អានតួអត្ថបទ

នៅ​ឥណ្ឌូណេស៊ី ​Facebook ​ដក​ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ​ដែល​​ចំណាយ​​លុយ​​ដោយ​អង្គការ ឬ​ស្ថាប័ន​នៅ​បរទេស

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្រុមហ៊ុន Facebook បាន​ប្រកាស​ឲ្យ​ដឹងថា ចាប់​ពី​​ថ្ងៃ​អង្គារ ទី៥ មីនា ក្រុមហ៊ុន​នឹង​លុបសារ ហើយ​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​ដែល​អង្គការ ឬ​ស្ថាប័ន​នៅ​បរទេស​ជា​អ្នក​ចំណាយ​លុយ។ វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​លូកដៃ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​គ្រោង​រៀបចំ​នា​ខែ​មេសា​ខាង​មុខ។ គួរ​រម្លឹក​ថា បណ្តាញសង្គម​ពេញនិយម​ក្នុង​លោក​មួយ​នេះ​ធ្លាប់​បាន​សហភាពអឺរ៉ុប​ចោទ​ប្រកាន់​ពី​បទ​យឺតយ៉ាវ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ព័ត៌មានមិនពិត​លើគេហទំព័រ​របស់​ខ្លួន ពិសេស​កង្វះ​តម្លាភាព​ទាក់ទង​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ។

នៅ​ឥណ្ឌូណេស៊ី ​Facebook ​ដក​ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ​ដែល​​ចំណាយ​​លុយ​​ដោយ​អង្គការ ឬ​ស្ថាប័ន​នៅ​បរទេស
នៅ​ឥណ្ឌូណេស៊ី ​Facebook ​ដក​ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ​ដែល​​ចំណាយ​​លុយ​​ដោយ​អង្គការ ឬ​ស្ថាប័ន​នៅ​បរទេស REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

សារ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​ដែល Facebook លុបចោល និង​ដក​ចេញ គឺ​ជា​ខ្លឹមសារ​ដែល​រៀបចំ និង​ចំណាយ​លុយ​ដោយ​អង្គការ ឬ​ស្ថាប័ន​ដែល​មាន​ទីស្នាក់ការ​នៅ​បរទេស ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ គណបក្សនយោបាយ ឬ​មាន​គោលដៅ​លើកទឹកចិត្ត​អ្នកបោះឆ្នោត​ឲ្យ​បោះឆ្នោត​អនុបវាទ។ តែ Facebook បាន​បញ្ជាក់​ថា វិធានការ​នេះ​គ្រាន់​ជា​វិធានការ​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នា​ខែ​មេសា​ខាង​មុខ​ប៉ុណ្ណោះ។

គួរ​រម្លឹក​ថា​នា​ដំណាច់​ខែ​កុម្ភៈ​កន្លង​ទៅ គណៈកម្មការ​អឺរ៉ុប​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​មហា​ក្រុមហ៊ុន​អ៊ីនធឺណែត ឬ​ក្រុមហ៊ុន​បណ្តាញ​សង្គម​គ្រាក់ៗ​ដូច​យ៉ាង Google Facebook ឬ Twitter ពី​ភាព​អូសជើង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត ពិសេស​ពី​កង្វះ​តម្លាភាព​ទាក់ទង​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​នយោបាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ Facebook បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា មាន​ការ​លូកដៃ​ពី​បរទេស​ជួយ​ចំណាយ​នៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិកាំង ពិសេស​ពី​ប្រទេស​រុស្ស៊ី។

ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​រឿងរ៉ាវ​ដូច​គ្នា​នេះ​កើត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នា​ខែ​មេសា​ខាង​មុខ Facebook ត្រៀម​ខ្លួន​ប្រើ​កម្លាំង​មនុស្ស និង​បច្ចេកវិទ្យា​គ្រប់​យ៉ាង​ដើម្បី​តាម​លុប​សារ​ដែល​មិន​គោរព​ច្បាប់​ឥណ្ឌូណេស៊ី។ សូម​ជម្រាប​ថា ទន្ទឹម​នឹង​សារ​នយោបាយ រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ក៏​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ទប់​ស្កាត់​សារ​ញុះញង់​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​នៅ​តាម​បណ្តាញសង្គម​ពី​ពួក​ជ្រុលនិយម​ក្នុង​ស្រុក​ដែរ។ ក្រុង​ហ្សាការតា​កំពុង​បារម្ភ​ថា ការ​វាយប្រហារ​លើ​ជនជាតិ​ភាគតិច​សាសនា ឬ​ជនជាតិភាគតិច​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ឱ្យ​បែកបាក់​សង្គម​ឥណ្ឌូណេស៊ី​កាន់​តែ​ខ្លាំង​នា​ពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ខិត​ចូល​ជិត​មក​ដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ