អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េខាងជើង

កម្លាំង​ប្រដាប់អាវុធ​ម៉ាឡេស៊ី​ការពារ​ទីកន្លែង​តម្កល់​សព​លោក​គីម ជុងណាម​នៅ​មន្ទីរពេទ្យ

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សព​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន​កំពុង​ត្រូវ​បាន​រដ្ឋអំណាច​ម៉ាឡេស៊ី​បន្ត​រក្សា​ទុក​នៅ​កន្លែង​តម្កល់សព​ក្នុង​មន្ទីរពេទ្យ​មួយ​ស្ថិត​ក្នុង​ទីក្រុង​គូឡាឡាំពួ។ នា​ព្រលឹមស្រាងៗ​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ​នេះ រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​ចូល​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ដើម្បី​ការពារ​សព​លោក​គីម ជុងណាម។ វត្តមាន​កម្លាំងប្រដាប់អាវុធ​ម៉ាឡេស៊ី​ក៏​ដោយសារ​មាន​ព័ត៌មាន​លេចឮ​ថា កូនប្រុស​របស់​សព​លោក​គីម ជុងណាម​បាន​ទៅ​ម៉ាឡេស៊ី​ដើម្បី​ទាមទារ​យក​សពឱពុក​របស់​ខ្លួន។

ក្រុម​កម្លាំងពិសេស​ម៉ាឡេស៊ី​យាម​នៅ​​មន្ទីរពេទ្យ​ដែល​កំពុង​រក្សា​សព​លោកគីម ជុងណាម ថ្ងៃទី២១ កុម្ភៈ ២០១៧
ក្រុម​កម្លាំងពិសេស​ម៉ាឡេស៊ី​យាម​នៅ​​មន្ទីរពេទ្យ​ដែល​កំពុង​រក្សា​សព​លោកគីម ជុងណាម ថ្ងៃទី២១ កុម្ភៈ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ព្រលឹមស្រាងៗ​ព្រឹកថ្ងៃ​អង្គារ ទី២១ កុម្ភៈ​នេះ​ដែល​គេ​ឃើញ​មាន​ក្បួន​រថយន្ត​ចំនួន ៤គ្រឿង​បិទកញ្ជក់​ខ្មៅ​បាន​បរចូល​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​រក្សា​ទុក​សពលោក​គីម ជុងណាម។ ក្បួន​រថយន្ត​ទាំង​ ៤គ្រឿង​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរឹង​ពី​កម្លាំងពិសេស​ម៉ាឡេស៊ី​ប្រមាណ​ជា ៣០នាក់ តែ​គេ​មិន​អាច​ដឹង​ថា តើ​ជា​ក្បួន​រថយន្ត​ដឹក​នរណា​ទេ។ អ្វី​ដែល​គេ​ដឹង ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ម៉ាឡេស៊ី និង​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ឲ្យ​ដឹង​ថា លោក​គីម ហានស៊ុល​ដែល​ជា​កូនប្រុស​របស់​សព​លោក​គីម ជុងណាម​បាន​ចេញ​ពី​ទឹកដី​ម៉ាកាវ​ទៅ​ដល់​ទឹកដី​ម៉ាឡេស៊ី​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ​ក្នុង​គោលដៅ​ទាមទារ​យក​សពឱពុក​ខ្លួន។

តែ​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​វត្តមាន​លោក​គីម ហានស៊ុល​នៅ​លើ​ទឹកដី​ម៉ាឡេស៊ី​ទេ។ សូម​រម្លឹក​ជូន​ឡើង​វិញ​ថា ជិត ១០ថ្ងៃ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ក្នុង​ថ្ងៃទី១៣ កុម្ភៈ​មក ទីក្រុង​ព្យុងយ៉ាង​បន្ត​ទទូច​សុំ​ឲ្យ​ទីក្រុង​គូឡាឡាំពួ​បញ្ជូន​សព​លោក​គីម ជុងណាម​ទៅ​ឲ្យ​ខ្លួន និង​បាន​ជំទាស់​នឹង​ការ​ធ្វើ​កោសល្យវិច័យ។ តែ​ម៉ាឡេស៊ី​មិន​ព្រម និង​បញ្ជាក់​ជា​ថ្មី​ថា ដរាប​ណា​ក្រុមគ្រួសារ​សព​លោក​គីម ជុងណាម​មិន​យក ADN ទៅ​ផ្ទៀងផ្ទាត់​ជាមួយ ADN របស់​សព​ទេ នោះ​ម៉ាឡេស៊ី​មិន​អនុញ្ញាត​ឲ្យ​យក​សព​លោក​គីម ជុងណាម​ចេញ​ទេ។

នៅ​ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ លោក​កាង ចុល ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​បាន​យល់​ឃើញ​ថា ការ​សុំ​យក ADN ពី​ក្រុម​គ្រួសារ​សព​លោក​គីម ជុងណាម ជា​រឿង​មិន​ទំនង និង​ថា ស្ថានទូត​មាន​សិទ្ធិ​យក​សព​ជនជាតិ​ខ្លួន​ដែល​មាន​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ។ ទន្ទឹម​គ្នា​នេះ លោក​កាង ចុល​បាន​ចោទ​ការ​ស៊ើបអង្កេត​របស់​ម៉ាឡេស៊ី​ថា​មាន​លក្ខណៈ​នយោបាយ។ តែ​លោក​រដ្ឋមន្រ្តី​ការទូត​ម៉ាឡេស៊ី​បាន​ឆ្លើយ​បក​វិញ​ថា ការ​ចោទ​របស់​មន្រ្តី​ការទូត​កូរ៉េខាងជើង​រូប​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ជា​ការ​ប្រមាថ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ