ជំនួបកំពូលAPEC៖ ប៉ូលិសប៉ាពូអាស៊ីនូវែលហ្គីណេសម្រុកចូលសភា ដើម្បី ទារប្រាក់បន្ថែម
នៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប៉ូលិស និងទាហាន នៅថ្ងៃអង្គារនេះ បានលើកគ្នា សម្រុកចូលក្នុងវិមានរដ្ឋសភា ដើម្បីទាមទារប្រាក់បន្ថែម បានមកពីការបំពេញ ការងារ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលAPEC កាលពីចុងសប្តាហ៍នេះ។ អ្នកនាំពាក្យរបស់ប៉ូលិសជាតិប៉ាពូអាស៊ីនូវែលហ្គីណេ បានបញ្ជាក់ពីហេតុការណ៍នេះ និងថា ស្ថានការណ៍បានស្ងប់ស្ងាត់មក វិញ បន្ទាប់ពីក្រុមប៉ូលិស តវ៉ា បានចេញមកប្រមូលផ្តុំគ្នា នៅក្រៅអគាររបស់សភា ដើម្បីទាមទារដំណោះស្រាយពីរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៧
នៅក្រោយកិច្ចប្រជុំកំពូលAPEC បិទបញ្ចប់ បានតែ២ថ្ងៃ ប៉ូលិស និងទាហានរបស់ប៉ាពូអាស៊ីនូវែលហ្គីណេ បានលើកគ្នាសម្រុកចូលទៅក្នុងអគាររដ្ឋសភា ដើម្បី ទាមទារប្រាក់បន្ថែមពីការងារដែលពួកគេបានបំពេញ នៅក្នុងកិច្ចប្រជុំកំពូល APEC។ វីដេអូរបស់សមាជិកសភា ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីកញ្ចក់ទ្វារ ហើយនិងសំភារៈ តុកៅអី នៅក្នុងរដ្ឋសភា ដែលត្រូវវាយបំផ្លាញ។ លោក Bryan Kramer អ្នកតំណាងរាស្រ្តម្ចាស់វីដេអូនៅលើបណ្តាញហ្វេសប៊ុក បានសរសេរថា នៅក្នុងពេលសម្រុកចូលទៅក្នុងរដ្ឋសភា បុគ្គលិកជាច្រើននាក់របស់រដ្ឋសភា ត្រូវបានក្រុមប៉ូលិសតវ៉ា វាយធ្វើបាប នៅក្នុងពេលប៉ះទង្គិចគ្នា នៅថ្ងៃនេះ។
តាមអ្នកតំណាងរាស្រ្តដដែល ប៉ូលិស និងទាហានប៉ាពូអាស៊ីនូវែលហ្គីណេបានលើកគ្នាសម្រុកចូលទៅក្នុងរដ្ឋសភា ដើម្បីបង្ហាញពីការខឹងសម្បាររបស់ពួកគេ នៅក្រោយពេលពួកគេត្រូវបានកោះប្រជុំជាមួយ រដ្ឋមន្រ្តីប៉ូលិស ដែលទទួលបន្ទុកលើការបង់ប្រាក់ពិសេស សម្រាប់បេសកកម្ម នៅក្នុងអំឡុងកិច្ចប្រជុំកំពូលAPEC។
សាក្សីម្នាក់ បាននិយាយប្រាប់អ្នកកាសែត របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ប៉ូលិស និងទាហានដែលប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភា និងស្រែកតវ៉ា ថា ពួកគេមិនបានទទួលបានប្រាក់បន្ថែម ៩០អឺរ៉ូ ដែល ថ្នាក់លើបានសន្យា សម្រាប់ការបំពេញការងារនៅក្នុងកិច្ចប្រជុំAPEC នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ អគ្គលេខាធិការAPEC លោកChris Hawkins បានអះអាង ថា គេត្រូវការពេលវេលាយ៉ាងហោច មួយសប្តាហ៍ នៅក្រោយការរៀបចំព្រឹត្តិការណ៍ធំៗណាមួយ ដើម្បី ទូទាត់ផ្ទេរប្រាក់ ទៅឲ្យភាគីដែលពាក់ព័ន្ធ។ សម្រាប់លោកChris Hawkins កិច្ចប្រជុំAPEC ទើបតែបញ្ចប់ទៅ តែ ២ថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងទៀត គេបានចាប់ផ្តើម ផ្ទេរប្រាក់បន្ថែម ទៅឲ្យបុគ្គលដែលបានបំពេញការងារនៅក្នុងអំឡុងកិច្ចប្រជុំ។ ដូច្នេះ ប៉ូលិស និងទាហានគួរតែពិនិត្យមើលគណនីធនាគាររបស់ខ្លួន សិន មុននឹងបញ្ចេញកំហឹង ខឹងសម្បារ នៅរដ្ឋសភា។
មានប្រជាជន ៨លាននាក់ ប៉ាពូអាស៊ីនូវែលហ្គីណេ ជាប្រទេសដ៏ក្រីក្រជាងគេបំផុត នៅក្នុងចំណោមប្រទេសសមាជិក APEC។ នៅក្នុងពេលដែលប្រទេសកំពុងជួបវិបត្តិខ្វះថវិកាសម្រាប់បើកឲ្យគ្រូបង្រៀន ហើយនិងការផ្ទុះឡើងវិញ នូវជម្ងឺស្វិតដៃជើង និងជម្ងឺគ្រុនចាញ់រដ្ឋាភិបាល ប៉ាពូអាស៊ីនូវែលហ្គីណេ ត្រូវបានរងការរិះគន់ខ្លាំង ពីក្រុមបក្សប្រឆាំង ហើយនិងប្រជាជន ក្នុងការចំណាយថវិកាសម្រាប់រៀបចំទទួលAPEC ហើយនិងរឿងចំណាយលុយរាប់ម៉ឺនដុល្លារ សម្រាប់ទិញ រថយន្តដ៏ទំនើប Maserati ដើម្បីដឹកមេដឹកនាំធំៗ ដែលជាភ្ញៀវ ដូចជា ប្រធានាធិបតីចិន លោកស៊ី ជីនពីងជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ