ប្រមុខរដ្ឋចិនដាក់ជើងជាន់ទឹកដីបង់ក្លាដែសជាមួយនឹងលុយដុល្លារពេញហោប៉ៅ
បន្ទាប់ពីប្រទេសកម្ពុជា លោកប្រធានាធិបតីចិនស៊ី ជីនពីងបន្តដំណើរទស្សនកិច្ចនៅក្នុងតំបន់ដោយបានទៅដល់ប្រទេសបង់ក្លាដែសនាថ្ងៃសុក្រ ទី១៤ តុលាដើម្បីបំពេញទស្សនកិច្ចចំនួន ២ថ្ងៃ។ នេះជាលើកទី១ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅដែលមានប្រមុខរដ្ឋចិនម្នាក់បានដាក់ជើងជាន់ទឹកដីបង់ក្លាដែសដែលកំពុងទទួលឥទ្ធិពលខ្លាំងពីប្រទេសជិតខាងឥណ្ឌា។ តែចិនយល់ថា បង់ក្លាដែសជាប្រភពសេដ្ឋកិច្ចដែលខ្លួនមិនអាចមើលរំលងបានទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
ជាមួយនឹងប្រជាជន ១៦០លាននាក់ បង់ក្លាដែសជាប្រទេសក្រីក្រមួយនៅអាស៊ី តែជាសក្តានុពលសេដ្ឋកិច្ចមួយដែលចិនមិនអាចមើលរំលងបានឡើយ។ មិនអាចមើលរំលងបាន ព្រោះបង់ក្លាដែសកំពុងត្រូវការវិនិយោគបរទេសជាច្រើនពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ និងនៅក្នុងវិស័យសំខាន់ៗជាច្រើនផ្សេងទៀត រួមមាន កសិកម្ម ថាមពល និងដឹកជញ្ជូនសាធារណៈ។ នៅក្នុងទសវត្សចុងក្រោយនេះ បង់ក្លាដែសទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំចំនួន ៦% តែធនាគារពិភពលោកបានយល់ឃើញថា អត្រាកំណើនសេដ្ឋកិច្ចកម្រិតនេះនៅមិនទាន់អាចអនុញ្ញាតឲ្យបង់ក្លាដែសបង្កើតបានការងារគ្រប់គ្រាន់សម្រាប់យុវជនសម័យថ្មីទេ។
ថ្នាក់ដឹកនាំបង់ក្លាដែសមួយចំនួនបានបញ្ជាក់ឲ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់ប្រមុខរដ្ឋចិន លោកស៊ី ជីនពីងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ និងផ្តល់ប្រាក់កម្ចីឲ្យបង់ក្លាដែសមានទឹកប្រាក់សរុបប្រមាណជា ២០ ០០០លានដុល្លារ។ ក្រៅពីនោះ លោកស៊ី ជីនពីងចូលរួមបើកសម្ពោធតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្បែរកំពង់ផែ Chittagong ដែលជាកំពង់ផែយុទ្ធសាស្រ្តស្ថិតប៉ែកខាងត្បូងប្រទេស។ កំពង់ផែនេះត្រូវបានវិនិយោគដោយថៅកែចិនដែលបានចំណាយលុយពី ៥ ០០០ ទៅ ៧ ០០០លានដុល្លារ។
ជាមួយនឹងវត្តមានលោកស៊ី ជីនពីងពេលនេះ រដ្ឋាភិបាលទីក្រុងដាកាសង្ឃឹមនឹងទាក់ទាញក្រុមអ្នកវិនិយោគចិនបន្ថែមទៀត។ គួរបញ្ជាក់ជូនថា បង់ក្លាដែសជាប្រទេសឧស្សហកម្មវាយណភ័ណ្ឌទី២ ក្នុងលោកបន្ទាប់ពីចិន តែកម្លាំងពលកម្មនៅបង់ក្លាដែសមានតម្លៃថោកជាងកម្លាំងពលកម្មនៅចិនពី ៦ ទៅ ៧ដង។ សូមជម្រាបជូនថាបច្ចុប្បន្ន បង់ក្លាដែសជាសម្ព័ន្ធមិត្តប្រពែណី និងកំពុងទទួលឥទ្ធិពលពីប្រទេសឥណ្ឌាជិតខាង។ គឺឥណ្ឌានេះឯងដែលបានជួយបង់ក្លាដែសឲ្យទទួលបានឯករាជ្យពីប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១ ហើយគឺឥណ្ឌាដែលបានផ្តល់ការគាំទ្រពេញទំហឹងចំពោះរដ្ឋាភិបាលក្រុងដាការបស់លោកស្រីនាយករដ្ឋមន្រ្តីឆេក ហាស៊ីណា។
អ៊ីចឹងហើយបានជាឥណ្ឌាកំពុងសម្លឹងមើលមិនដាក់ភ្នែកចំពោះទំនាក់ទំនងកាន់តែរីកធំរវាងបង់ក្លាដែស និងចិន។ បង់ក្លាដែសបានដឹងច្បាស់ណាស់ ហើយក៏បាន និងកំពុងបង្កើនទំនាក់ទំនងជាមួយចិនដោយបន្តរក្សាទំនាក់ទំនងល្អជាមួយឥណ្ឌាដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ