អានតួអត្ថបទ
កូរ៉េខាងជើង-ម៉ាឡេស៊ី

ឃាតកម្ម​លើ​គីម ជុងណាម៖ ស្រ្តីសង្ស័យ​និយាយ​ថា ខ្លួន ត្រូវ​គេ​បោក​ប្រើក្នុង​តម្លៃ​៩០​ដុល្លារ

អាជ្ញាធរ​ម៉ាឡេស៊ី នៅថ្ងៃ​អាទិត្យ​នេះ​បាន​និយាយ​ធានា​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​គូឡាឡាំពួរ ស្អាត មាន​សុវត្ថិភាព គ្មាន​ស្នាម​ VX ​អាវុធ​គីមី ដែលគេ​បាន​ប្រើ​ដើម្បី​សម្លាប់​លោកគីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង។ ស្រ្តី​ឥណ្ឌូណេស៊ី ហើយ​និង​វៀតណាម ដែល​ជាប់​សង្ស័យ​បាញ់​សារធាតុ​ពុល​សម្លាប់​លោក​គីម ជុងណាម អះអាង​ថា ពួកគេ​មិន​ស្គាល់​គីម ជុងណាម និង​គិតស្មាន​ថា បាន​ចូលរួម​សំដែង ក្នុង​កម្មវិធី​កំសាន្ត​របស់​ទូរទស្សន៍។ 

ស្រ្តី​សង្ស័យ​ជាតិ​វៀតណាម Doan Thi Huong ដែល​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន ក្នុង​បទ​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម
ស្រ្តី​សង្ស័យ​ជាតិ​វៀតណាម Doan Thi Huong ដែល​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន ក្នុង​បទ​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម ©Royal Malaysia Police/Handout via Reuters.
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​នៅថ្ងៃ​អាទិត្យ ថា លោក​គីម ជុងណាម​បាន​ស្លាប់ យ៉ាង​វេទនា នៅ​២០​នាទី​ក្រោយ​រង​សារធាតុ​ពុល​VX។ នៅថ្ងៃ​សុក្រ អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ប្រកាស​ថា លោកគីម ជុងណាម បាន​ស្លាប់ ដោយសារ​សារធាតុពុល VX​ដែល​ជា​អាវុធ​គីមី សម្លាប់​មនុស្ស​ដ៏​កាចសាហាវ និង​ដែល​ហាមបិទខ្ទប់​ដោយ​អង្គការ​សហប្រជាជាតិ។ កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​របប​កុម្មុយនិស្ត​កូរ៉េខាងជើង ថា ជាអ្នករៀបចំ​ឲ្យ​មាន​ឃាតកម្ម​ទៅលើ​គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​លោក គីម ជុងអ៊ុន។

 
រូបភាព​វីដេអូ​របស់​កាម៉េរ៉ា​សុវត្ថិភាព​នៅ​ព្រលាន​យន្តហោះ​គូឡាឡាំពួរ​បាន​បង្ហាញថា លោក​គីម ជុងណាម ដែល​កំពុង​រង់ចាំ​ប្តូរ​យន្តហោះ ទៅ​ម៉ាកាវ ត្រូវ​បាន​ស្រ្តី​ពីរ​រូប បាញ់​វត្ថុរាវ​នៅលើ​មុខ។ គីម ជុងណាម​បាន​ដាក់ខ្យល់​ស្លាប់​ក្នុង​រថយន្ត ដឹក​ទៅ​មន្ទីរពេទ្យ​នៅ​គូឡាំឡាំពួរ។

ស្រ្តី​ជាប់សង្ស័យ​ទាំងពីរ​ដែលម្នាក់​ជាជនជាតិ ឥណ្ឌូណេស៊ី និង​ម្នាក់ទៀត ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី ចាប់ខ្លួន នៅ​បីថ្ងៃ​ក្រោយ​ឃាតកម្ម។ Siti Aisyah ស្រ្តី​សង្ស័យ​ឥណ្ឌូណេស៊ី បាន​និយាយ​ប្រាប់​អ្នកតំណាង​ទូត​របស់ខ្លួន នៅប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​សៅរ៍​ថា រូបនាង​ត្រូវ​បាន​គេ​ជួល​ក្នុង​តម្លៃ​លុយ​៩០​ដុល្លារ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ដែល​នាងគិតថា ជា​កម្មវិធី​កំសាន្ត របស់​ទូរទស្សន៍។ តាម​មន្រ្តីទូត​ឥណ្ឌូណេស៊ី Siti Aisyah និយាយ​ថា នាង​មិន​ស្គាល់​ស្រ្តី​សង្ស័យ​វៀតណាម ហើយ​ដបទឹក ដែល​គេ​ឲ្យ​ទៅនាង មាន​រូបរាង​ដូចជា​ដបប្រេង​លាប​កូនក្មេង។ Doan Thi Huong ស្រ្តី​សង្ស័យ ម្នាក់ទៀត បាន​ប្រាប់​មន្រ្តីទូត​វៀតណាម នៅ​ម៉ាឡេស៊ី​ដែរ​ថា នាង​ជឿថា បាន​ចូលរួម​ក្នុង​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​វៀតណាម។

ការបកស្រាយ​របស់​ជនសង្ស័យ​ស្ត្រី​ទាំងពីរ ផ្ទុយស្រឡះ រូបភាព​វីដេអូ និង​ការអះអាង​របស់​ប៉ូលិស​ម៉ាឡេស៊ី ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ស្រ្តី​ទាំងពីរ​បាន​ស្គាល់​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​វត្ថុរាវ ព្រោះថា នៅក្រោយ​បាញ់​ទៅលើ​មុខ​គីម ជុងណាម ស្រ្តី​ម្នាក់​បាន​រត់​ទៅលាង​ដៃ នៅក្នុង​បន្ទប់ទឹក​ក្នុង​ព្រលាន​យន្តហោះ។ តាម​ប៉ូលិស ស្រ្តី​ជាប់​សង្ស័យ​ម្នាក់​ក្អួត​ចង្អោរ​ដោយសារ​ឥទ្ធិពល​សារធាតុ​គីមី ក្នុង​ពេល​មន្រ្តី​ទូត​ឥណ្ឌូណេស៊ី និង​វៀតណាម​បញ្ជាក់រៀងៗខ្លួន​ជនជាតិ​របស់ខ្លួន មាន​សុខភាព​ល្អ​ក្នុង​មន្ទីរ​ឃុំខ្លួន​របស់​ប៉ូលិស។

តាម​លោក​Abdul Samah Mat មេប៉ូលិស​រដ្ឋ​Selangor ក្នុង​ប្រទេស​ម៉ាឡេស៊ី គេ​បាន​បញ្ជូន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ នូវ​ស្លាក​គំរូ​ដែល​គេ​រកឃើញ​នៅ​ក្នុង​ផ្ទះ ដែល​ជនជាតិ​កូរ៉េខាងជើង ៤​នាក់ ស្នាក់នៅ មុន​នឹង​រត់គេចខ្លួន។ ក្រៅតែ​ពី​ចាប់ឃុំ​ខ្លួន ជនសង្ស័យ ស្រ្តីពីររូប និង​ជនជាតិ​កូរ៉េខាជើង​ម្នាក់ ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាមរក​ចាប់​ជនសង្ស័យ​៧រូប​ផ្សេងទៀត ដែល​ទាំងអស់គ្នា​សុទ្ធ​តែ​ជាជនជាតិ​កូរ៉េខាងជើង។ នៅ​ថ្ងៃ​សៅរ៍ មេប៉ូលិស​ម៉ាឡេស៊ី បាន​ប្រកាស​ពី​បំណង​ចង់​ឲ្យ​មាន​ដីកា​ចាប់ខ្លួន មន្រ្តីជាន់ខ្ពស់​របស់​ទូត​កូរ៉េខាងជើង នៅ​ម៉ាឡេស៊ី ដែល​គេ​ជឿថា មាន​ជាប់ពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​ឃាតកម្ម​លើ​លោក គីម ជុងណាម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ