អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េខាងជើង

ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម៖​ម៉ាឡេស៊ី​គ្រោង​ចេញ​ដីការ​ចាប់ខ្លួន​មន្រ្តី​ការទូត​កូរ៉េខាងជើង

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុនណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​លោក​គីម ជុនអ៊ុន​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ទីក្រុង​គូឡាឡាំពួ និង​ទីក្រុង​ព្យុងយ៉ាង។ នៅ​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ស្នើ​ឲ្យ​មាន​ដីការ​ចាប់​ខ្លួន​មន្រ្តីការូទូត​កូរ៉េខាងជើង​ម្នាក់​ដែល​មិន​ព្រម​បង្ហាញ​ខ្លួន​តាម​ការ​កោះហៅ​របស់​ប៉ូលិស​ម៉ាឡេស៊ី។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ម៉ាឡេស៊ី​​បាន​ប្រាប់​ពី​យុទ្ធនាការ​សំអាត​ព្រលាន​យន្តហោះ​នៅ​គូឡាឡាំពួ​ដើម្បី​កម្ទេច​កាកសំណល់​ជាតិគីមី​ដែល​គេ​ប្រើ​សម្លាប់​លោក​គីម ជុងណាម។

​ម៉ាឡេស៊ី​គ្រោង​ចេញ​ដីការ​ចាប់ខ្លួន​មន្រ្តី​ការទូត​កូរ៉េខាងជើង​នៅ​ក្នុង​រឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុនណាម
​ម៉ាឡេស៊ី​គ្រោង​ចេញ​ដីការ​ចាប់ខ្លួន​មន្រ្តី​ការទូត​កូរ៉េខាងជើង​នៅ​ក្នុង​រឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុនណាម Reuters
ផ្សាយពាណិជ្ជកម្ម

លោក Abdul Samah Mat មេ​ប៉ូលិស​នៃ​រដ្ឋ Selangor ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ​នេះ​ថា បើ​រូបមន្រ្តីការទូត​កូរ៉េខាងជើង​ដែល​កំពុង​តាម​ចាប់​ខ្លួន​មិន​ព្រម​ចូល​បង្ហាញ​មុខ​នៅ​ប៉ូលិស​ទេ លោក​នឹង​ស្នើ​ទៅ​តុលាការ​ឲ្យ​ចេញ​ដីការ​ចាប់​ខ្លួន​មន្រ្តីការទូត​កូរ៉េខាងជើង​រូប​នោះ។ កាល​ពី​ថ្ងៃ​ពុធ ទី២២ កុម្ភៈ រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​តាម​ចាប់​ខ្លួន​មន្រ្តីការទូត​កូរ៉េខាងជើង​ឈ្មោះ Hyon Kwang-song ដែល​ជា​លេខាទី២ នៅ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម តែ​លោក Kwang-song កំពុង​បន្ត​គេច​ខ្លួន​មក​ទល់​ពេល​នេះ។

រូប​មេប៉ូលិស​ម៉ាឡេស៊ី​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា តាំង​ពី​ក្រោយ​ព្រឹត្តឹការណ៍​សម្លាប់​លោក​គីម ជុងណាម​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡាំពួ​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ​មក មាន​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៨នាក់​បាន​ជាប់​សង្ស័យ​នៅ​ក្នុង​ឃាតកម្ម​នេះ ក្នុង​នោះ មាន​ម្នាក់​កំពុង​ស្ថិត​ក្នុង​ដៃប៉ូលិស​ម៉ាឡេស៊ី ៤នាក់ ប្រហែល​ជា​បាន​រត់គេច​ខ្លួន​ទៅ​កូរ៉េខាងជើង និង ២នាក់​កំពុង​គេចខ្លួន​សំងំ​ក្នុង​ទឹកដី​ម៉ាឡេស៊ី ក្នុង​នោះ​ក៏​មាន​មន្រ្តីការទូត​លោក Kwang-song ដែរ។ តែ​គេ​គ្មាន​ដំណឹង​អ្វី​ចំពោះ​មនុស្ស​ទី៨ ឈ្មោះ Ri Ji-u ទេ។

ដោយឡែក ស្រ្តី​ពីរ​នាក់ គឺ​ជនជាតិ​វៀតណាម​ម្នាក់ និង​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​បាន​សម្លាប់​លោក​គីម ជុងណាម​ផ្ទាល់ និង​កំពុង​ជាប់​ឃុំឃាំង​បាន​ទទួល​ការ​សួរ​សុខទុក្ខ​ពី​មន្រ្តីការទូត​របស់​គេ​នា​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ​នេះ។ រូប​ស្រ្តី​ឥណ្ឌូណេស៊ី​បាន​និយាយ​ប្រាប់​មន្រ្តី​ការទូត​ឥណ្ឌូណេស៊ី​ថា ខ្លួន​បាន​ទទួល​លុយ​ចំនួន ៨៥អឺរ៉ូ​ដើម្បី​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ខ្លួន​គិត​ថា ជា​ឆាកល្ខោន​លេងសើច​ធម្មតា។ រីឯ​មន្រ្តីការទូត​វៀតណាម​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ បន្ទាប់​ពី​បាន​ជួប​ស្រ្តីជនជាតិ​ខ្លួន។

នៅ​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ​នេះ​ដែរ រដ្ឋអំណាច​ម៉ាឡេស៊ី​​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បើក​យុទ្ធនាការ​លាង​សំអាត​ព្រលាន​យន្តហោះ​នៅ​គូឡាឡាំពួ​នា​ពេល​ខាង​មុខ​ដើម្បី​កម្ទេច​កាកសំណល់​ជាតិគីមី​ដែល​គេ​ប្រើ​សម្លាប់​លោក​គីម ជុងណាម​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ