អានតួអត្ថបទ
ហុងកុង

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ក្រុមអ្នកប្រជាធិបតេយ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដី

នៅ​ហុងកុង លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់​នា​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ដល់​ក្រុម​អ្នកប្រជាធិបតេយ្យ។ យោង​តាម​សារព័ត៌មាន​ហុងកុង ក្រុម​បេក្ខជន​មក​ពី​ចលនា​ប្រជាធិបតេយ្យ​ទទួល​បាន​អសនៈ​ដល់​ទៅ ៣៨៨ អសនៈ​ក្នុង​ចំនួន​អសនៈ​សរុប​ទាំង ៤៥២អសនៈ។ បើ​ធៀប​នឹង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ក្នុង​ឆ្នាំ ២០១៥ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទទួល​បាន​អសនៈ​បន្ថែម​ចំនួន ២៦៣អសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ ចំណែក​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មាន​ដល់​ទៅ​ជាង ៧១% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ៤ ១០០ ៣០០នាក់។ ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ថ្លែង​ច្បាស់ៗ​ថា រដ្ឋអំណាច​នឹង​ស្តាប់​តាម​មតិ​មហាជន។ ចំណែក​ចិន​ដីគោក​បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​លោកស្រី​ការី ឡាំ។

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ក្រុមអ្នកប្រជាធិបតេយ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដី
បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ក្រុមអ្នកប្រជាធិបតេយ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដី REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​បាន​បន្ត​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាំង​ពី ៦ខែ​កន្លង​មក។ បុព្វហេតុ​នោះ គឺ​សេរីភាព និង​ប្រជាធិបតេយ្យ​ដោយ​ទទូច​ឲ្យ​រដ្ឋអំណាច​កណ្តាល​នៅ​ចិនដីគោក​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​សម្រាប់​ដែនដី​ស្វយ័ត​ហុងកុង។ ពិត​ណាស់​ក្នុង​រយៈពេល ៦ខែ​កន្លង​ទៅ ហុងកុង​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​មួយ​យ៉ាង​ជ្រៅ​តាម​រយៈ​ក្បួន​បាតុកម្ម​បង្កប់​ដោយ​អំពើហិង្សា​គ្មាន​រលួស​ថ្ងៃ​របស់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ។

តែ​សម្រាប់​ពលរដ្ឋ​ហុងកុង​ទូទៅ​វិញ ពួក​គេ​បាន​ប្រើ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ដើម្បី​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ និង​ដើម្បី​ចង់​ព្រមាន​រដ្ឋអំណាច​ហុងកុង​ដែល​មាន​ទំនោរ​រក​ចិន​ដីគោក​ថា ពួក​គេ​មិន​ចង់​ឃើញ​ហុងកុង​ក្លាយ​ជា​រដ្ឋ​ប៉ូលិស និង​របប​ផ្តាច់ការ​ឡើយ។ លោក Wu Chi-wai ប្រធាន​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​ហុងកុង​បាន​បញ្ជាក់​ថា ដល់​ពេល​ដែល​រដ្ឋអំណាច​ហុងកុង​ត្រូវ​ប្រឈម​មុខ​នឹង​មតិមហាជន​ដោយ​ស្មោះត្រង់។ លោកស្រី​ការី ឡាំ​ដែល​ជា​ប្រមុខ​រដ្ឋអំណាច​ហុងកុង​មិន​បាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ តែ​បាន​ថ្លែង​ថា លោកស្រី​នឹង​ស្តាប់​តាម​មតិ​របស់​ប្រជាពលរដ្ឋ និង​យក​មតិ​នោះ​ទៅ​គិតគូរ​ដោយ​ម៉ត់ចត់​ជា​ទីបំផុត។

បញ្ហា​នៅ​ត្រង់​ថា លោកស្រី​ការី ឡាំ​មិន​បាន​លំអិត​បន្ថែម​លើ​អ្វី​ដែល​លោកស្រី​ចង់​ធ្វើ​នោះ​ទេ។ តែ​ក្រុមប្រឆាំង​បាន​រម្លឹក​ប្រាប់​លោកស្រី​ឲ្យ​ដោះស្រាយ​លើ​ការ​ទាមទារ​ចំនួន ៥ របស់​ពួក​គេ ពិសេស​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង និង​បើក​ការ​ស៊ើបអង្កេត​ស្តីពី​អំពើហិង្សា​របស់​ប៉ូលិស​លើ​ក្រុម​បាតុករ។ ប្រតិកម្ម​ពី​ចិនដីគោក​វិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​នា​រសៀល​ថ្ងៃ​ចន្ទ ទី២៥ វិច្ឆិកា​ថា ក្រុង​ប៉េកាំង​នៅ​បន្ត​គាំទ្រ​លោកស្រី​ការី ឡាំ​ជា​ប្រមុខ​ដឹកនាំ​ហុងកុង។

តើ​លទ្ធផល​បោះឆ្នោត​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ហុងកុង​វិវឌ្ឍ​ក្នុង​ផ្លូវ​ណា?។ លោក Willy Lam អ្នកវិភាគ​នយោបាយ​ហុងកុង​បាន​យល់​ឃើញ​ថា លទ្ធផល​នេះ​អាច​នឹង​ពន្លឿន​ការ​លា​ចុះ​ពី​តំណែង​របស់​លោកស្រី​ការី ឡាំ និង​ក៏​អាច​ធ្វើ​ឲ្យ​វិបត្តិ​កាន់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែម​ទៀត​ដែរ។ តាម​លោក Willy Lam ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​នឹង​ប្រើ​លទ្ធផល​បោះឆ្នោត​នេះ​ដើម្បី​បន្ត​ការ​តស៊ូ​កាន់​តែ​ខ្លាំង​ជាង​មុន។ តែ​គេ​ត្រូវ​ដឹង​ថា ចិនដីគោក​ក៏​នឹង​មិន​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ