អានតួអត្ថបទ
ភូមា-អ.ស.ប.

អង្គការ​មនុស្សធម៌​អន្តរជាតិ​សុំ​រដ្ឋាភិបាល​ភូមា​ដើម្បី​យក​ជំនួយ​ទៅ​ឲ្យ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា

នៅ​ក្នុង​ប្រទេស​ភូមា ក្រុម​អង្គការមនុស្សធម៌​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​កំពុង​រង់ចាំ​ភ្លើងខៀវ​ពី​រដ្ឋាភិបាល​ភូមា​ដើម្បី​អាច​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ នៅ​យប់​ថ្ងៃ​ពុធ ទី២៧ កញ្ញា មាន​អង្គការ​មនុស្សធម៌​អន្តរជាតិ​ជា​ច្រើន​ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ប្រទេស​ភូមា​បាន​ធ្វើ​សំណើ​រួម​គ្នា​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​អំពាវនាវ​រដ្ឋអំណាច​ភូមា​ឲ្យ​លើក​ចេញ​វិញ​នូវ​បំរាម​ដែល​ហាម​ពួក​គេ​មិន​ឲ្យ​យក​ជំនួយ​ទៅ​ជួយ​ពលរដ្ឋ​រស់ក្នុង​រដ្ឋរ៉ាក់ឃីន ពិសេស​ពួក​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម។

ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន ប្រទេស​ភូមា
ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន ប្រទេស​ភូមា Joint Strategy Team
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​កងទ័ព​ភូមា​បាន​បើក​ប្រតិបត្តិការ​សឹក​លើ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នា​ដំណាច់​ខែ​សីហា​មក រដ្ឋអំណាច​ភូមា​បាន​ហាម​មិន​ឲ្យ​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ឬ​មួយ​ក្រុម​អង្គការ​មនុស្សធម៌​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​ទេ។ តាំង​ពី​ពេល​នោះ​មក និង​នៅ​ចំពោះ​មុខ​ការ​រត់ភៀសខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា​ជិត​កន្លះ​លាននាក់​ពេល​នេះ អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ទាមទារ​ច្រើន​ដង​ឲ្យ​មាន​ការ​ដឹកជំនួយ​ទៅ​ជួយ​ពលរដ្ឋ​រស់ក្នុង​រដ្ឋ​រ៉ាក់ឃីន ពិសេស​ពួក​រ៉ូហ៊ីងយ៉ា។ តែ​រដ្ឋអំណាច​ភូមា​តែង​បដិសេធ និង​បាន​ផ្តល់​កិច្ចការ​បញ្ជូន​ជំនួយ​នេះ​ទៅ​ឲ្យ​កាកបាទក្រហម​ក្នុង​ស្រុក​វិញ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ ទី២៧ កញ្ញា ក្រុម​អង្គការ​មនុស្សធម៌​អន្តរជាតិ​ឲ្យ​អំពាវនាវ​រដ្ឋអំណាច​ភូមា​ឲ្យ​លើក​ចេញ​វិញ​នូវ​បំរាម​ដែល​ហាម​ពួក​គេ​មិន​ឲ្យ​យក​ជំនួយ​ទៅ​ជួយ​ពលរដ្ឋ​រស់ក្នុង​រដ្ឋរ៉ាក់ឃីន។ ក្រុម​អង្គការ​មនុស្សធម៌​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​យល់​ឃើញ​ថា ជំនួយ​ដែល​រៀបចំ​ឡើង​ដោយ​កាកបាទក្រហម​ភូមា​មិន​គ្រប់គ្រាន់ និង​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​ទេ។ មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កញ្ញា​នេះ រដ្ឋាភិបាល​ភូមា​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

កន្លង​មក រដ្ឋាភិបាល​ភូមា​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​មាន​កម្រិត​របស់​អ្នកទទួល​ខុសត្រូវ​មនុស្សធម៌​ទៅ​កាន់​តំបន់​ជម្លោះ​ដើម្បី​វាយតម្លៃ​លើ​ស្ថានការណ៍​ជាក់ស្តែង។ តែ​អ្វី​ដែល​ក្រុម​អង្គការ​មនុស្សធម៌​ចង់​បាន​ពេល​នេះ គឺ​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​ទៅ​កាន់​គ្រប់​ទីកន្លែង​ទាំង​អស់​ដែល​កំពុង​មាន​ជម្លោះ។ សំណើ​របស់​ក្រុម​អង្គការ​មនុស្សធម៌​អន្តរជាតិ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​គ្រោង​បើក​កិច្ចប្រជុំ​ថ្មី​ស្តីពី​បញ្ហា​ភូមា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កញ្ញា។

កិច្ចប្រជុំ​លើក​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ និង​មាន​អន្តរាគមន៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres។ លោក Guterres ដែល​ធ្លាប់​ស្គាល់​ច្បាស់​ពី​ភូមិសាស្រ្ត​រដ្ឋ​រ៉ាក់ឃីន ព្រោះ​លោក​ធ្លាប់​បាន​ទៅ​ច្រើន​ដង​ក្នុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ