អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

ចិន​បណ្តេញ​ចេញ ស្រ្តី​អាមេរិកាំង​ដែល​ជាប់ចោទ​ពី​បទ​ធ្វើ​ចារកម្ម

អាជ្ញាធរ​ចិន នៅ​ថ្ងៃ​សុក្រទី ២៨​មេសា បាន​សម្រេច​ចាប់​បញ្ជូន​ចេញ​ស្រ្តី​អាមេរិកាំង​ម្នាក់ ដែល​តុលាការ​ចិន​ទើប​បាន​ផ្តន្ទាទោស ពី​បទ​ធ្វើ​ចារកម្ម​នៅ​ក្នុង​ទឹកដី​ចិន។ តាម​ក្រុមការពារ​សិទ្ធិមនុស្ស លោកស្រី Sandy Phan Gillis បាន​ទៅ​ដល់​អាមេរិក​រួចហើយ នៅ​ថ្ងៃ​សុក្រ។

មុន​នឹង​ត្រូវ​ប៉ូលិស​ចិន​ចាប់ខ្លួន លោកស្រី​Sandy Phan Gillis (កណ្តាល) ជាអ្នកជំនួញ ធ្លាប់​​ចូល​ទៅ​ប្រទេស​ចិន ក្នុង​ក្របខ័ណ្ឌ​ជា​គណៈប្រតិភូ​សេដ្ឋកិច្ច​អាមេរិកាំង​​
មុន​នឹង​ត្រូវ​ប៉ូលិស​ចិន​ចាប់ខ្លួន លោកស្រី​Sandy Phan Gillis (កណ្តាល) ជាអ្នកជំនួញ ធ្លាប់​​ចូល​ទៅ​ប្រទេស​ចិន ក្នុង​ក្របខ័ណ្ឌ​ជា​គណៈប្រតិភូ​សេដ្ឋកិច្ច​អាមេរិកាំង​​ ©savesandy.org
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ លោកស្រី Sandy Phan Gillis ត្រូវ​បាន​តុលាការ​ចិន នៅ​ខេត្ត​ណានីង ភាគខាងត្បូង​ប្រទេស​ចិន សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​កន្លះ ក្នុង​បទ​ធ្វើចារកម្ម។ ប៉ុន្តែ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ទីហួរ Dui Hua​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​សាន់ ហ្រ្វាន់ស៊ីស្កូ តុលាការ​បាន​សម្រេច​ផងដែរ បណ្តេញ​លោកស្រី Sandy ចេញ​ពី​ប្រទេស​ចិន នៅថ្ងៃ​ពុធ។

 
Sandy Phan Gillis ត្រូវ​បាន​ចាប់ខ្លួន នៅ​ខែ​មីនា ឆ្នាំ ២០១៥ នៅពេល​លោកស្រី​បាន​ធ្វើដំណើរ ក្នុង​នាម​ជាអ្នកជំនួញ​ទៅ​ទីក្រុង​ម៉ាកាវ។ ប៉ូលិស​ចិន​បាន​ចោទប្រកាន់​លោកស្រី​ពី​បទ​ធ្វើ​ចារកម្ម លួចព័ត៌មាន​សម្ងាត់​រដ្ឋ​ចិន និង​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ទី​៣។ តាំង​ពីខែ​មីនា ឆ្នាំ ២០១៥ លោកស្រី​ Sandy​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ដាក់​ឃុំ នៅ​មន្ទីរឃុំឃាំង​សម្ងាត់ មុន​នឹងត្រូវ​បាន​ជំនុំជម្រះ​នៅ​ថ្ងៃ​អង្គារ ប៉ុន្មាន​ថ្ងៃ​មុននេះ។ យោងតាម​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទីហួរ តុលាការ​ចិន​បាន​ ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក បីឆ្នាំ​កន្លះ ប៉ុន្តែ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​មុន កាលកំណត់ ក៏ដោយសារ​តែ​លោកស្រី​Sandy ធ្លាប់​ត្រូវ​បាន​ជាប់ឃុំ​អស់​ពេល​២​ឆ្នាំ​រួច​ហើយ។ នៅ​ឆ្នាំ​មុន ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ ដែល​ធ្វើការ​ទៅលើការចាប់​ដាក់ឃុំ ដោយ​គ្មាន​ការជំនុំជម្រះ​នៅ​ចិន បាន​បរិហារ​រិះគន់​ទីក្រុង​ប៉េកាំង ថា​មិន​បាន​គោរព​ច្បាប់​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​មាន​គោរព​សេរីភាព និង​សន្តិសុខ​របស់​ជនជាប់​សង្ស័យ ដូចជា​លោកស្រី​Sandy។

ការដោះលែង​លោកស្រី​Sandy ឲ្យ​មាន​សេរីភាព​ធ្វើឡើង​នៅ​តែ​បីសប្តាហ៍​ក្រោយ ជំនួប​កំពូល​រវាង​ប្រធានាធិបតីចិន និង​អាមេរិក​នៅ​ដើម​ខែ​មេសានេះ។ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន លោក​Geng Shuang បាន​និយាយ​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ចាប់តាំង​ពី​ជំនួប​ទល់មុខ នៅ​រដ្ឋហ្វ្លរីដា លោក​ស៊ី ជីនពីង បាន​និយាយ​ជាប់ទាក់ទង​ជានិច្ច​ជាមួយ​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

អង្គការ​ការពារ​សិទ្ធិមនុស្ស ទីហួរ វិញ​យល់​ឃើញថា ការចរចា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី Sandy បាន​បង្កើន​ល្បឿន តាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រមុខការទូត​អាមេរិក ទៅ​ទីក្រុង​ប៉េកាំង នៅ​ខែ​មីនា​កន្លងទៅ។ សេតវិមាន​បាន​ជំរុញ រដ្ឋមន្រ្តី​ការបរទេស​លោក​រេច ធីល័រសុន ឲ្យចរចា​បាន​សម្រេច ដើម្បី​ឲ្យ​ទីក្រុង​ប៉េកាំង​យល់ព្រម​ដោះលែង​លោកស្រី​Sandy Phan Gillis។

តាម​ឯកសារ​ចុះផ្សាយ​នៅក្នុង​វិបសៃតិ៍ បង្កើត​ឡើង​ដោយ​គ្រួសារ​របស់​លោកស្រី Sandy Phan Gillis លោកស្រី Sandy មាន​ដើមកំណើត​ចេញ​ពី​ភាគខាងត្បូង​ប្រទេស​ចិន។ លោកស្រី​ស្ថិតនៅ​ក្នុង​ចំណោម​ប្រជាជន​អន្តោប្រវេសន៍ ដែល​ធ្វើដំណើរ​តាមទូក សំដៅ​អាមេរិក ដើម្បី​រត់គេច​ចេញ​ពី​របប​កុម្មុយនិស្ត​ចិន នៅទសវត្សរ៍​ឆ្នាំ ១៩៧០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ