ហុងកុង ត្រៀមប្រឈមនឹងបាតុកម្មផ្តាច់ព្រ័ត្រ ?!
ទោះបីចិនបានគំរាមដោយបញ្ជូនកម្លាំងយោធាមកដល់មាត់ទ្វារហុងកុងក្តី ក៏សកម្មជនប្រជាធិបតេយ្យ គ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទៀតនៅថ្ងៃចុងសប្តាហ៍នេះ ដើម្បីស្តារទំនុកចិត្តឡើងវិញ បន្ទាប់ពីរងការរិះគន់ខ្លាំង ចំពោះបាតុកម្មដ៏ហិង្សានៅក្នុងអាកាសយានដ្ឋាន កាលពីថ្ងៃអង្គារមក។ អាជ្ញាធរហុងកុងបានដាក់បម្រាមហាមឃាត់បាតុកម្មស្ទើរគ្រប់ទីកន្លែង បាតុករនៅតែជំនះធ្វើ... តើហុងកុងនឹងក្លាយទៅជាយ៉ាងណានៅចុងសប្តាហ៍នេះ ?!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
ប្រឈមនឹងស្ថានការណ៍បែបនេះ សំឡេងជាច្រើនបានលាន់លឺឡើង។ មហាសេដ្ឋីហុងកុងដ៏មានបំផុតជាងគេ លោក លី កាស៊ីង បានបញ្ចេញមតិតជាលើកទីមួយ អំពាវនាវឱ្យពលរដ្ឋហុងកុងបិទបញ្ចប់អំពើហិង្សា។ បុរសពីងពាងជាតិបារាំង ដែលឡើងជញ្ជាំងអាគារខ្ពស់ដោយប្រើដៃ និងគ្មានប្រដាប់ការពារ បានវារឡើងអាគារ Cheung Kong Center កម្ពស់៦៨ជាន់ កណ្តាលសង្កាត់ពាណិជ្ជកម្មរបស់ហុងកុង នៅថ្ងៃសុក្រនេះ ដើម្បីគ្រវីទង់ជាតិជានិម្មិត្តរូបនៃការផ្សះផ្សាជាតិរវាងចិននិងក្រុងស្វ័យតហុងកុង។
ពីទីក្រុងប៊ែរឡាំង លោកអៃវៃវៃ ដែលជាសកម្មជនប្រឆាំងរដ្ឋាភិបាលចិនម្នាក់ ធ្លាប់រងជាប់ឃុំឃាំងអស់រយៈពេល៨១ថ្ងៃ និងគ្មានលិខិតឆ្លងដែនប្រើរយៈពេលបួនឆ្នាំ យល់ថា អាចមានប្រវត្តិសាស្ត្រច្រំដែល។ ហុងកុងអាចនឹងក្លាយទៅជាទីលានធានអាន់មែនថ្មី ! គេមិនអាចមើលស្រាលស្ថានការណ៍បានឡើយ ! នេះជាការព្រួយបារម្ភរបស់វិចិត្រករ អៃវៃវៃ ដែលសំលឹងឃើញថាគ្មានដំណោះស្រាយអ្វីឱ្យវិបត្តិហុងកុងក្រៅអំពីការប្រើកម្លាំងបង្ក្រាបយ៉ាងហិង្សាទេ ! គ្មានទេការចរចា គ្មានទេការពិគ្រោះយោបល់ គ្មានទេការតស៊ូមតិ គ្មានឡើយច្រកចេញផ្សេងទេ របបកុម្មុយនិស្តមិនចេះធ្វើអ្វីផ្សេងក្រៅអំពីប្រើកម្លាំងប៉ូលិសនិងយោធាបង្ក្រាបឡើយ។ នេះបើតាមការព្យាកររបស់វិចិត្រករអៃ វៃវៃ។
ប៉េកាំងបានបង្ហើរសារគំរាម តាំងពីប៉ុន្មានមកហើយ អំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាបង្ក្រាបបាតុករដើម្បីស្តារសណ្តាប់ធ្នាប់សង្គម។ ជាងនេះទៅទៀត ប៉េកាំងក៏បានបញ្ជូនកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់មកឈរជើងនៅប្រមាណតែ៧គីឡូម៉ែត្រពីហុងកុង។ ប៉ុន្តែបើតាមសារព័ត៌មានជាតិនិយមចិនជាភាសាអង់គ្លេស Global Times ចេញផ្សាយនៅថ្ងៃ សុក្រនេះ អាចនឹងមានអន្តរាគមន៍យោធា តែប៉េកាំងនឹងមិនធ្វើឱ្យមានឧប្បត្តិហេតុ ដូចកាលពីថ្ងៃទី ៤មិថុនា ឆ្នាំ១៩៨៩ ឡើយ។ នេះបើតាមកាសែតកុម្មុយនិស្តចិនដដែល ដែលចង់ សំដៅលើការបង្រ្កាបចលនាបដិវត្តនិស្សិតនៅទីលាន ធានអាន់មែន កាលពី៣០ឆ្នាំមុន តែមិននិយាយឱ្យចំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ