អានតួអត្ថបទ

អូស្ត្រាលី ៖ អ្មក“ឡាន​បើក​កិន​មនុស្ស” គ្មាន​ពាក់ព័ន្ធ​នឹង​ភេរវនិយម

នៅថ្ងៃព្រហស្បតិ៍​ទី ២១​ធ្នូ​នេះ មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​សម្រុក​ទៅ​កិន​ហ្វូង​មនុស្ស នៅកណ្តាល​ក្រុង​មែលប៊ន​ ប្រទេស​អូស្ត្រាលី។ បើ​តាម​អាជ្ញាធរ​ មាន​អ្នក​ដំណើរ​យ៉ាង​ហោច​ណាស់ ១៩​នាក់​បាន​រង​របួស ក្នុង​នោះ​ជា​ច្រើន​នាក់​ជា​របួស​ធ្ងន់។ ប៉ុន្តែបើ​តាម​ប៉ូលិល​ អ្នក​បើក​បរ​រថយន្ត​នោះ​គ្មាន​ទំនាក់ទំនង​អ្វី​នឹង​អំពើ​ភេរវនិយមទេ។

ឡាន​ដែល​ជន​ល្មើស​បើក​បុក​មនុស្ស​ដោយ​ចេតនា​នៅ​មែលប៊ន ប្រទេស​អូស្ត្រាលី ថ្ងៃទី ២១​ធ្នូ ២០១៧
ឡាន​ដែល​ជន​ល្មើស​បើក​បុក​មនុស្ស​ដោយ​ចេតនា​នៅ​មែលប៊ន ប្រទេស​អូស្ត្រាលី ថ្ងៃទី ២១​ធ្នូ ២០១៧ REUTERS/Luis Ascui
ផ្សាយពាណិជ្ជកម្ម

បើ​តាមមេ​បញ្ជាការ​ប៉ូលិសនៃ​រដ្ឋ Victoria ​ ការបើក​ឡានកិន​មនុស្ស​នេះ​ជាទង្វើ​ព្រៀង​ទុក​ដោយ​ចេតនា​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ទេ។ ជន​ល្មើសជា​​អ្នក​បើក​បរ ព្រម​ទាំង​មនុស្ស​ទីពីរម្នាក់​ទៀត ​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​បានភ្លាម។

មានអាយុ​៣២​ឆ្នាំ ដើម​កំណើត​អាហ្វហ្កានីស្ថាន អ្នក​បើកបរ​ជា​ជន​ល្មើស​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រព្រឹត្ត​កំហុស​​ក្នុង​ពេល​បើក​បរ និង​ប្រព្រឹត្ត​អំពើ​បំពារ​បំពាន​លើ​កុមារ ព្រម​ទាំង​មាន​សតិ​មិន​សូវ​ល្អ ដោយ​ហេតុ​តែ​ជក់​គ្រឿង​ញៀន។ ប៉ុន្តែ​គ្មាន​​​​សញ្ញា​ ឬ​ចំណង​អ្វី​មួយ​ ដែល​បង្ហាញ​ថា​ជន​ទាំង​ពីរ​​ជាមនុស្ស​ជ្រុល​និយម នាំ​ឱ្យ​គេ​អាច​ភ្ជាប់​​ដល់​​សកម្មភាព​ភេវកម្ម​ទេ សម្រាប់​ពេល​នេះ។ នេះ​បើ​តាម​ប្រសាសន៍​​របស់​ប៉ូលិស​អូស្ត្រាលី​ដដែល ដែល​ក៏​បាន​សំណូម​ពរ ឱ្យ​សាក្សី​ដែល​មាន​រូបភាព​សង្ស័យ​មក​ប៉ូលិស ដើម្បី​ពន្លឿន​ការ​អង្កេត។​

​ទូរទស្សន៍​ Sky New Australia ដោយ​មាន​សំឡេង​សាក្សី​ជា​សំអាង​ផង បាន​រៀប​រាប់​ថា​ នៅ​វេលា​ម៉ោង ប្រហែល ៤​និង​៣០​នាទី​រសៀល នៅ​ផ្លូវ​បំបែក​ដែល​មាន​មនុស្សម្នា​ធ្វើ​ដំណើរ​អ៊ូអរ​ខ្លាំង រថយន្ត​ប្រភេទ SUV ពណ៌​ស បាន​បើក​សំដៅ​កិន​ហ្វូង​មនុស្ស ដោយ​គ្មានបង្អង់​ល្បឿនទេ​ រហូត​ទាល់​បុក​បង្គោល​គាំង​ខ្ទេច​ឡាន​ទៅ​លែង​រួច។ មាន​ក្មេង​តូច​​ម្នាក់​ត្រូវ​របួស​ចំ​ក្បាល​ជា​ទម្ងន់ និង​កំពុង​ទទួល​ការ​ព្យាបាល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។ ​នេះប្រភព​ព័ត៌មាន​ដដែល។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​សោកនាដកម្ម​ កាលពី​ខែ​មករា​ដើម​ឆ្នាំ ២០១៧ ដែ​ល​កាលណោះ មាន​ឡានមួយ​គ្រឿង​បើក​សំដៅ​កិន​មនុស្ស​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ដ៏​ធំ​បំផុត​មួយ​​របស់​ក្រុង​មែលប៊ន។ អ្នក​បើក​បរ​ជា​ជន​ល្មើស​នោះ​ ធ្លាប់​បើក​ឡានគេច​ប៉ូលិស​ទៅ​​បុក​មនុស្ស​ស្លាប់​អស់​៦​នាក់ មិន​ទាន់​កាត់​ទោស​ផង ហើយ​ជា​ជន​ជាប់​សង្ស័យ​ថា​បាន​វាយ​សម្លាប់​បងប្រុស​ខ្លួន​ម្នាក់​ទៀត។

តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​អូស្ត្រាលី​បាន​បង្ហាញ​យុទ្ធសាស្ត្រ​​ថ្មី ​ដើម្បី​បញ្ចៀស​ការ​វាយប្រហារ​ដោយ​ប្រើ​ឡាន​កិន​មនុស្ស​ ដូច​ដែល​ធ្លាប់​កើត​មាន​នៅ​ក្រុង​បាសឺឡោន នីស ឬ​ឡុងដ៍។ តាម​ផែនការ អូស្រ្តាលី​គ្រោង​នឹង​ចាត់​វិធានការ​ដាក់​របង កាមេរ៉ា​សុវត្ថិភាព ដាំ​ដើម​ឈើ និង​តម្កល់​រូប​ចម្លាក់ នៅ​តាម​ទីលាន​សាធារណៈ ព្រម​ទាំង​ពង្រឹង​កម្លាំង​ត្រៀម​បញ្ចេញ​សកម្មភាព​រហ័ស។ អាជ្ញាធរ​មូលដ្ឋាន​ កំពុង​រៀប​ចំ​ដាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​សាធារណៈ និង​ម៉ាស៊ីនថត​សុវត្ថិភាព​បន្ថែម ប៉ុន្តែ​បើ​កាសែត The Age មធ្យោបាយ​ការពារ​សុវត្ថិភាព​នេះ​អត់​មាន​រោទ៍ទេ​ពេល​កើត​ហេតុ​ព្រឹកមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ