អានតួអត្ថបទ

ចិន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​

រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ ទំនងដូចជា​ត្រៀមខ្លួនជាស្រេចហើយ​នៅថ្ងៃទី១៧ តុលា​ ដើម្បីធ្វើឲ្យ​ទំនាក់ទំនង​យោធា​រវាងចិន​ និងអាមេរិក ​វិលមកកាន់​ភាពប្រក្រតីឡើងវិញ​ ក្រោយពី​ទំនាក់ទំនង​ប្រទេសមហាអំណាច​ទាំងពីរ​ជួបភាពរង្គោះរង្គើ​ ដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម​ និងទណ្ឌកម្ម​ ដែលអាមេរិក​បានដាក់​លើចិន​។ ជាក់ស្តែង​ ថ្មីៗនេះ​ប្រទេសចិន ​បានផ្តល់​ភ្លើងខៀវ​ ដល់អាមេរិក​ ដើម្បី​បើក​លទ្ឋភាព​ឲ្យ​ តំណាងភាគី​នៃប្រទេស​ទាំងពីរ​ អាចជួបពិភាក្សាគ្នា​នាពេលឆាប់ៗ​ខាងមុខ​។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ ទទួលបន្ទុក​កិច្ចការ​សន្តិសុខអាស៊ី​និងប៉ាស៊ីហ្វិក​បានឲ្យដឹងថា​ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក​ Jim Mattis​ នឹង​ជួបពិភាក្សា​ជាមួយលោក​ Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន​ នៅថ្ងៃព្រហស្បតិ៍​ ទី១៨​ តុលា​ នៅឯកិច្ចប្រជុំកំពូល​សន្តិសុខថ្នាក់តំបន់មួយ​ ដែលរៀបចំឡើង​នៅក្នុង​ប្រទេសសិង្ហបុរី​។

តាមពិតទៅ​ ជំនួបចរចា​រវាងអាមេរិក​និងចិន ​ត្រូវបានរៀបចំម្តងរួចទៅហើយ កាលពីសប្តាហ៍មុន​ ប៉ុន្តែត្រូវបរាជ័យទៅវិញ​ ដោយហេតុថា​ ភាគីចិន​បានធ្វើការបដិសេធ​។ ដូចនេះហើយ​ ការយល់ព្រមចូលតុពិភាក្សា​របស់ចិន​លើកនេះ​ ធ្វើឲ្យអាមេរិក​គិតថា​ វាជាសក្ខីកម្មមួយ​ ចង្អុលបង្ហាញថា​ ចិន​ពិតជាចង់រក្សា​ទំនាក់ទំនង​ជាមួយអាមេរិក​ឲ្យដូចដើម​ និងមានស្ថេរភាព​។

គួរជម្រាបជូនថា​ រដ្ឋាភិបាលចិន​ បានបញ្ចេញប្រតិកម្ម​ខឹងសម្បាយ៉ាងខ្លាំង​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ កាលពីខែមុន​ បានដាក់​ទណ្ឌកម្ម​ប្រឆាំងទៅនឹង​ប្រទេសចិន​ ដែលបានទិញ​យន្តហោះចម្បាំង​ និងមីស៊ីល​ពីប្រទេសរុស្សី​។ ក្រៅពីនេះ​ ទំនាក់ទំនង​រវាងចិន​ និងអាមេរិក​ បានកើនឡើង​ភាពតានតឹង​បន្ថែមទៀត​ នៅពេលដែល​ក្រុងប៉េកាំង​ មិនអនុញ្ញាតឲ្យ​នាវាចម្បាំង​អាមេរិក​បើកចូលទៅក្នុង​ទីក្រុងហុងកុង​ និងបាន​លុបចោលកិច្ចប្រជុំ​រវាង​ប្រមុខកងទ័ពជើងទឹក​ចិន​ និងសមភាគីអាមេរិក​។

ទាក់ទិន​នឹងជំនួប​រវាងអាមេរិក​ និងចិននេះដែរ​ ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​ បាននិយាយថា​ ភាគីទាំងពីរ​ នឹងលើកយក​បញ្ហាសន្តិសុខ​ក្នុងតំបន់​សមុទ្រចិនខាងត្បូង​មកពិភាក្សា​ផងដែរ​។ បញ្ហាសន្តិសុខ​ត្រូវមានលើតុចរចា​ ដោយ​ភាគីអាមេរិក​បានអះអាងថា​ កាលពីខែមុន​ នាវាចម្បាំងចិន​ បានបើក​មកកៀកនឹង​នាវាចម្បាំង​របស់អាមេរិក​ នៅរយៈចម្ងាយ​ប្រមាណតែ​៤១​ម៉ែត្រតែប៉ុណ្ណោះ​ នៅក្នុងតំបន់សមុទ្រចិន​ខាងត្បូង​ ជាទីតាំង​ ដែលរដ្ឋាភិបាល​ក្រុងប៉េកាំង​ តែងអះអាងថា​ជាកម្មសិទ្ធិ​របស់ខ្លួន​។ អាមេរិកថា​ ទង្វើរបស់ចិននេះ​ គឺវាគ្មាន​វិជ្ជាជីវៈ​ និងប្រកប​ដោយគ្រោះថ្នាក់ថែមទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ