អានតួអត្ថបទ
ច្បាប់-បរិស្ថាន-ឧស្សហកម្ម

ចិន​បង្កើត​ពន្ធ​លើ​ការ​បំពុល​បរិស្ថាន​ក្នុង​ផ្នែកឧស្សាហកម្ម​

សភា​ចិន ទើប​បាន​អនុម័ត​លើ​ច្បាប់​មួយ​ដើម្បី​យក​ពន្ធ​លើ​រោងចក្រ​ណា​ដែល​ធ្វើការ​​បំពុល​​បរិស្ថាន​។ ច្បាប់​​ថ្មី​​នេះ ​អាច​​នឹង​​អនុវត្ត​​ទៅ​បាន​​ចាប់​​ពី​​ឆ្នាំ​ ២០១៨​​ទៅ​។ ​ម្យ៉ាង​ទៀតការ​​បំពុល​​ប​រិយាកាស​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នា​រយៈពេល​៦​ថ្ងៃ​កន្លង​មក​នេះ បាន​ជះ​ផលវិបាក​​ដ៏​ធ្ងន់ធ្ងរ​​ទៅ​​លើ​ប្រជាជន​​ចិន​​​ចំនួន​​១/៣​​នៅ​​ក្នុង​​ប្រទេស។​

ការ​បំពុល​បរិយាកាស​​នៅ​តំបន់​​ឧស្សាហកម្ម​​នៅ​​ Lanzhou​
ការ​បំពុល​បរិយាកាស​​នៅ​តំបន់​​ឧស្សាហកម្ម​​នៅ​​ Lanzhou​ DR
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន​ បាន​ចាក់​ផ្សាយ​ឥត​ឈប់ឈរ ព័ត៌មាន​​ស្តី​អំពី​ការ​បង្កើត​ពន្ធ​​មួយ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម។ ​ហើយ​ចាប់​ពី​ឆ្នាំ​២០១៨​ទៅ រោងចក្រ​​ទាំង​អស់​នៅ​ក្នុង​ប្រទេស ចិន​នឹង​ត្រូវ​បង់​ពន្ធ​មួយ​នៅ​លើ​ការ​បំពុល​បរិយាកាស​ដែល​ខ្លួន​បាន​បង្ក​ឡើង​ ទោះបី​ជា​ទៅ​​ក្នុង​បរិយាកាស​ក្តី​ឬ​ក៏​ទៅ​ក្នុង​ទឹក​ក្តី។ ម្យ៉ាងទៀត រោងចក្រ​ត្រូវ​បង់ពន្ធ​ទៅ​តាម​កម្រិត​សារធាតុ​ពុល​ក្នុង​បរិយាកាស​និង​ទៅ​តាម​កាក​សំណល់​ពុល​របស់​រោងចក្រ។

 
សកម្មជន​ការពារបរិស្ថាន​ចិន លោក  Wu Lihong បាន​អះអាង​ថា" វិធានការ​ថ្មី​របស់​ចិន​នេះ ​សំខាន់​​ខ្លាំង​ណាស់ ក៏ប៉ុន្តែ​វា​មក​ដល់​យឺត​ពេល​ទៅ​ហើយ"។ ​សកម្មជន​ការពារ​បរិស្ថាន​ដដែល​នេះ បាន​គូស​បញ្ជាក់​ទាំង​ក្តៅ​ក្រហាយចិត្ត​​ថា”សព្ធ​ថ្ងៃ​នេះ នៅ​ក្នុង​ប្រទេស​ចិន ​គ្មាន​ទន្លេ​ណា​មួយ​នៅ​​ស្អាត ​បរិសុទ្ធ​ទេ ចំណែកឯ​​​ដី​ធ្លី​វិញ ​សុទ្ធ​តែ​បង្កប់​ទៅ​ដោយ​សារជាតិ​ពុល"។

ដោយសារ​តែ​អាកាសធាតុ​​ត្រជាក់​ខ្លាំង​ពេក​នៅ​​ភាគ​ខាង​ជើង​ប្រទេស​ចិន ខ្យល់​កាន់​តែ​ត្រូវ​បាន​​បំពុល​ខ្លាំង​ថែម​មួយ​កំរឹត​​ទៀត។ សកម្មជន​បរិស្ថាន​ចិន​បាន​សង្កត់​ពាក្យ​ថែម​ទៀត​ថា ប្រទេស​ចិន ពុំ​បាន​គិត​​ពី​អាយុ​ជីវិត​របស់​ប្រជាជន​ខ្លួន​ទេ​ តែ​ខ្វល់ខ្វាយ​តែ​ពីបញ្ហា​ អភិវឌ្ឈន៍​ប្រទេសមួយមុខគត់។​

ការ​បំពុល​បរិយាកាស​នៅ​ក្នុង​ប្រទេស​ចិន ឥឡូវ​នេះ បាន​ក្លាយ​ទៅ​ជា​ទុក្ខ​កង្វល់​ប្រចាំ​ថ្ងៃ​មួយ​របស់​ប្រជាជន​ចិន​ទៅ​ហើយ​។ ចំពោះ​លោក Stefan Berder ដែល​ជា​ម្ចាស់​សហគ្រាស​មួយ​ទទួល​បន្ទុក​ការ​វាស់វែង​គុណភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​ចិនវិញ “ដោយ​ហេតុតែ​ការ​បំពុល​បរិយាកាស​ មាន​កម្រឹត​ដល់​កំពូល​នេះ​ហើយ​ដែល​​ជម្រុញ​អោយ​​រដ្ឋាភិបាល​​ចិន ប្រកាស​ជូន​ដំណឹង​អំពី​ច្បាប់​នេះ" ។​

ម្យ៉ាងទៀត​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ ការ​បំពុល​បរិយាកាស បាន​ឈាន​ដល់​កម្រិត​៤០​ដង​ខ្ពស់​ជាង​កម្រឹត​របស់​អង្គការ​សុខភាពពិភព​លោក​ទៅ​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ