ព្យុងយ៉ាង នាំចូលផលិតផលប្រណិត សរុប៤ពាន់លានដុល្លារតាំងពី២០១២មក
កូរ៉េខាងជើងបាននាំចូល ផលិតផលប្រណិត ទំហំ ៦៤០លានដុល្លារ នៅឆ្នាំ២០១៧ និង ទំហំ៤ពាន់លានដុល្លារអាមេរិក ប្រើគិតចាប់តាំងពី គីម ជុងអ៊ុន ឡើងកាន់អំណាចជាប្រមុខដឹកនាំប្រទេស នៅឆ្នាំ២០១២មក។ នេះបើតាមការអះអាងរបស់តំណាងសភាអភិរក្សកូរ៉េខាងត្បូង តាមរយៈការធ្វើវិភាគទិន្នន័យផ្សព្វផ្សាយដោយអាជ្ញាធរពន្ធគយចិន។ ការនាំចូលទំនិញនេះជាការរំលោភទណ្ឌកម្មអន្តរជាតិ និងជាលេសមួយសម្រាប់គណបក្សប្រឆាំងកូរ៉េខាងត្បូង ក្នុងការរិះគន់នយោបាយអោបក្រសោបកូរ៉េខាងជើងរបស់លោកមូន ចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទណ្ឌកម្មអន្តរជាតិមិនប៉ះពាល់ដល់ជីវិតក្រុមអ្នកនយោបាយព្យុងយ៉ាងទេ ! នេះជាការចោទប្រកាន់របស់អ្នកតំណាងរាស្ត្រ នៃបក្សអភិរក្សកូរ៉េខាងត្បូងលោក Yoon Sang-hyun។ បើតាមការគណនារបស់លោក កូរ៉េខាងជើង បាននាំចូលផលិតផលប្រណិតៗ ដូចជារថយន្តល្អៗ ទឹកអប់ សុរា នាឡិកា និងផលិតផលធ្វើស្បែកសត្វ ភាគច្រើនមកពីចិន គិតជាតម្លៃសរុបប្រមាណជាង៤ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ២០១២មក។
គីមជុងអ៊ុន ទំនងជាប្រើកាដូរមានតម្លៃទាំងអស់នេះ ស្រាប់ធានានិងបង្ហាញពីភាពជាមេដឹកនាំរបស់ខ្លួន។ ប្រសិនបើលុយដែលចំណាយទិញផលិតផលប្រណិតៗកាលពីឆ្នាំទៅ ទុកសម្រាប់ទិញអង្ករ នោះកូរ៉េខាងជើងនឹងអាចកាត់បន្ថយកង្វះចំណីអាហារបានទ្វេមួយជាពីរ។ នេះបើតាមប្រសាសន៍លោក យូន សង់ហ៊ុន ដោយចោទប៉េកាំងថាមិនគោរពទណ្ឌកម្មអនុម័តដោយអង្គការសហប្រជាជាតិ។
ចោទប្រកាន់ចិន មិនមែនជារឿងសំខាន់ប៉ុន្មានទេ ប៉ុន្តែបក្សប្រឆាំងកូរ៉េខាងត្បូង បានឆក់ឱកាសយកព័ត៌មាននេះមកធ្វើឧបករណ៍ សម្រាប់វាយប្រហារនយោបាយរបស់លោក មូន ចែអ៊ីន។ លោកប្រធានាធិបតី ដែលមាននយោបាយសន្តិនិយម ចង់ស្តារការផ្តោះប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ចង់បញ្ជូនជំនួយមនុស្សធម៌ និងបន្ធូរបន្ថយទណ្ឌកម្មទៀត។
ឯចំណែក អ្នកអភិរក្សនិយមវិញ ទាមទារជាបឋមឱ្យកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរដោយពិតប្រាកដសិន និងមានការព្រួយបារម្ភខ្លាំងចំពោះភាពមិនសូវត្រូវរ៉ូវគ្នារវាងសេអ៊ូល និងវ៉ាស៊ីនតោន ជុំវិញបញ្ហាចង់លើកទណ្ឌកម្មជាយថាហេតុពីកូរ៉េខាងជើងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ