម​ឱ្យ​អាជ្ញាធរ​កេនយ៉ា អនុវត្ត​ទោស​ ទៅច្បាប់​ដោយ​សមស្រប ដោយ​ត្រូវ​បញ្ជូន​ពលរដ្ឋ​តៃវ៉ាន់ ទៅ​តៃវ៉ាន់។ ប៉ុន្តែ នៅ​យប់​ថ្ងៃអាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទ​នេះ ពលរដ្ឋ​តៃវ៉ាន់​ទាំង​៥​នាក់ បែរ​ជា​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​ទៅ​វិញ។

ក្រៅ​អំពី​បាន​​តវ៉ា​​នឹង​អាជ្ញាធរ​កេនយ៉ា ក្រសួងការបរទេស​តៃវ៉ាន់ ក៏​បានសម្តែង​ការ​ប្រឆាំង​នឹងទង្វើ​ដដែល​របស់​​​​ចិនដែលចាប់ឃុំឃាំង​និង​ដាក់​ទោសពលរដ្ឋ​គេ។​​

កាលពី​ខែមេសា ម៉ាឡេស៊ី ក៏​បាន​បញ្ជូន​ពលរដ្ឋ​តៃវ៉ាន់​៣២​នាក់ ទៅ​ឱ្យ​ចិន​ក្នុង​សំណុំ​រឿង​​ទូរគមនាគមន៍​ដូច​គ្នា។ កម្ពុជា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ទំនាក់ទំនង​ចិននិង​តៃវ៉ាន់​ មាន​ប្រវត្តិ​តឹង​តែង​ជា​ប្រវត្តិសាស្ត្រ​ស្រាប់​ទៅ​ហើយ។ អ្នកសង្កេតការណ៍ជា​ច្រើនមើល​ឃើញ​ សំណុំ​រឿង​ចាប់​បញ្ជូន​តៃវ៉ាន់​ទៅ​​ចិនដីគោក ជា​វិធី​មួយ​ដែល​ចិន​ចង់​បំភ័យប្រធានាធិបតី​តៃវ៉ាន់​ថ្មី លោកស្រី ត្សៃ អ៊ីងវែន។ ប៉េកាំង​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ចង់​ក្រសោប​យក​ពេល​ណា​ក៏​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ