កូរ៉េខាងជើងប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តសាកល្បងអាវុធដ៏ទំនើប
ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងអាវុធយុទ្ធសាស្រ្តដ៏ទំនើបបំផុត។ តាមការចុះផ្សាយនៅថ្ងៃសុក្រនេះ របស់ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានដឹកនាំដោយផ្ទាល់ ការធ្វើតេស្តសាកល្បងអាវុធ នៅថ្ងៃនេះ។ ការប្រកាសសាកល្បងអាវុធរបស់កូរ៉េខាងជើង ធ្វើឡើងនៅក្នុងបរិបទមួយ ដែលការចរចាកូរ៉េខាងជើង ហើយនិងអាមេរិក ស្តីពីការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងតែនៅជាប់គាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
នៅមុនបើកជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក នៅខែមិថុនា កូរ៉េខាងជើងបានប្រកាសព្យួរ ការធ្វើតេស្តសាកល្បង មីស៊ីល ហើយនិងគ្រាប់បែកនុយក្លេអ៊ែរ។ ឥរិយាបថរបស់កូរ៉េខាងជើងបានជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ រហូតជំរុញឲ្យមានជំនួបកំពូល ទ្វេភាគី រវាងបងប្អូនកូរ៉េទាំងពីរដល់ទៅ ៣លើក ហើយនិងជំនួបកំពូលជាលើកទី១ រវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើង។
ប៉ុន្តែ ការប្រកាសធ្វើតេស្តសាកល្បង អាវុធរបស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ កំពុងធ្វើឲ្យគេសង្ស័យទៅលើភាពអាប់អួរ នៃការចរចារវាងភាគីកូរ៉េ និងអាមេរិករបស់លោកដូណាល់ ត្រាំ។ ថ្មីៗនេះ ក្រុងព្យុងយ៉ាងបានចោទប្រកាន់ ថ្កោលទោស ការចរចាបែបអ្នកលេងរបស់ភាគីអាមេរិក។ អាមេរិកដែលបានទាមទារឲ្យកូរ៉េខាងជើង ត្រូវបំផ្លាញចោលអាវុធនុយក្លេអ៊ែរ ជាមុនសិន មុននឹងអាមេរិកដកចោលទៅវិញ ទណ្ឌកម្មសេដ្ឋកិច្ច។
នៅក្នុងសេចក្តីប្រកាសរបស់ទីភ្នាក់ងារKCNA របស់កូរ៉េខាងជើង គេបានបញ្ជាក់ពីការធ្វើតេស្តសាកល្បង អាវុធយុទ្ធសាស្រ្ត ដ៏ទំនើប ដែលធ្វើឲ្យគេជឿថា មិនមែនជាមីស៊ីល ឬគ្រាប់បែកនុយក្លេអ៊ែរនោះទេ។ ម្យ៉ាងទៀត ខុសពីទម្លាប់រាល់ដង ទីភ្នាក់ងារ KCNA មិនបានចុះផ្សាយរូបថតដែលបញ្ជាក់ពីការសាកល្បងអាវុធនោះទេ។ គេគ្រាន់តែឃើញ មន្រ្តីកូរ៉េខាងជើង ឈរកត់ត្រា នៅជុំវិញ មេដឹកនាំគីម ជុងអ៊ុនតែប៉ុណ្ណោះ។
ប៉ុន្តែ តាមអ្នកជំនាញ របស់សហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិកាំង លោក Adam Mount គេត្រូវប្រុងប្រយ័ត្នជានិច្ច។ ការប្រកាសធ្វើតេស្តសាកល្បងអាវុធដ៏ទំនើប ដែលមិនមែនជាមីស៊ីល ប៉ុន្តែ វាបញ្ជាក់ឲ្យឃើញថា ថ្វីបើកូរ៉េខាងជើង ផ្អាកសកម្មភាពផលិតមីស៊ីល ដោយស្ម័គ្រចិត្ត និងមួយផ្នែក ប៉ុន្តែ កូរ៉េខាងជើង ក៏អាចចាប់ផ្តើមផលិតឡើងវិញ ហើយក៏មិនចាំបាច់ត្រូវផ្សព្វផ្សាយឲ្យគេដឹងដែរ។
ការប្រកាសរបស់កូរ៉េខាងជើង ក្នុងការធ្វើតេស្តសាកល្បង អាវុធដ៏ទំនើប សម្រួចសម្រាំងលើកនេះ ធ្វើឡើង នៅក្រោយការចុះផ្សាយរបាយការណ៍មួយ របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន។ តាមរបាយការណ៍របស់អាមេរិក កូរ៉េខាងជើង មានមូលដ្ឋានមីស៊ីល ជាង២០កន្លែង ក៏ប៉ុន្តែ ក្នុងចំណោមនោះ គឺមានយ៉ាងហោចណាស់ ១៣កន្លែង ដែលកូរ៉េខាងជើង មិនបានប្រកាសឲ្យគេដឹងឮ ជាសាធារណៈទេ។ មានទីតាំងខ្លះ ដែលកំពុងតែដំណើរការ និងមានសកម្មភាពជួសជុល រៀបចំកែលម្អ យ៉ាងសកម្មទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ