អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អូស្រា្តលី

ឥណ្ឌូណេស៊ី​បាន​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​​អូស្រា្តលី

នៅ​ថ្ងៃ​ពុធ ទី៤ មករា​នេះ ប្រទេស​ឥណ្ឌូណេស៊ី តាម​រយៈ​អ្នក​ទទួល​ខុស​ត្រូវ​យោធា​ម្នាក់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឥណ្ឌូណេស៊ី​បាន​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​អូស្រា្តលី។ មូលហេតុ មក​ពី​ឥណ្ឌូណេស៊ី​បាន​រក​ឃើញ​ឯកសារ​ហ្វឹកហ្វឺន​យោធា​មួយ​ចំនួន​ដែល​មាន​សរសេរ​អត្ថន័យ​ប្រមាថ​ដល់​គោលការណ៍​ជាមូលដ្ឋាន​របស់​ឥណ្ឌូណេស៊ី។ 

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko និង​លោកស្រី​​រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី Julie Bishop
លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko និង​លោកស្រី​​រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី Julie Bishop REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នៃ​ការ​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ឥណ្ឌូណេស៊ី និង​អូស្រា្តលី​ពេល​នេះ​ត្រូវ​បាន​ថ្លែង​បញ្ជាក់​ដោយ​លោក Wuryanto អ្នក​នាំ​ពាក្យ​កងទ័ព​ឥណ្ឌូណេស៊ី។ តាម​លោក Wuryanto កិច្ចសហប្រតិបត្តិការ​យោធា​ដែល​រួម​មាន ការ​ធ្វើ​សមយុទ្ធ ការ​រៀនសូត្រ និង​កម្មវិធី​ផ្តោះប្តូរ​ព័ត៌មាន​ត្រូវ​បាន​ផ្អាក​តាំង​ពី​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ មក​ម្ល៉េះ។ អ្នក​នាំពាក្យ​កងទ័ព​ឥណ្ឌូណេស៊ី​រូប​នេះ​មិន​បាន​លំអិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ពេល​នេះ​ទេ គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ដោយសារ​បញ្ហា​បច្ចេកទេស។

តែ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ប្រចាំថ្ងៃ​ឥណ្ឌូណេស៊ី​ឈ្មោះ Kompas ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​កងទ័ព​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គ្រូបង្រៀន​យោធា​ឥណ្ឌូណេស៊ី​ម្នាក់​បាន​រក​ឃើញ​ឯកសារ​ហ្វឹកហ្វឺន​យោធា​របស់​អូស្រា្តលី​ដែល​មាន​សរសេរ​អត្ថន័យ​ក្នុង​លក្ខណៈ​ប្រមាថ​ដល់​គោលការណ៍​ជាមូលដ្ឋាន​ទាំង ៥ របស់​រដ្ឋឥណ្ឌូណេស៊ី និង​ដល់​កងទ័ព​ឥណ្ឌូណេស៊ី។ គោលការណ៍​ជា​មូលដ្ឋាន​ទាំង ៥ នោះ​រួម​មាន ជំនឿ​លើ​ព្រះ​ជាម្ចាស់​តែមួយ ឯកភាព​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​មួយ​យុត្តិធម៌សង្គម​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​គ្រប់រូប​ជា​ដើម។

ពី​ប្រទេស​អូស្រ្តាលី ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា ពិត​ជា​បាន​ទទួល​ព័ត៌មាន​នេះ​ពី​ឥណ្ឌូណេស៊ី​ស្តីពី​ការ​ផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា។ សូម​ជម្រាប​ជូន​ថា ឥណ្ឌូណេស៊ី​ធ្លាប់​បាន​ព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អូស្រ្តាលី​ម្តង​ហើយ​ក្នុង​ឆ្នាំ ២០១៣។ កាល​ណោះ ឥណ្ឌូណេស៊ី​បាន​ចោទ​អូស្រា្តលី​ពី​បទ​ចារកម្ម​ដោយ​ព្យាយាម​លួច​ស្តាប់​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជំនាន់​នោះ គឺ​លោក Susilo Bambang Yudhoyono៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ