អានតួអត្ថបទ
ថៃ

ភេរវកម្ម​នៅ​ថៃ៖តុលាការ​លើក​ពេល​កាត់ទោស​ជនសង្ស័យ​អ៊ុយហ្គួរ​ដោយ​ខ្វះ​អ្នក​បក​ប្រែ

នៅ​ក្នុង​ប្រទេស​ថៃ តុលាការ​សឹក​ដែល​ត្រូវ​បើក​សវនាការ​កាត់ទោស​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​កាន់​សាសនា​អ៊ីស្លាម​ចំនួន​ពីរ​នាក់​ក្នុង​ថ្ងៃ​អង្គារ ទី២៣​សីហា​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​លើក​សវនាការ​កាត់ទោស​នេះ​ទៅ​ពេល​ក្រោយ​វិញ​ដោយ​គ្មាន​អ្នក​បកប្រែ​ភាសា​អ៊ុយហ្គួរ។ សូម​ជម្រាប​ជូន​ថា ជនជាតិ​អ៊ុយហ្គួរ​ទាំង​ពីរ​នាក់​បាន​ជាប់​សង្ស័យ​ពី​បទ​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៥ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២០នាក់។ តែ​ការ​លើក​ថ្ងៃ​សវនាការ​របស់​តុលាការ​ពេល​នេះ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

ភេរវកម្ម​នៅ​ថៃ៖តុលាការ​លើក​ពេល​កាត់ទោស​ជនសង្ស័យ​អ៊ុយហ្គួរ​ដោយ​ខ្វះ​អ្នក​បក​ប្រែ
ភេរវកម្ម​នៅ​ថៃ៖តុលាការ​លើក​ពេល​កាត់ទោស​ជនសង្ស័យ​អ៊ុយហ្គួរ​ដោយ​ខ្វះ​អ្នក​បក​ប្រែ MUNIR UZ ZAMAN / APF / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត សវនាការ​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​ត្រូវ​បាន​តុលាការ​សឹក​ក្នុង​ក្រុង​បាងកក​ប្រកាស​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃទី១៥ កញ្ញា​ខាង​មុខ​នេះ​វិញ។ មូលហេតុ​នៃ​ការ​លើក​ពេល​ត្រូវ​បាន​ចៅក្រម​បញ្ជាក់​ថា មក​ពី​គ្មាន​អ្នក​បកប្រែ​ភាសា​អ៊ុយហ្គួរ ព្រោះ​ជនជាប់​សង្ស័យ​ទាំង​ពីរ​រូប​មិន​អាច​និយាយ​ភាសា​អ្វី​ផ្សេង​ក្រៅ​ពី​ភាសា​អ៊ុយហ្គួរ​ទេ។ រូប​ចៅក្រម​នៃ​តុលាការ​សឹក​បាន​បន្ថែម​ថា តុលាការ​គ្មាន​ពេល​នឹង​រក​អ្នកបកប្រែ​ថ្មី ព្រោះ​អ្នក​បកប្រែ​មុន​ឈ្មោះ Sirojiddin Bakhodirov ជា​ជនជាតិ​អ៊ូសបេគីស្ថាន និង​ដែល​កំពុង​ជាប់​សង្ស័យ​ក្នុង​រឿង​ជួញដូរ​គ្រឿងញាន​បាន​រត់គេច​ខ្លួន​បាត់។

តែ​កន្លង​មក អ្នក​បកប្រែ​ជនជាតិ​អ៊ូសបេគីស្ថាន​រូប​នេះ​ធ្លាប់​បាន​ចោទ​ប៉ូលិស​ថា បាន​យក​គ្រឿងញាន​ទៅ​ដាក់​លើ​ខ្លួន​គេ​ក្នុង​បំណង​ចោទ​ប្រកាន់​ពី​បទ​បាន​ជួយ​ជនជាតិ​អ៊ុយហ្គួរ​ដោយ​យល់​ព្រម​ធ្វើ​ជា​អ្នក​បកប្រែ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​ទាំង​ពីរ​នាក់។ យ៉ាង​ណា​ក៏​ដោយ អវត្តមាន​អ្នកបកប្រែ​ក្នុង​ថ្ងៃ​បើក​សវនាការ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​វាយប្រហារ​លើ​ប្រព័ន្ធ​តុលាការ​ថៃ​ដែល​ខ្វះ​សមត្ថភាព ឬ​មួយ​មាន​ឆន្ទៈ​ចង់​ពន្យារ​ដំណើរការ​កាត់ទោស។ អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​អះអាង​ថា អ្នកបកប្រែ​ភាសា​អ៊ុយហ្គួរ​មាន​ច្រើន​ណាស់ និង​អាច​រក​បាន​ភ្លាមៗ តែ​បែរ​ជា​តុលាការ​ថា​មិន​អាច​រក​បាន​ទៅ​វិញ។

សូម​ជម្រាប​ជូន​ថា ជនជាតិ​អ៊ុយហ្គួរ​ទាំង​ពីរ​នាក់​ឈ្មោះ Yusufu Mieraili និង​ឈ្មោះ Bilal Mohammed បាន​ជាប់​សង្ស័យ​ពី​បទ​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ក្រុង​បាងកក​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៥ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២០នាក់។ នៅ​ក្នុង​សវនាការ​បឋម​កាល​ពី​ប៉ុន្មាន​ខែ​មុន ជនសង្ស័យ​អ៊ុយហ្គួរ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​ខ្លួន។ ជនសង្ស័យ​ឈ្មោះ Bilal Mohammed ថែម​ទាំង​បាន​អះអាង​ថា រូប​គេ​បាន​ទទួល​គំនាប និង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ៗ​ពី​សំណាក់​ប៉ូលិស​ដើម្បី​សង្កត់​រូប​គេ​ឲ្យ​សារភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ