ហ្វីលីពីនកប់គម្រោងសំណង់នៅសមុទ្ទចិនខាងត្បូង ក្រោយការតវ៉ារបស់ប៉េកាំង
ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតេ បានប្រែចិត្តបោះបង់ចោលគម្រោងសាងសង់ជម្រកអ្នកនេសាទនៅលើកោះខ្សាច់ នៃតំបន់ប្រជុំកោះជាប់ជម្លោះស្ព្រាតលី ក្នុងសមុទ្ទចិនខាងត្បូង។ សេចក្តីសម្រេចចិត្តដកថយនេះ ធ្វើឡើងបន្ទាប់ពីប៉េកាំងបានសម្តែងកំហឹង និងធ្វើការតវ៉ាប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
យោធាហ្វីលីពីនបានដឹកជញ្ជូនបំពង់ឬស្សីនិងសម្ភារៈសំណង់ផ្សេងៗទៅដល់ទីទួលដីដុះខ្សាច់ ជិតតំបន់ប្រជុំកោះជាប់ជម្លោះស្ព្រាតលី ក្នុងសមុទ្ទចិនខាងត្បូងហើយ ដើម្បីសាងសង់ផែជាជម្រកសម្រាប់អ្នកនេសាទ។ កោះខ្សាច់ដុះថ្មីនេះ ស្ថិតនៅចម្ងាយប្រមាណតែ៤៦០០មពីកោះ Thitu កោះដ៏ធំជាងគេបំផុតនៃប្រជុំកោះស្ព្រាតលី ដែលហ្វីលីពីនមានកងទ័ពមួយក្រុមតូច នៅប្រចាំការ។
ប៉ុន្តែការដ្ឋានសំណង់មិនទាន់ចាប់ផ្តើមផង ភាគីចិនបានបញ្ចេញប្រតិកម្មប្រឆាំង ប្រធានាធិបតី ឌុយទែរតេ ក៏បានចេញបញ្ជាឱ្យទាហានហ្វីលីពីន ដកថយ ប្រមូលសម្ភារៈត្រលប់ក្រោយវិញភ្លាម។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីននៅក្នុងវេទិកាសន្តិសុខតំបន់។ លោករដ្ឋមន្ត្រីបានអះអាងប្រាប់អ្នកសារព័ត៌មានបារាំងថា លោកប្រធានាធិបតី ឌុយទែរតេ សម្រេចចិត្តបែបនេះក្រោយពីដឹងថាហ្វីលីពីននិងចិនបានចុះកិច្ចព្រមព្រៀងមិនសាងសង់អ្វីទាំងអស់លើកោះដុះថ្មីនៅក្នុងសមុទ្ទចិនខាងត្បូង។
ចិនតែងចាត់ទុកសមុទ្ទចិនខាងត្បូងជាដែនដីរបស់ខ្លួនស្ទើរតែទាំងស្រុង ដោយយកផែនទីចិនគូសឆ្នាំ១៩៤០ មានគំនូសដាច់ៗ៩ចំណុចជាសំអាង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉េកាំងបានដឹកនាំនយោបាយឈ្លានពានធ្វើអាណានិគមកិច្ចលើតំបន់កូនកោះតូចៗ តាមរយៈការសាងសង់សំណង់ធំៗជាកំពង់ផែ ជាកន្លែងចុះថតយន្តហោះ និងក្នុងបំណងសន្តិនិយម។
ប៉ុន្តែសម្រាប់ វៀតណាម ព្រុយណេ តៃវ៉ាន់ ម៉ាឡេស៊ី និងហ្វីលីពីន ដែលជាប់ជម្លោះជាមួយចិន យល់ថាសេរីភាពនៃចរាចរណ៍ផ្លូវសមុទ្ទក្នុងសមុទ្ទចិនខាងត្បូង ជាតំបន់យុទ្ធសាស្ត្រ កំពុងរងការគំរាមកំហែង។ ហ្វីពីលីនធ្លាប់ដើរតួប្រឆាំងនឹងនយោបាយវាតទីរបស់ចិនខ្លាំងជាង ក្នុងសម័យប្រធានាធិបតីមុន ដោយបានប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេរហូតបានឈ្នះ កាលពីឆ្នាំ២០១៦។ តែលោក ឌុយទែរតេ ជ្រើសរើសការស្រុះស្រួលជាមួយចិន ជាថ្នូរនឹងជំនួយវិនិយោគរាប់ពាន់លានដុល្លារ ជាជាងអនុវត្តសាលក្រមដែលធ្វើឱ្យប៉េកាំងមិនសប្បាយចិត្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ