អានតួអត្ថបទ
អូស្ត្រាលី-ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ​អូស្ត្រាលីឲ្យ​លុយ​​អ្នក​បើក​​ទូក​ដឹក​ជនអន្តោប្រវេសន៍

អ្នកបើក​ទូក​ដឹកជនអន្តោប្រវេសន៍​បាន​ទទួល​លុយ​រាប់ពាន់ ដុល្លារ ពី​អាជ្ញាធរ​អូស្ត្រាលី ជាថ្នូរ​នឹង​ការបង្វែរ​ទិសដៅ​ពី​នូវែលហ្សេឡង់ ដោយ​បត់​ក្បាលទូក ឲ្យ​ត្រលប់​ចូល​ដែន​ទឹក​ឥណ្ឌូណេស៊ី​វិញ។ នេះ​បើតាម​ការអះអាង​របស់​ប៉ូលិស ឥណ្ឌូណេស៊ី នៅថ្ងៃ​ពុធ​ទី ១០​មិថុនា។ អ្នកបើក និង​អ្នកដើរ​ទូក ដែល​ជា​សមាជិក​ចំនួន​៥​នាក់ ត្រូវ​បាន​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ឃុំខ្លួន នៅ​លើ​កោះ Rote តាំង​ពី​ចុងខែ​ឧសភា ពី​បទ​រត់ពន្ធ​មនុស្ស។ 

​ជនអន្តោប្រវេសន៍​រាប់ពាន់​ប្រថុយ​ជីវិត ធ្វើ​ដំណើរ​តាមទូក​ដើម្បី​ស្វែង​រក​ជីវិត​ល្អប្រសើរ​នៅ​អូស្ត្រាលី ឬម៉ាឡេស៊ី
​ជនអន្តោប្រវេសន៍​រាប់ពាន់​ប្រថុយ​ជីវិត ធ្វើ​ដំណើរ​តាមទូក​ដើម្បី​ស្វែង​រក​ជីវិត​ល្អប្រសើរ​នៅ​អូស្ត្រាលី ឬម៉ាឡេស៊ី ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​មន្ទីរឃុំខ្លួន មេឈ្មួញ​រត់ពន្ធ​មនុស្ស បាន​សារភាព​ប្រាប់​ប៉ូលិស​ឥណ្ឌូណេស៊ី ថា ពួកគេ​បាន​ទទួល​ទឹកប្រាក់ ម្នាក់ៗ ចំនួន ៥ពាន់​ដុល្លារ ពី​មន្រ្តី​អន្តោប្រវេសន៍ អូស្ត្រាលី ជាថ្នូរ​នឹង​ការបត់​ក្បាលទូក ចូល​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី។ ប្រធាន​ប៉ូលិស​មូលដ្ឋាន​ឥណ្ឌូណេស៊ី​Hihayat ដែល​ជាអ្នកបាន​ឃើញ​លុយ​របស់​ក្រុមឈ្មួញ​រត់ពន្ធ​មនុស្ស បាន​និយាយ​ថា គាត់​មាន​ការភ្ញាក់ផ្អើល​មែនទែន ព្រោះថា នេះ​ជា​លើក​ទីមួយ ដែល​គាត់​លឺ​ថា អាជ្ញាធរ​អូស្ត្រាលី​បង់​លុយ​ផ្ទាល់ ទៅ​ឲ្យ​អ្នកបើកទូក​ដឹក​ជនអន្តោប្រវេសន៍។

 
ទូកដឹក​ជនអន្តោប្រវេសន៍ ប្រមាណ ៦៥នាក់ ដែល​មាន​លាយឡំ គ្នា រវាង​ជនជាតិ​ភូមា បង់ក្លាដែស និង​ស្រីលង្កា មាន​ទិសដៅ​របស់ខ្លួន ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នូវែលហ្សេឡង់ ដោយ​ត្រូវ​ឆ្លងកាត់​ដែនទឹក​របស់​អូស្ត្រាលី។ ប៉ុន្តែ មិនទាន់​ចូល​ក្នុង​ដែនទឹក​អូស្ត្រាលី​ផង ទូក​ត្រូវ​បាន​កប៉ាល់​ល្បាត​អូស្ត្រាលី​ចាប់​ឃាត់​ទាន់ និង​បញ្ជា​ឲ្យ​បត់ក្បាលទូក ចេញ ពីដែន​ទឹក​របស់​អូស្ត្រាលី។

ជនអន្តោប្រវេសន៍ នៅក្នុង​ទូក ដែល​បច្ចុប្បន្ននេះ ត្រូវ​គេ​យក​ទៅ​ដាក់​នៅក្នុង​សណ្ឋាគារ​តូចមួយ​ក្នុង​ទីក្រុង​គូប៉ាង ប៉ែក​ខាងកើត​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ការអះអាង​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី ដោយ​ថា ពួកគេ​បាន​ដឹង​ថា អ្នកបើកទូក​ទទួល​លុយ បន្ទាប់ពី​ឃើញ ទូក​បក​ត្រលប់​ក្បាល​ចេញ​ពី​ដែនទឹក​អូស្ត្រាលី។

នៅ​ថ្ងៃ​ពុធ នេះ រដ្ឋមន្រ្តី​ក្រសួង​ជនអន្តោប្រវេសន៍​អូស្ត្រាលី បាន​បដិសេធ​មិន​បកស្រាយ​អ្វី​ទាក់ទង​នឹង​ដំណឹង​សូកលុយ​ពី អាជ្ញាធរ​អូស្ត្រាលី ទៅ​ឲ្យ​ឈ្មួញបើក​ទូក​ដឹក​ជន​អន្តោប្រវេសន៍។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ក្រសួង​គ្រាន់តែ​បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី មិន​ធ្វើ​អត្ថាធិប្បាយ ឬ​បញ្ចេញ​ឲ្យ​ដឹង​ជាសាធារណៈ​ពី​ប្រតិបត្តិការ​លម្អិត​របស់​អាជ្ញាធរ​អូស្ត្រាលី ឡើយ។ រដ្ឋាភិបាល​អភិរក្ស​និយម​អូស្ត្រាលី​បាន​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍ តាំង ពី​ឆ្នាំ ២០១៣ ដើម្បី ទប់ស្កាត់ លំហូរ ទូក​ដឹក​ជនបរទេស ចូល​ទៅ​ក្នុង​ទឹកដី​អូស្ត្រាលី។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ ដើម្បី​ជួល​កោះ​ក្បែរ​ទឹកដី​អូស្ត្រាលី ដើម្បី ដាក់​ជន​អន្តោប្រវេសន៍ ដែល​បាន​ចូល​រួចហើយ ទៅក្នុង​ដែន​ទឹក​អូស្ត្រាលី។ ថ្មីៗនេះ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ទើប​បាន​ចុះកិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ជាង ៤១​លាន​ដុល្លារ ដើម្បី​ឲ្យ​កម្ពុជា​ទទួល​យក​ជនភៀស​ខ្លួន ដែល​អូស្ត្រាលី​មិន​ចង់​ទទួល​ឲ្យ​រស់នៅ​ក្នុងទឹកដី​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ