អានតួអត្ថបទ
ប៉ាគីស្ថាន-ភេរវកម្ម​

ប៉ាគីស្ថាន​​​​​រង​​ការ​វាយ​ប្រហារ​ជា​ថ្មី​​ដោយ​អំពើ​ភេរវកម្ម​អត្តឃាត​របស់​ពួក​តាលីបង់​កាលពី​​ព្រឹក​ម្សិលមិញ​​នៅ​ក្រុង​ Lahore ​

​ប្រទេស​​ប៉ាគីស្ថាន​បានរងការវាយប្រហារ​ជាថ្មីម្តងទៀត​​កាលពី​​ព្រឹក​​ម្សិលមិញ​ ​បន្ទាប់​ពី​​ភេរវកម្ម​អត្តឃាត​កាលពីថ្ងៃសុក្រមុនរួចមក។ ជាការ​វាយប្រហារ​​​​មួយដែល​សំដៅ​ប្រឆាំង​​ទៅ​លើ​​ក្រុម​មន្ត្រី​​ស៊ីវីល​​និង​​យោធា​​ដែល​​បាន​ចូលរួម​​ក្នុង​​ប្រតិបត្តិការ​​ជំរឿន​ចំនួន​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​​​ដ៏​ធំ​មួយ​​នៅ​ក្រុងLahore។ ភេរវកម្ម​អត្តឃាត​នេះដែល​បានសម្លាប់​ជីវិត​មនុស្ស​យ៉ាងតិច​៥នាក់ ​ត្រូវ​​បាន​ពួក​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់​បាគីស្ថាន​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​​គេ។

កងទ័ព​ប៉ាគីស្ថាន​​​បាន​​​បិទ​​តំបន់​​​ដែល​​​មាន​​​​​​ការវាយ​ប្រហារ​ដោយ​​បំ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​​​ Lahore ថ្ងៃ​ទី ៥ខែមេសា២០១៧​​
កងទ័ព​ប៉ាគីស្ថាន​​​បាន​​​បិទ​​តំបន់​​​ដែល​​​មាន​​​​​​ការវាយ​ប្រហារ​ដោយ​​បំ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​​​ Lahore ថ្ងៃ​ទី ៥ខែមេសា២០១៧​​ ARIF ALI / AFP
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការ​អះអាង​របស់​កងទ័ព​ប៉ាគីស្ថាន ជន​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​ប្រឆាំង​ទៅ​​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​កង​យោធា​និង​មន្ត្រី​រដ្ឋការ​ស៊ីវីល​ប៉ាគីស្ថាន​ដែល​ត្រូវ​ទទួល​​បន្ទុក​ក្នុង​ប្រតិបត្តិការ​​ជំរឿន​ចំនួន​ប្រជាជន​។ ហេតុការណ៍នេះ បានកើតឡើងកាលពី​ព្រឹក​ម្សិលមិញ​នៅ​ទីក្រុង​Lahore ​ភាគ​ខាងកើតប្រទេស​ប៉ាគីស្ថាន។​សូមបញ្ជាក់ថា ប៉ាគីស្ថាន បាន​​ធ្វើ​ការ​ជំរឿន​ចំនួន​ប្រជាជន​នេះ ជា​​លើក​ទី​មួយ​ដែរ​​ចាប់​តាំង​ពី​ជិត​២​ទស្សវត្តន៍​កន្លង​មក​និង​ដែលបាន​​​ចាប់​ផ្តើម​ឡើង​តាំងតែ​ពី​ខែ​មីនា​មុន។​ គឺ​ជា​ភារៈកិច្ច​ដ៏មហាសាល​មួយ​ដែល​តម្រូវ​​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ទទួលបន្ទុក​ធ្វើការ​ជំរឿនចំនួនប្រជាជន​​ទាំង​​ខាង​​ស៊ី
វីល​​និង​​ទាំង​ខាង​យោធា​ ជា​ច្រើន​ម៉ឺន​នាក់។

សូមបញ្ជាក់ថា​ការ​ផ្ទុះបានប្រព្រឹត្តទៅ​​នៅ​ម៉ោង​៨​ព្រឹក​​នៅ​លើ​រុក្ខវីថី​មួយ​ក្នុង​ក្រុង​Lahore​ដែល​ជា​រដ្ឋធានី​វប្បធម៌​របស់​ប៉ាគីស្ថាន​និង​បាន​សម្លាប់​ជីវិត​យោធា​៣​នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​យ់ាងតិច ចំនួន​៥​​នាក់ ក្នុងនោះ​ក៏​មាន​ជន​ស៊ីវីល​ម្នាក់​និង​មន្ត្រី​ទទួល​ខុស​ត្រូវ​ខាង​កងទ័ព​អាកាស​​ម្នាក់ផង។​

ភ្លាមៗនោះ ពួក​​តាលីបង់​ប៉ាគីស្ថាន បាន​ប្រកាស​ថា គឺ​ជា​ស្នាដៃ​របស់​ក្រុម​ខ្លួន ហើយ​ក៏​​ជា​ការ​សងសឹកតបតវិញ​ទល់នឹង​​កងទ័ព​ប៉ាគីស្ថាន​ដែល​នៅតែ​បន្ត​ការ​សម្លាប់​សមាជិក​តាលីបង់​ដែល​កំពុង​​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ។

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​កាលពីម្សិលមិញនេះ ក៏​បាន​បណ្តាល​ឲ្យ​មានអ្នក​​រង​របួស​ចំនួន​១៨​នាក់​​ដែរ​ ​ក្នុង​នោះ​មាន​​អ្នក​ជិះកង់​ពីរ​​រូប​​ដែល​កំពុង​ធ្វើដំណើរ​នៅ​​ក្បែរ​​ទីកន្លែងកើតហេតុ​ក្នុង​ពេល​​​​ដែល​​គ្រាប់បែក​បាន​ផ្ទុះ។​

គួររំលឹកថា​អំពើ​ភេរវកម្ម​លើក​ចុងក្រោយ​នៅ​ប៉ាគីស្ថាន បាន​កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ​មុន​និង​បាន​ប្រហារ​ជីវិត​មនុស្ស​យ៉ាង​តិច​២២​នាក់​។ ជា​ការ​វាយប្រហារ​មួយ​ដោយការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​នៅ​ក្នុង​រថយន្ត​​​នៅ​លើ​ទីផ្សារ​មួយ​​ក្នុង​តំបន់​កុលសម្ព័ន្ធ​។ តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​​ភាគ​ច្រើន ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ Chiite ​នៅ​ប៉ែក​ពាយ័ព្យប៉ាគីស្ថាន។​ ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុងរថយន្ត​នាពេលនោះ ក៏​​ត្រូវ​បាន​ពួកតាលីបង់​ប៉ាគីស្ថាន ​ប្រកាស​​​ថា​​ជាស្នាដៃ​​របស់​​ពួក​​គេ​ដែរ។

សូមបញ្ជាក់ថា អំពើហិង្សានៅប៉ាគីស្ថាន បានថមថយចុះឥទ្ធិពល​​​​បន្តិចនៅ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ដោយសារតែកងទ័ពប៉ាគីស្ថាន ​បានបើកប្រតិបត្តិការវាយលុក​ចាប់​តាំង​​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤មក។ ជា​ការវាយប្រហារ​មួយ​ដើម្បី​​ប្រឆាំង​ទៅលើ​មូលដ្ឋាននានា​​ខាង​ក្រោយ​​​របស់​ក្រុម​ប្រដាប់​អាវុធ​ជ្រុលនិយម​អ៊ីស្លាម​ ​រហូត​​ទៅដល់​តំបន់​កុលសម្ព័ន្ធ​ដែល​ស្ថិត​​នៅ​​ភាគ​ពាយ័ព្យ​ប៉ាគីស្ថានដែរ​៕​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ