អសប៖ សំរាមអេឡិចត្រូនិកនៅអាស៊ី កើនឡើងខ្លាំងគួរឲ្យបារម្ភ
កាកសំណល់អេឡិចត្រូនិកកើនឡើងខ្លាំងនៅអាស៊ី។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ សំរាមអេឡិចត្រូនិកកើនឡើងខ្លាំង ធ្វើឲ្យគេបារម្ភខ្លាំងពីផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្ស ហើយនិងបរិស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
ទូរទស្សន៍ ទូទឹកកក ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត ត្រូវបានប្រើកាន់តែច្រើន នៅបណ្តាប្រទេសអាស៊ីដែលកំពុងស្គាល់ការរីកចម្រើន។ សំភារៈអេឡិចត្រូនិកទាំងអស់នេះជាកត្តាបញ្ជាក់ពីជីវភាពធូរធាជាងមុនរបស់ប្រជាជននៅអាស៊ី។ ប៉ុន្តែ ជាមួយគ្នានោះ អាស៊ីដែលនៅខ្វះខាតច្រើន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយនិងមធ្យោបាយដើម្បី កែច្នៃឡើងវិញ ក៏កំពុងប្រឈមខ្លាំងផងដែរនឹងជាតិពុល បំផ្លាញបរិស្ថានដែលចេញពីសំរាមអេឡិចត្រូនិក
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល៥ឆ្នាំ បរិមាណសំរាមអេឡិចត្រូនិក ហើយនិងសំរាមដែលជាឧបករណ៍អគ្គិសនី បានកើនឡើង គួរឲ្យព្រួយបារម្ភ ប្រមាណ ៦៣ភាគរយ។ កាលពីមុន ប្រទេសចិន និងប្រទេសអាស៊ីមួយចំនួនទៀត បានក្លាយជាកន្លែងចាក់សំរាមរបស់ប្រទេសអ្នកមាន ដែលលែងប្រើឧបករណ៍អេឡិចត្រូនិកចាស់ៗ។ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ីបានក្លាយជាប្រភពបញ្ចេញសំរាមអេឡិចត្រូនិក ដោយសារកត្តាជីវភាពអំណោយផល ហើយនិងកំណើនសេដ្ឋកិច្ច បានអនុញ្ញាតឲ្យប្រជាជនអាស៊ីកាន់តែច្រើន មានទូរទស្សន៍ កុំព្យូទ៍រ មានទូរស័ព្ទ ពីរ បីក្នុងដៃ។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា ក្នុងចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ បរិមាណសំរាមអេឡិចត្រូនិករបស់ចិនបានកើនឡើង ទ្វេរដង។ ហុងកុង ជាប់ចំណាត់ថ្នាក់មុនគេ ដោយប្រជាជនហុងកុងម្នាក់ បញ្ចេញសំរាមអេឡិចត្រូនិកប្រមាណ ២១គីឡូក្រាម ក្នុងមួយឆ្នាំ ២០១៥។ បន្ទាប់មក ពី ប្រជាជនសិង្ហបុរី និងតៃវ៉ាន់។ កម្ពុជា ហ្វីលីពីន និងវៀតណាម បញ្ចេញសំរាមអេឡិចត្រូនិកតិចជាងគេ គឺតិចជាង ១គីឡូក្រាមកន្លះ ក្នុងប្រជាជនម្នាក់។
ឧបករណ៍អេឡិចត្រូនិកនឹងជួយសម្រួលកត្តារស់នៅរបស់មនុស្ស ប៉ុន្តែ ជាមួយគ្នានេះ គេក៏ត្រូវគិតគូរពីផលប៉ះពាល់របស់វា ទៅក្នុងបរិស្ថានដែរ។ នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ អ្នកនិពន្ធបានអំពាវនាវផងដែរ ឲ្យបណ្តាប្រទេសអាស៊ី បង្កើនរចនាសម្ព័ន្ធត្រឹមត្រូវ សម្រាប់កែច្នៃ សំរាមអេឡិចត្រូនិក ដើម្បីជៀសវាងផលប៉ះពាល់ ទៅលើបរិស្ថាន និងសុខភាពមនុស្ស។ ជាក់ស្តែង នៅខេត្តក្វាងទុង ជាទីដែលសំបូររោងចក្រកែច្នៃសំរាមអេឡិចត្រូនិក មកពីបរទេស ដោយសារតែរោងចក្រធ្វើឡើងមិនតាមស្តង់ដា គេរកឃើញមានលោហៈធ្ងន់ជាច្រើនបានឆ្លងចូលទៅក្នុងខ្យល់ និងទឹក។ តាមការសិក្សារបស់សកលវិទ្យាល័យក្នុងស្រុក ឈាមរបស់កុមាររស់នៅខេត្តក្វាងទុក មានសំបូរទៅដោយជាតិសំណរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ