ប្រមុខការបរទេសចិនធ្វើដំណើរទៅសម្របសម្រួលទំនាក់ទំនងជាមួយជប៉ុន
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យីនឹងចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន ពីថ្ងៃអាទិត្យទី១៥ រហូតដល់ថ្ងៃទី ១៧មេសា។ ក្រៅតែពីកិច្ចពិភាក្សាស្តីការដោះដូរពាណិជ្ជកម្មទ្វេភាគី ចិន ជប៉ុន វត្តមានរបស់ប្រមុខការបរទេសចិន នៅទីក្រុងតូក្យូធ្វើឡើងដើម្បី រៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់រដ្ឋមន្រ្តីចិន លោកលី ខឺឆាំង ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ត្រីភាគីចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវរៀបចំនៅប្រទេសជប៉ុន នៅខែ ឧសភាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នឹងជួបពិភាក្សាជាមួយសមភាគីជប៉ុន លោកកូណូ តារ៉ូ ដែលលោកបានជួបពិភាក្សានៅទីក្រុងប៉េកាំង កាលពីខែមករា ដើមឆ្នាំ។ តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន ទស្សនកិច្ចរបស់វ៉ាង យី នៅប្រទេសជប៉ុន សំខាន់សម្រាប់ពង្រឹងទំនាក់ទំនង ការដោះដូរ នៅថ្នាក់កំពូលរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសចិនទៅជប៉ុន ជាសញ្ញានៃភាពធូរស្រាលនៃទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរ ដែលរហូតមក បានតានតឹង ដំឡើងសំឡេងដាក់គ្នា ដោយសារជម្លោះដណ្តើមដីកោះ ហើយនិងស្នាមដិតដាមប្រវត្តិសាស្រ្ត។
នៅខែមករាដើមឆ្នាំនេះ នៅក្នុងដំណើរទស្សនកិច្ច និងជំនួបជាមួយនាយករដ្ឋមន្រ្តី ចិន លី ខឺឆាំង នៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសជប៉ុន លោកកូណូ តារ៉ូ ធ្លាប់បានអញ្ជើញនាយករដ្ឋមន្រ្តីចិន ឲ្យធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។ នៅក្នុងកិច្ចប្រជុំសន្និបាតរបស់បក្សកុម្មុយនិស្ត នាខែមីនា លោកនាយករដ្ឋមន្រ្តីចិន ធ្លាប់បានមានប្រសាសន៍ថា នឹងទៅចូលរួមក្នុងជំនួបកំពូលត្រីភាគី ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវរៀបចំនៅខែក្រោយ នៅប្រទេសជប៉ុន។
ជំនួបកំពូលត្រីភាគី ដែលចិន ជប៉ុន និងកូរ៉េខាងត្បូងបានរៀបចំឡើងជាប្រចាំឆ្នាំ ត្រូវបានផ្អាកព្យួរ តាំងពីឆ្នាំ ២០០៨ បន្ទាប់ពីចិន ប្រឆាំងនឹងការតាំងទី ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក ក្នុងទឹកដីកូរ៉េខាងត្បូង។ សម្រាប់អ្នកជំនាញចិន ជប៉ុនបានត្រលប់មកខិតចូលជិតក្រុងប៉េកាំង នៅបន្ទាប់ពីអាមេរិក សម្ព័ន្ធមិត្ត របស់ជប៉ុន បានប្រកាសបើកជំនួបកំពូលជាមួយកូរ៉េខាងជើង ដោយគ្មានការចូលរួមរបស់ជប៉ុន។ ជប៉ុនដែលរងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវការ ចិនដែលដើរតួសំខាន់ នៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ផ្ទុយមកវិញ ចិនក៏ត្រូវការឲ្យជប៉ុនទៅបញ្ចុះបញ្ចូលបន្ទន់ជំហររបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវបើកជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងដែរ។ ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២០មេសា លោកនាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីនហ្សូ អាបេនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅអាមេរិក ទៅជជែកជាមួយ លោកដូណាល់ ត្រាំ ពីលក្ខខណ្ឌ ដែលគេអាចលើកទៅជជែក នៅក្នុងជំនួបកំពូលអាមេរិក និងកូរ៉េខាងជើង ដែលតាមគម្រោងត្រូវរៀបចំនៅខែឧសភាក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ